WHO ប្រកាស​ថា​ថៃ​ជាប្រទេសដំបូង​គេ​នៅ​អាស៊ី ដែល​អាច​លុបបំបាត់​ការឆ្លង HIV ពី​ម្តាយ​ទៅ​កូន​

​    ​យោងតាម​វេ​ប​សាយ CNN ចេញផ្សាយ​ថ្ងៃនេះ​បានឱ្យដឹងថា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​៨​ខែមិថុនា​ថា ប្រទេស​ថៃ បាន​ក្លាយជា​ប្រទេស​ទីមួយ​នៅ​អាស៊ី​ដែល​លុបបំបាត់​ការឆ្លង​មេរោគ HIV ពី​ម្តាយ​ទៅ​កូន​។ នេះ​ជាការ​សម្រេចបាន​ដ៏​ជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​។​

​    ​ការប្រកាស​នេះ​ជាការ​លើកទឹកចិត្ត​បន្ថែមទៀត​សម្រាប់​ក្រុមគ្រូពេទ្យ​និង​បុគ្គលិក​សុខាភិបាល​ថៃ​ដែល​បានប្រែក្លាយ​ប្រទេស​នេះ​ពី​ប្រទេស​ដែលមាន​ការឆ្លង​រាលដាល​មេរោគ HIV ដ៏​ខ្លាំង​បំផុត​ក្នុងចំណោម​ប្រទេស​ទាំងឡាយ​ដែលមាន​រោគ​ដ៏​កាច​សាហាវ​នេះ​ឱ្យទៅជា​ប្រទេស​ដ៏​គួរឱ្យ​សរសើរ​ក្នុងការ​ប្រយុទ្ធប្រឆាំង​វិបត្តិ​នេះ​។​

​    ​ដោយ​ចាត់ទុក​ការលុបបំបាត់​នេះ​ជា​សមិទ្ធផល​ដ៏​ធំធេង​មួយ​នោះ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ប្រទេស​ថៃ​បានបង្ហាញ​ទៅ​ពិភពលោក​ថា មេរោគ HIV អាច​ត្រូវបាន​កម្ចាត់​បាន​។​

​    ​ចំនួន​ទារក​ដែល​កើតមក​មាន​មេរោគ HIV នៅ​ប្រទេស​នេះ​បាន​ធ្លាក់ចុះ​ពី​ចំនួន​១.០០០​នាក់​នៅ​ឆ្នាំ​២០០០ មក​នៅត្រឹមតែ​៨៥​នាក់​ប៉ុណ្ណោះ​កាលពី​ឆ្នាំមុន​។ នេះ​ជា​ចំនួន​ធ្លាក់ចុះ​ដ៏​ច្រើន ដែលនាំឱ្យ​អង្គការ​សុខភាព​ពិភពលោក ប្រកាសថា​ការឆ្លង​មេរោគ HIV ពី​ម្តាយ​ទៅ​កូន​នៅក្នុង​ប្រទេសមួយ​នេះ​ត្រូវបាន​លុប​បាត់​៕

ប្រភព៖ CNN