ដើម​អំពិល​មួយ​ដើម ​រលំ​សង្កត់​លើ​រថយន្ត​ ខូច​អស់​៥​គ្រឿង​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

ដើម​អំពិល​មួយ​ដើម ​រលំ​សង្កត់​លើ​រថយន្ត​ ខូច​អស់​៥​គ្រឿង​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ



ភ្នំពេញ ​៖ យ៉ាងហោចណាស់​ក៏​មាន​រថយន្ត​ចំនួន​៥​គ្រឿង​ បាន​ទទួលរង​ការខូចខាត​យ៉ាង​ដំណំ ក្រោយ​ពី​មាន​ដើម​អំពិល​មួយ​ដើម​យ៉ាង​ធំ ​រលំ​មក​សង្កត់​ពី​លើ​នោះ ​ប៉ុន្តែ​ក្នុង​ករណី​នេះ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​១​និង​២០​នាទី​ នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌទួលគោក។

នៅមុន​ពេល​កើត​ហេតុនេះ ​នៅ​រាជធានី​ភ្នំពេញ ស្ទើរ​គ្រប់កន្លែង​មេឃ​បាន​ធ្លាក់​ភ្លៀង​មួយ​មេ​យ៉ាង​ធំ និង​លាយ​ឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​ផង​ដែរ។ ​នៅក្នុង​ខណៈ​ពេល​ភ្លៀង​ធ្លាក់​មិនបាន​ប៉ុន្មាន​នាទី​ផង​ក៏ បាន​បណ្ដាល​ឲ្យ​ដើម​អំពិល​មួយ​ដើម​ធំ នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រលំ​សង្កត់​ទៅលើ​រថយន្ត​ដែល​ចត នៅ​ក្បែរ​នោះ​អស់​៥​គ្រឿង​តែម្តង​ ប៉ុន្តែ​សំណាងល្អ​ក្នុង​ករណីនេះ​មិន​បណ្ដាល​ឲ្យ​មា​ន​គ្រោះថ្នាក់ ដល់​មនុស្ស​នោះ​ទេ ដោយហេតុថា នៅ​ពេល​មេឃ​ភ្លៀង​ធ្លាក់​ និង​មាន​ខ្យល់​នោះ មនុ​ស្ស​គ្រប់គ្នា​បាន​ចូល​ទៅ​ជ្រក​នៅក្នុង​អាគារ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​អស់​ទៅ​ហើយ។

ដើម​អំពិល​មួយ​ដើម​ធំ ​ដែល​រលំ​នេះ​មាន​អាយុកាល​ចូល​រយ​ឆ្នាំ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​វា​មិន​មាន​ឫស​កែវ​គ្រប់គ្រាន់​ ដើម្បី​ទ្រទ្រង់​ទម្ងន់​របស់​ខ្លួន លុះដល់​ពេល​មាន​ភ្លៀង​ធ្លាក់​១​មេ​ធំ ​និង​លាយ​ឡំ​ទៅ​ដោ​យ​ខ្យល់​កន្ត្រាក់​ផង​នោះ​ ទើប​ធ្វើ​ឲ្យ​រលំ​សង្កត់​ទៅលើ​រថយន្ត​ ដែល​ចត​នៅ​ក្បែរ​នោះ​អស់​៥​គ្រឿង​តែ​ម្តង​។​

ជុំវិញ​គ្រោះថ្នាក់​នេះ​ គេ​មិនទាន់​ដឹង​ថា ខាង​ណា​ជា​អ្នក​ចេញថ្លៃ​ខូចខាត​ទៅ​ម្ចាស់​រថយន្ត​នោះ​ទេ។​ តែ​កន្លងមក​ បើ​យានយន្ត​ណា​បុក​ដើមឈើ ដាច់ខាត​ម្ចាស់​យានយន្ត​នោះ ​ត្រូវតែ​សង​ការខូចខាត​ទៅ​រដ្ឋ៕