បង្ខំ​ក្មេង​អាយុ​​៦​ឆ្នាំ​​​ឲ្យ​ផឹកទឹក​មាន​សារធាតុ​ញៀន ​និង​ព្រួត​គ្នា​កាប់​ឪពុក​របស់​ក្មេង​នោះ​ របួស​សុសសាច់

បង្ខំ​ក្មេង​អាយុ​​៦​ឆ្នាំ​​​ឲ្យ​ផឹកទឹក​មាន​សារធាតុ​ញៀន ​និង​ព្រួត​គ្នា​កាប់​ឪពុក​របស់​ក្មេង​នោះ​ របួស​សុសសាច់



ពោធិ៍សាត់ ​៖​ ​អំពើ​ហិង្សា​មួយ​ បាន​កើត​ឡើង ​ផ្ដើម​ពី​​​ក្រុម​ញៀន​ថ្នាំ​មាន​គ្នា​ច្រើន​នាក់​បាន​ហៅ​កូនប្រុស​ អាយុ​០៦​ឆ្នាំ​ របស់​ជនរងគ្រោះ​ឲ្យ​ផឹកទឹក​​​សារធាតុ​ញៀន​ ធ្វើ​ឲ្យ​ជនរងគ្រោះ​​​ខឹង​ទៅ​រក​រឿង​ ស្រាប់តែ​ពួកគេ​កាប់​ប្រហារ​នឹង​ដាវ​សាំ​ម៉ូរ៉ៃ និង​វាយ​នឹង​ដំបង​របួស​សុសសាច់ ​ហើយ​ធ្លាយ​ពោះវៀន​រង​របួស​ធ្ងន់។
ហេតុការណ៍​ដ៏​សាហាវ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១២​នាទី​ល្ងាច​ ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​អូរ​បាក់​ត្រា ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

លោក វង សា​វ៉េ​ត អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ប្រាប់​កម្ពុ​ជា​ថ្មី​​​ថា ជនរងគ្រោះ មានឈ្មោះ វ៉ាន់ ចាន់​រី ហៅ​ពឿ​ន អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។

លោក​បាន​ប្រាប់​ជាបឋម​ក្នុង​ករណី​ហិង្សា​ចេតនា​ដ៏​សាហាវ​នេះ​ថា មុន​ពេល​កើតហេតុ​ក្រុម​ជនដៃដល់​ខាងលើ​ បាន​ហៅ​ក្មេង​ប្រុស​អាយុ​០៦​ឆ្នាំ​ត្រូវជា​កូន​ជនរងគ្រោះ ​ឈ្មោះ​វ៉ា​ន់ ចាន់​រី ហៅ​ពឿន បង្ខំ​ឲ្យ​ផឹកទឹក​ដែល​ពួកគេ​ប្រើប្រាស់​សារធាតុ​ញៀន នៅ​ភូមិ​កើតហេតុ​ខាងលើ​នោះ។ លុះ​ជនរងគ្រោះ​ជា​ឪពុក​ក្មេង ​​ដឹង​រឿង​នេះ​ក៏​បាន​ដើរ​ទៅ​ចំណុច​កើតហេតុ​នោះ រករឿង​ពួកគេ​ដែល​ជា​ក្រុម​ជនសង្ស័យ ក៏ត្រូវ​ពួកគេ​ប្រើ​ដាវ​សាំម៉ូរ៉ៃ និង​ដំបង ​វាយ​ និង​កាប់​ជនរងគ្រោះ របួស​សុសសាច់ ព្រម​ទាំង​កាប់​ធ្លាយ​ពោះវៀន​រង​របួស​ធ្ងន់ ​​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​តែម្ដង។

ក្រោយពេល​ទទួល​ព័ត៌មាន​​​​​នេះ​ភ្លាម ​សមត្ថកិច្ច​​​ក៏​បាន​ទៅដល់​កន្លែង​កើតហេតុ ស្រាវជ្រាវ​​​ឈាន​ដល់​ការ​ឃាត់ខ្លួន​​​​​​​​បក្សពួក​ជនដៃដល់​ចំនួន​៣​នាក់​ ១,​ឈ្មោះ​មាក លី​ហៅ​ឃ្លី​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ២,​ឈ្មោះ​ញ៉ាក់ រួន​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ៣,​ឈ្មោះ​បាន ចាន់ថន​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ អ្នក​ទាំងបី​រស់នៅ​ភូមិ​កើតហេតុ​ជាមួយ​ជនរងគ្រោះ។ ដោយឡែក​ជនដៃដល់​ និង ​បក្សពួក​មួយចំនួនទៀត​រត់​គេច​ខ្លួន ហើយ​ករណី​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ចាប់​តាម​ចាប់ខ្លួន៕