៥​ខែ​ដើម​ឆ្នាំនេះ ​គយ​រក​ចំណូល​បាន​៧៦៣​លាន​ដុល្លារ​ កើន​ឡើង​ជាង​២២​ភាគរយ​

៥​ខែ​ដើម​ឆ្នាំនេះ ​គយ​រក​ចំណូល​បាន​៧៦៣​លាន​ដុល្លារ​ កើន​ឡើង​ជាង​២២​ភាគរយ​



ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ខែ ដើម​ឆ្នាំ​២០១៦ ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​ បាន​ប្រមូល​ពន្ធ និង​អាករ​ប្រមាណ​៧៦៣ លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជាង​២២% ធៀប​នឹង រយៈពេល​ដូចគ្នា​ នៃ​ឆ្នាំ​២០១៥​។

ដោយឡែក​បើ​គិត​នៅ​ក្នុង​ខែឧសភា​នេះ ​គយ​ប្រមូល​បាន​ជាង​១៤៦​លាន​ដុល្លារ​អាមេរិក មាន​កំណើន ប្រមាណ​១០% បើ​ធៀប​នឹង​ចំណូល ខែឧសភា ឆ្នាំ​២០១៥​កន្លងទៅ​។

លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​មានប្រសាសន៍​បែបនេះ​កាលពី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ និង​រដ្ឋាករ​ប្រចាំ​ខែឧសភា ឆ្នាំ​២០១៦ នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។ លោក គុណ ញឹម បាន​បន្ត​ឲ្យ​ដឹង​ថា ចំណូល​៥​ខែ ដើមឆ្នាំ​២០១៦​នេះ សម្រេចបាន​ប្រមាណ​ជា​៤៦% នៃ​ផែនការ​ចំណូល ដែល​បាន​កំណត់ ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦​។

លោក គុណ ញឹម បាន​បញ្ជាក់​ថា ​ការ​ប្រមូល​ពន្ធ​នៅ​កម្ពុជា​ វា​អាស្រ័យ​លើ​រដូវ​កាល​ដែរ​ដូចជា​ខែ​កុម្ភៈ​មានបុណ្យ​ច្រើន​ចំណូល​ក៏​ធ្លាក់​ចុះ​ទៅតាម​ហ្នឹង​ដែរ ​ខែមីនា​ កើន​ឡើង​វិញ​ខែ​ និង​ខែមេសា​ឈប់​ច្រើន​ចំណូល​ពន្ធ​ធ្លាក់​វិញ​។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​លោក​អគ្គនាយក​ក៏បាន​ជម្រាប ជូន​អង្គប្រជុំ​អំពី​ការវិភាគ​ចំណូល តាម​ក្រុម​ទំនិញ​សំខាន់ៗ តាម​ប្រភេទ​ពន្ធ និង​អាករ និង​និន្នាការ​នៃ​ការប្រែប្រួល ដែល​លទ្ធផល នៃ​ការវិភាគ​នេះ អាច​ប្រើប្រាស់​សម្រាប់ តាមដាន និង​គ្រប់គ្រង​ពង្រឹង​ការ​ប្រមូល​ចំណូល​ថែមទៀត​។ លទ្ធផល​ល្អ​នៃ​ការ​ប្រមូល​ពន្ធ និង​អាករ​ចូល​ថវិកាជាតិ ដែល​សម្រេច​បាន​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​នេះ គឺ​ដោយសារ​ការអនុវត្ត ដោយ​ខ្ជាប់ខ្ជួន​នូវ​ផែនការ សកម្មភាព​ការងារ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បាន​រៀបចំឡើង ដោយ​ឈរ​លើ​មូលដ្ឋាន យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម ២០១៤-២០១៨ របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​កំណែទម្រង់ និង​ទំនើបកម្ម​រដ្ឋបាល​គយ​កម្ពុជា​២០១៤-២០១៨។

ក្រៅពី​ការងារ​ប្រមូល​ចំណូល​ពន្ធ និង​អាករ​ចូល​ថវិកាជាតិ ដែល​ជា​ការងារ​ស្នូល លោក គុណ ញឹម បាន​លើកឡើង​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ ក្នុង​ខែឧសភា​កន្លងមក ដែល​ក្នុង​នោះ​មានការ​ទទួល និង​ដឹកនាំ កិច្ចប្រជុំ​អគ្គនាយក​គយ អាស៊ាន​លើក​ទី​២៥ កាលពី​ថ្ងៃទី​២៤-២៧​ ខែឧសភា ​ឆ្នាំ​២០១៦​។ ក្នុង​ពេល​កិច្ចប្រជុំ អគ្គនាយក​គយ​អាស៊ាន​នោះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏បាន​ឆ្លៀតពេល​ប្រជុំ​ទ្វេភាគី​ជាមួយ​គយ​ថៃ គយ​វៀតណាម គយ​ឡាវ គយ​ចិន គយ​កូរ៉េ និង​គយ​ជប៉ុន​ផង​ដែរ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​កិច្ចការ​គយ៕
៥​ខែ​ដើម​ឆ្នាំនេះ ​គយ​រក​ចំណូល​បាន​៧៦៣​លាន​ដុល្លារ​ កើន​ឡើង​ជាង​២២​ភាគរយ​