ណាហ្គា​វើ​ល​បេះដូង​សប្បុរស ប្រគល់​រង្វាន់​ថវិកា​ដល់​ជ័យ​លាភី​ក្នុង​កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស

ណាហ្គា​វើ​ល​បេះដូង​សប្បុរស ប្រគល់​រង្វាន់​ថវិកា​ដល់​ជ័យ​លាភី​ក្នុង​កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស



​កណ្តាល​ ៖ ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ផ្តួច​ផ្តើម​បង្កើត​កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស ដើម្បី​ជួយ​ពង្រឹង​ជំនាញ​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស​សម្រាប់​សិស្សានុសិស្ស​តាំងពី​ឆ្នាំ ២០១៤ បន្ថែម​លើ​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​។ កាលពី​ថ្ងៃ​ទី ០៤ មិថុនា ២០១៦ ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ប្រគល់​រង្វាន់​ថវិកា​ដល់​ជ័យលាភី​ក្នុង​កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស នៅ​សាលា​អនុវិទ្យាល័យ ហ៊ុនសែន ជ័យ​ធំ ស្ថិតក្នុង​ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ មាន​ជ័យ​លាភី​ចំនួន ៨ រូប ដែល​បានឈ្នះ​ក្នុង​កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស​នេះ​។

លោក សាត សាវឿន នាយក​សាលា​អនុវិទ្យាល័យ ហ៊ុនសែន ជ័យ​ធំ បាន​មានប្រសាសន៍ថា “​ថ្ងៃនេះ យើង​មាន​កិត្តិយស​ណាស់​ដែល​ឃើញ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​មក​ទីនេះ ដើម្បី​ប្រគល់​រង្វាន់​ថវិកា​ដល់​ជ័យលាភី​ទាំងអស់​។ ក្នុងឱកាស​នេះ​ដែរ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ណាហ្គា​វើ​ល​ដែល​បាន​ផ្តួច​ផ្តើម​បង្កើត​កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​នេះ​ឡើង ដើម្បី​លើកទឹកចិត្ត​សិស្សានុសិស្ស​ឲ្យ​ខិតខំ​សិក្សា​ភាសា​អង់គ្លេស​។ ជ័យលាភី​ទាំងអស់​បាន​ទទួល​រង្វាន់​ថវិកា ដែល​ឧបត្ថម្ភ​ដោយ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​។ វា​គឺជា​រង្វាន់​ថវិកា​ដ៏​ច្រើន​សម្រាប់​អ្នកឈ្នះ​។ វា​គឺជា​កម្មវិធី​លើកដំបូង​ហើយ​សម្រាប់​សាលា​របស់​យើង​។ វា​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​សិស្ស​របស់​យើង​ក្នុង​ការរៀន​ជំនាញ​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស​។ តាមរយៈ​ការចេះ​ភាសា​នេះ សិស្សានុសិស្ស​នឹង​កាន់តែ​មានឱកាស​ជោគជ័យ​ច្រើន​ទៅ​ថ្ងៃ​អនាគត​។

សិស្សានុសិស្ស​យើង​បាន​ព្យាយាម​សិក្សា​រៀនសូត្រ​ជាង​មុន​ដើម្បី​ទទួលបាន​រង្វាន់​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការផ្តល់​នូវ​ឱកាស​ដល់​សិស្ស​របស់​យើង​។ យើងខ្ញុំ​សង្ឃឹមថា ណាហ្គា​វើ​ល​បេះដូង​សប្បុរស នឹង​រៀបចំ​កម្មវិធី​នេះ​ទៀត​សម្រាប់​សាលា​របស់​យើង​នាពេល​អនាគត​”​។

​វុ​ធ វ៉ា​រ៉ា​ឌី ជ័យលាភី​លេខ​១ បាន​និយាយថា “​ខ្ញុំ​ស្ទើរតែ​យំ ពីព្រោះ​ខ្ញុំ​បានទទួល​រង្វាន់​ថវិកា​ចំនួន ៤០០.០០០,០០​រៀល វា​ពិតជា​ចំនួន​ថវិកា​ដ៏​ច្រើន​សម្រាប់​កុមារ​ក្រីក្រ​ដូចជា​រូបខ្ញុំ​។ ខ្ញុំ​មកពី​គ្រួសារ​ក្រីក្រ ហើយ​ជូន​ពេលខ្លះ​ខ្ញុំ​មិនមាន​លុយ​ទិញ​សម្ភារ​សិក្សា​ទេ​។ ខ្ញុំ​នឹង​ប្រើ​ថវិកា​នេះ​ដើម្បី​ទ្រទ្រង់​គ្រួសារ និង​ការសិក្សា​របស់ខ្ញុំ​។ កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស ដែល​បានរៀបចំ​ដោយ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស គឺ​ពិតជា​កម្មវិធី​មួយ​ដ៏​មាន​សារសំខាន់​ណាស់​សម្រាប់​ពួក​យើង ពីព្រោះ​វា​គឺជា​កម្មវិធី​ថ្មី​មួយ ហើយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​។ ខ្ញុំ​បាន​ព្យាយាម​សិក្សា​រៀន​សូត្រ​ជាង​មុន និង​បាន​សិក្សា​ស្រាវជ្រាវ​នៅ​បណ្ណាល័យ​ផងដែរ​។ តាមរយៈ​កម្មវិធី​នេះ ខ្ញុំ​ដឹង​ពី​របៀប​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស​ឲ្យ​បានល្អ​ប្រសើរ​។

