ពលករ​ខ្មែរ​៦​នាក់​ស្លាប់​និង​១៨​នាក់​របួស​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថៃ

សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ (Bangkok Post) របស់​ថៃ រាយការណ៍​ថា ពលករ​ខ្មែរ​ខុស​ច្បាប់ ៦​នាក់​ស្លាប់ និង ១៨​នាក់​ទៀត​របួស​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នា​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាល​ពី​ម៉ោង ២​យប់ ថ្ងៃ​ទី​៨ ខែ​មិថុនា ខណៈ​រថយន្ត​ដឹក​ពលករ​ខុស​ច្បាប់​នោះ​ព្យាយាម​បើក​គេច​ពី​រថយន្ត​របស់​អាជ្ញាធរ​ថៃ។

សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ ដក​ស្រង់​សម្ដី​ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ​ សន សុភាព ដែល​នៅ​រស់​រាន​មាន​ជីវិត ប្រាប់​សមត្ថកិច្ច​ថៃ ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ខុស​ច្បាប់​ទាំង ២៤​នាក់ បាន​ឡើង​រថយន្ត​នៅ​ចំណុច​ផ្សារ​រ៉ុងក្លឿ ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​បាន​ប្រហែល ៧​គីឡូម៉ែត្រ ក៏​ឃើញ​រថយន្ត​សមត្ថកិច្ច​ថៃ មួយ​គ្រឿង​បើក​តាម​ពី​ក្រោយ។ ពលករ​ខ្មែរ​រូប​នោះ​បន្ត​ថា ដោយ​ខ្លាច​សមត្ថកិច្ច​ថៃ ឆែកឆេរ រថយន្ត​ក៏​បន្ថែម​ល្បឿន បណ្ដាល​ឲ្យ​បុក​បង្គោល​ភ្លើង រួច​ក៏​​ធ្លាក់​ប្រឡាយ​នៅ​តាម​ដង​ផ្លូវ​នោះ។

ពលករ​ឈ្មោះ សន សុភាព បន្ត​ថា រូប​លោក រួម​នឹង​ពលករ​មួយ​ចំនួន​ទៀត​បាន​ព្យាយាម​វារ​ចេញ​ពី​រថយន្ត ប៉ុន្តែ​នៅ​មាន​ពលករ​ជា​ច្រើន​ទៀត​ដែល​ជាប់​នៅ​ក្នុង​រថយន្ត​នោះ។

សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍ បញ្ជាក់​ថា សមត្ថកិច្ច​ថៃ កំពុង​ស៊ើប​អង្កេត​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។