អ្នក​ភូមិ​នៅ​ព្រះវិហារ​ចាប់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​ចិន​២​គ្រឿង

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ​ហ៊ាន​ទទួល​ខុស​ត្រូវ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន ដែល​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​អំពៅ នៅ​ក្នុង​ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ម្លូព្រៃ២ នៃ​ស្រុក​ឆែប បាន​លើក​គ្នា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន ដែល​ឈូស​ឆាយ​បំពាន​លើ​ដី​កម្មសិទ្ធិ​របស់​ពួកគេ​មក។

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ នៅ​ភូមិ​បុះ ឃុំ​ម្លូព្រៃ២ បាន​ប្រមូល​ផ្ដុំ​គ្នា​ព័ទ្ធ​ចាប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន រួយ ហ្វេង (Ruoy Feng) ចំនួន ២​គ្រឿង កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែ​មិថុនា។

ក្រុម​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​ចិន រួយ ហ្វេង បាន​យក​គ្រឿងចក្រ​ទាំង​ពីរ​គ្រឿង​នោះ​ទៅ​ឈូស​រំលោភ​ចូល​ដី​ព្រៃ​សហគមន៍​ដែល​គេ​រក្សាទុក និង​ដី​ស្រែ​ចម្ការ​ដែល​មាន​ប្លង់​រឹង​ខ្លះ​ទៀត។

ស្ត្រី​អ្នក​ភូមិ​បុះ ម្នាក់​ក្នុង​ចំណោម​ជា​ច្រើន​ទៀត គឺ​អ្នកស្រី ហេង ណាវី។ អ្នកស្រី​អះអាង​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៨ ខែ​មិថុនា ថា រូប​គាត់​និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត មិន​សប្បាយចិត្ត​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន រួយ ហ្វេង ដែល​យក​គ្រឿងចក្រ​ទៅ​ឈូស​រំលោភ​យក​ដី​ព្រៃ​សហគមន៍ និង​ដីស្រែ​ចម្ការ​ទេ។

​ស្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ពួកគាត់​បាន​រួម​គ្នា​ព័ទ្ធ​ចាប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន ២​គ្រឿង​មក​រក្សាទុក ហើយ​លុះ​ណា​តែ​អាជ្ញាធរ និង​ក្រុមហ៊ុន​ចិន ធ្វើ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​ដោះ​លែង​ទៅ​វិញ៖ «ទាមទារ​សុំ​តែ​ដី​នៅ​ខាង​ជើង​ផ្លូវ​ឱ្យ​បាន​វិញ​ទាំង​អស់​គ្រាន់​បាន​គោ ឬ​ក៏​មនុស្ស​ធ្វើ​ស្រែ​ចម្ការ។ សត្វ​ពាហនៈ រាល់ថ្ងៃ​អត់​មាន​កន្លែង​វាល​ស្មៅ​ទេ​អស់​ហើយ»

​អ្នក​ភូមិ​បុះ អះអាង​ថា ជា​ច្រើន​ខែ​មក​ហើយ​ក្រុមហ៊ុន​ចិន រួយ ហ្វេង តែង​ជញ្ជូន​គ្រឿងចក្រ​មក​ឈូស​ឆាយ​រំលោភ​ចូល​ដី​ព្រៃ​សហគមន៍ និង​ស្រែចម្ការ ប៉ុន្តែ​នៅ​ពេល​អ្នក​ភូមិ​តវ៉ា​ក៏​ដក​ថយ​មួយ​រយៈ ហើយ​នៅ​ពេល​អ្នក​ភូមិ​ភ្លេច​ខ្លួន​ក៏​ចូល​មក​ឈូស​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អភិបាល​ស្រុក​ឆែប ដែល​ចុះ​ទៅ​សម្របសម្រួល​ទំនាស់​លោក សុខ សានដារ៉ា អះអាង​ថា បញ្ហា​ដែល​អ្នក​ភូមិ​បុះ ព័ទ្ធ​ចាប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន​នោះ គឺ​ជា​រឿង​យល់​ច្រឡំ។ លោក​ថា តាម​ពិត​ក្រុមហ៊ុន​មិន​មាន​បំណង​រំលោភ​យក​ដី​ព្រៃ​សហគមន៍ និង​ដី​ស្រែ​ចម្ការ​ទេ គឺ​អ្នក​ម៉ៅការ​ឈូស​ឆាយ​ដី​ពី​ក្រុមហ៊ុន​ចិន ប៉ុណ្ណោះ ដែល​មិន​ដឹង​ផែនទី​ច្បាស់លាស់។

លោក សុខ សានដារ៉ា បញ្ជាក់​ថា រូប​លោក​បាន​សម្របសម្រួល​រួច​ហើយ ដោយ​សន្យា​ថា នឹង​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​ដើម្បី​ស្រាវជ្រាវ​និយាម​ផែនទី​ចុះ​វាស់​បោះ​បង្គោល​ព្រំ​ដី​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ប្លង់​ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន​ឈូស​នោះ ប្រគល់​ទៅ​ឱ្យ​អ្នក​ភូមិ​វិញ៖ «បញ្ហា​នេះ​គឺ​យើង​សម្របសម្រួល ហើយ​នឹង​បង្កើត​ក្រុម​ការងារ​មួយ​ឱ្យ​ចុះ​មក​ថ្ងៃ​សុក្រ​ខាង​មុខ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ រិះគន់​ថា ជា​ញឹកញាប់​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចិន លួច​ឈូស​ឆាយ​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ ហើយ​គេ​តាម​ទាន់ គឺ​តែង​តែ​មាន​អាជ្ញាធរ​ចេញ​មុខ​ទៅ​ដោះស្រាយ ដោយ​ឆ្លើយ​ថា ក្រុមហ៊ុន​មិន​មាន​បំណង និង​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ម៉ៅការ​ឈូស​ឆាយ​ទៅ​វិញ។

លោក ឡោ ចាន់ ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ក្នុង​រឿង​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ។

​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះវិហារ មាន​ក្រុមហ៊ុន​ចិន ចំនួន ២ ដែល​កំពុង​ឈូស​ឆាយ​ដី​ដាំ​អំពៅ ហើយ​បង្ក​ឱ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ ដូចជា​ក្រុមហ៊ុន ឡាន ហ្វេង (Lan Feng) នៅ​ស្រុក​ត្បែងមានជ័យ និង​ក្រុមហ៊ុន រួយ ហ្វេង នៅ​ស្រុក​ឆែប។

អាដហុក អំពាវនាវ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល គួរ​តែ​ទទួល​ដោះស្រាយ​បញ្ហា​ដែល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ទាំង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ឆន្ទៈ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។