យី​ឌុប​ដឹក​ស៊ីម៉ងត៍​ផ្ទុក​ធ្ងន់​ជាប់​ផុង ​បង្ក​ឲ្យ​ខូចខាត​ផ្លូវ​ក្រួស​ក្រហម​អស់​មួយ​ផ្នែក​

យី​ឌុប​ដឹក​ស៊ីម៉ងត៍​ផ្ទុក​ធ្ងន់​ជាប់​ផុង ​បង្ក​ឲ្យ​ខូចខាត​ផ្លូវ​ក្រួស​ក្រហម​អស់​មួយ​ផ្នែក​



ព្រះវិហារ ៖ កំណាត់​ផ្លូវ​ក្រួស​ក្រហម​១​ខ្សែ​ត​ភ្ជាប់​ ពី​ផ្លូវជាតិ​លេខ​៦២​ត្រង់​ឃុំ​ ឈានមុខ​ ស្រុក​ត្បែង​មានជ័យ​ ទៅកាន់​សាលាសង្កាត់​ប៉ា​លហាល​ ក្រុង​ព្រះវិហារ​ កំពុង​ទទួល​រង​ការបំផ្លាញ​ ដោយសារ​រថយន្ត​ធុន​យី​ឌុប​ ដឹក​ក្រួស​ថ្ម​ខ្សាច់​ និង​ស៊ីម៉ងត៍​លើស​ទម្ងន់​ចាប់ពី​២៥​តោន​​ រហូតដល់​៤០​តោន​នៅ​ក្នុង​ខេត្ត​ និង​ដឹកជញ្ជូន​មកពី​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ​ថែមទៀត​។

ផ្លូវ​ក្រួស​ក្រហម​១​ខ្សែ​នេះ​ ស្ថិត​នៅ​ក្រោមការ​មើលថែ​របស់​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ​និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ផង​ដែរ ​ប៉ុន្តែ​ហាក់​ដូចជា​មានការ​គ្រប់គ្រង​មើល​ថែទាំ​មិនបាន​ល្អ​នៅឡើយ​ទេ។ ការខូចខាត​ផ្លូវថ្នល់​នេះ​វា​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​រដ្ឋ​មួយ​ចំនួន​ធំ​ផង​ដែរ​សម្រាប់​ការ​ចំណាយ​ថែទាំ​ជួសជុល​ប្រចាំ​ឆ្នាំ​របស់​មន្ទីរ​ជំនាញ​ផ្លូវថ្នល់ ​និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ។

ជាក់​ស្តែង​រថយន្ត​យី​ឌុប​១​គ្រឿង​ដឹកជញ្ជូន​ស៊ីម៉ងត៍​ពេញ​ណែន​បាន​ជាប់​ផុង ​និង​បំផ្លាញ​ផ្លូវ​ក្រួស​ក្រហម​ខាងលើ​អស់​មួយ​ផ្នែក ​ដែល​ទើប​ស្ថាបនា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ប្រមាណ​ជា​២​ឆ្នាំ​មកនេះ​ ហើយ​ជា​ផ្លូវ​មួយ​សំខាន់​ផង​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​ធម្មជាតិ​ទំនប់​៩៥​ស្ថិត​ក្នុង​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ។

អ្នកបើកបរ​រថយន្ត​បង្ក​បាន​ឲ្យ​ដឹង​ថា រថយន្ត​ជាប់​ផុង ​ដោយសារ​ពេល​កំពុង​បើក​សុខៗ​វា​បាន​រអិល​កង់​រថយន្ត​ទៅ​ខាង​ឆ្វេង​ដៃ​ ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ល្ងាច​ថ្ងៃទី​០៧​ ខែមិថុនា​ ឆ្នាំ២០១៦​ម្សិល​មិញ​។ រថយន្ត​របស់​គាត់​ដឹក​ស៊ីម៉ងន៍​ចំនួន​២៥​តោន​មកពី​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ​យក​ទៅ​លក់​បោះ​ដុំ​ឲ្យ​ដេប៉ូ​គ្រឿងសំណង់​អតិថិជន​ នៅ​ក្បែរ​សាលាសង្កាត់​ប៉ាល​ហាល​ ចៃដន្យ​ក៏​ជាប់​ផុង​តែម្តង​។ អ្នកបើកបរ​រថយន្ត​បង្ក​និយាយ​ថា មិន​មាន​អាជ្ញាធរ​ណា​ម្នាក់​មក​សួរនាំ​នោះ​ទេ​តាំងពី​ម្សិលមិញ​រហូតមកដល់​រសៀល​ថ្ងៃទី​០៨ ខែ​មិថុនា​នេះ​៕

​ ​