អតីត​អ្នក​បុរីកីឡា​នៅ​ភ្នំបាត​តវ៉ា​ទាមទារ​ទី​ជម្រក​សមរម្យ

អតីត​ពលរដ្ឋ​បុរីកីឡា ដែល​កំពុង​រស់​នៅ​តំបន់​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល ស្នើ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព និង​ការ​រស់​នៅ។ តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រម​ទទួល​លិខិត​របស់​ពលរដ្ឋ​ដើម្បី​ប្រគល់​ជូន​ថ្នាក់ដឹកនាំ​របស់​ក្រសួង តែ​លោក​មិន​ហ៊ាន​អះអាង​ចំពោះ​ការសម្រេច​បែប​ណា​នោះ​ទេ។

​ពលរដ្ឋ​ប្រមាណ ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ជួបជុំ​គ្នា​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ដាក់​លិខិត​សំណូមពរ​ទៅ​ដល់​រដ្ឋមន្ត្រី​ថ្មី គឺ​លោក ជា សុផារ៉ា។

​ក្នុង​លិខិត​សំណូមពរ ពលរដ្ឋ​ស្នើ​សុំ​ផ្លាស់ប្ដូរ​ទីលំនៅ​ពី​តំបន់​ភ្នំ​បាត មក​រស់​នៅ​ភូមិ​អណ្ដូង សង្កាត់​គោករកា និង​ប្រាក់ ៥​ពាន់​ដុល្លារ ឬ​ប្រាក់ ១​ម៉ឺន​ដុល្លារ ប្រសិនបើ​តម្រូវ​ឱ្យ​ពួកគេ​រស់​នៅ​តំបន់​ភ្នំ​បាត ជា​បន្ត​ទៀត​នោះ។

តំណាង​ពលរដ្ឋ​តំបន់​ភ្នំ​បាត គឺ​លោកស្រី គឹម សារ៉ាន់ ថ្លែង​ថា មូលហេតុ​ដែល​ពលរដ្ឋ​មក​ទាមទារ​ជម្រើស​សំណង​បន្ថែម​នេះ ដោយសារតែ​នៅ​ភ្នំ​បាត មិន​មាន​ទឹក​ស្អាត​ប្រើប្រាស់ ទីលំនៅ​សមរម្យ ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ពេល​ខ្លះ​ត្រូវ​ប្រឈម​នឹង​សត្វ​ពស់​ទៀត​ផង។

លោកស្រី​បន្ថែម​ថា កន្លង​មក​ពលរដ្ឋ​ទាំង ១៤០​គ្រួសារ​ធ្លាប់​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ រដ្ឋ​សភា និង​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​លទ្ធផល​ណា​មួយ​ចំពោះ​ពួកគាត់​ឡើយ៖ «ខ្ញុំ​ទៅ​រស់​នៅ​ហ្នឹង ៥​ឆ្នាំ​ទាំង​ឆ្នាំ​នេះ​ហើយ ហើយ​ទទួល​បាន​គោលការណ៍​ពី​ក្រុមហ៊ុន​ស៊ុយសុផាន តែ ១០០​ដុល្លារ​ទេ គ្មាន​ទទួល​បាន​ពី​អាជ្ញាធរ​ក្រុង ខណ្ឌ​ណា​ទាំង​អស់ ហើយ​ដី​ក៏​អត់​ទាន់​មាន​ប្លង់​ដែរ។ រាល់​ថ្ងៃ​ហ្នឹង​នៅ​ចាំ​ដី​ឱ្យ​ស៊ុយសុផាន អត់​មាន​អី​អភិវឌ្ឍន៍​ទេ មាន​តែ​ក្រ​ហើយ​ក្រ​ទៀត សូម្បី​តែ​ផ្ទះ​ខ្យល់​រលំ​ក៏​អត់​មាន​លុយ​ធ្វើ​ដែរ»

​អតីត​អ្នក​បុរីកីឡា ទាំង ១៤០​គ្រួសារ ត្រូវ​បាន​ជម្លៀស​ឱ្យ​ទៅ​រស់​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​ស្ថិត​នៅ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល បន្ទាប់ពី​ផ្ទះ​របស់​ពួកគេ​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​ឈូស​បំផ្លាញ​កាល​ពី​ឆ្នាំ​២០១២។

អ្នក​តវ៉ា​ម្នាក់​ទៀត វ័យ ៦៩​ឆ្នាំ លោកស្រី ងួន យ៉ាន ត្អូញត្អែរ​អំពី​ការ​ទ្រាំ​រស់នៅ​តំបន់​ភ្នំ​បាត រយៈពេល​ជិត ៥​ឆ្នាំ។ លោកស្រី​ថា ការ​រស់​នៅ​ទី​នោះ​ពិត​ជា​ពិបាក ពេល​ខ្លះ​លោកស្រី​ត្រូវ​សុំ​អាហារ​ពី​វត្តអារាម​ដើម្បី​ចិញ្ចឹម​ក្រពះ៖ «ខុស​គ្នា​កូន! បើ​រស់​នៅ​ភ្នំពេញ លក់​ត្រកួន​មួយ​កញ្ច្រែង​ក៏​ខ្ញុំ​រស់​ដែរ ដល់​ទៅ​នៅ​ទី​នោះ​ខ្ញុំ​អត់​មាន​អី​ហូប​ទេ ទៅ​រក​អី​បាន រក​អី​មិន​បាន​ទេ ឆ្ងាយ! មក​ផ្សារ​ឆ្ងាយ។ សព្វថ្ងៃ​នេះ​ជីវភាព​ខ្ញុំ​ទៅ​សុំ​បាយ​លោក​ទេ នៅ​ក្នុង​វត្ត​ទេ ខ្ញុំ​អត់​ខ្មាស​គេ​ទេ ព្រោះ​វា​អត់ ខ្ញុំ​សុំទាន​គេ សុំ​នៅ​ក្នុង​វត្ត»

​ពលរដ្ឋ​អះអាង​ថា ពួកគេ​មាន​ក្តី​សង្ឃឹម​ទៅ​លើ​រដ្ឋមន្ត្រី​ថ្មី គឺ​លោក ជា សុផារ៉ា ថា​ពិត​ជា​អាច​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​បាន។

​តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​មក​ទទួល​លិខិត​ពី​ពលរដ្ឋ គឺ​លោក អុល សុខយស អះអាង​ថា លោក​នឹង​ប្រគល់​សំណូមពរ​នេះ​ទៅ​ថ្នាក់ដឹកនាំ​របស់​ក្រសួង ប៉ុន្តែ​ការ​សម្រេច​បែប​ណា​នោះ គឺ​ស្ថិត​លើ​ថ្នាក់ដឹកនាំ​របស់​ក្រសួង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​ក្ា​េចក្ដី​ថ្លៃថ្នូ យើង​ខ្ញុំ​នឹង​ាយ​តែ​មតិ​ណា ដែល​មិន​​ប្មាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។