ប្រសិនបើ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​មិនបាន​ផ្តល់ឱកាស​នេះ​សម្រាប់​ពួកយើង​ទេនោះ យើង​ក៏​នឹងមិន​ដឹង​អំពី​របៀប​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស​ដែរ​។ ខ្ញុំ​នឹង​ព្យាយាម​អាន និង​សរសេរ​បន្ថែម ដើម្បី​ពង្រឹង​ជំនាញ​សរសេរ​របស់ខ្ញុំ​។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ណាហ្គា​វើ​ល​យ៉ាង​ជ្រាលជ្រៅ​សម្រាប​គំនិត​ផ្តួចផ្តើម​ក្នុងការ​លើកទឹកចិត្ត​ពួកយើង​ឲ្យ​ខិតខំ​រៀន​ភាសា​អង់គ្លេស និង​ជាពិសេស​រង្វាន់​ថវិកា​ដែល​បាន​ឧបត្ថម្ភ​ដោយ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស គឺ​ពិតជា​ចំនួន​ដ៏​ច្រើន​សម្រាប់​រូបខ្ញុំ​”​។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណាហ្គា​វើ​ល បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​អបអរសាទរ​ដល់​ជ័យលាភី​ទាំងអស់​ក្នុង​កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស និង​សូម​ឲ្យ​អ្នក​ដែល​មិន​បាន​ឈ្នះ​រង្វាន់​នៅ​ពេល​នេះ នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​នាពេល​អនាគត​។ ខ្ញុំ​ជឿជាក់ថា ការអនុវត្តន៍​នាំមក​នូវ​ការរីកចម្រើន និង​ភាពល្អប្រសើរ​ឥតខ្ចោះ​។ ការបន្ត​ការអនុវត្តន៍ នឹង​អាចជួយ​ឲ្យ​សមត្ថភាព​ភាសា​អ្វី​ក៏ដោយ​ដែល​យើង​ចង់​រៀន​កាន់តែ​ប្រសើរឡើង​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិស្សានុសិស្ស​នឹងមិន​បោះបង់ ហើយ​ថែមទាំង​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​សរសេរ​បន្ថែម​ទៀត​។ យើង​មាន​ភាព​រីករាយ​ដែល​ឃើញ​សិស្ស​ចំនួន ៣៧១ នាក់ មានការ​ចាប់អារម្មណ៍ និង​បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​នេះ​។ លទ្ធ​ផល​ដែល​ទទួលបាន គឺ​ពិតជា​បាន​ជំរុញ​ទឹកចិត្ត​ខ្លាំងណាស់ ហើយ​យើង​ក៏បាន​ធ្វើការ​វាយតម្លៃ​ទៅលើ​ចំណាប់អារម្មណ៍​របស់​សិ​ស្ស​ក្នុង​ការរៀន​ភាសា​អន្តរជាតិ​មួយ​នេះ​។ វុ​ធ វ៉ា​រ៉ា​ឌី បានឈ្នះ​រង្វាន់​លេខ​មួយ ហើយ​នាង​បានទទួល​រង្វាន់​ថវិកា​ចំនួន ៤០០.០០០,០០ រៀល​ប័ណ្ណសរសើរ​មួយ​សន្លឹក ព្រមទាំង​សម្ភារ​សិក្សា​ទៀតផង​។ រង្វាន់​លេខ ២ និង​៣ បាន​ទៅលើ ធា សុជាតា និង ស្រៀ​ង ឈាវ​អៀង​។ ពួកគេ​បានទទួល​រង្វាន់​ថវិកា ប័ណ្ណសរសើរ​មួយ​សន្លឹក ព្រមទាំង​សម្ភារ​សិក្សា​ផងដែរ​។ កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​នេះ គឺជា​ការប្រកួតប្រជែង​លើក​ទី ៣ ហើយ ហើយ​យើង​មាន​គម្រោង​នឹងធ្វើ​បន្ថែមទៀត​នាពេល​អនាគត ព្រោះ​កម្មវិធី​នេះ​មាន​ប្រយោជន៍​ក្នុងការ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មានការ​ចាប់​អារម្មណ៍​ក្នុង​ការរៀន​ភាសា​អង់គ្លេស​”៕

ណាហ្គា​វើ​ល​បេះដូង​សប្បុរស ប្រគល់​រង្វាន់​ថវិកា​ដល់​ជ័យ​លាភី​ក្នុង​កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស ណាហ្គា​វើ​ល​បេះដូង​សប្បុរស ប្រគល់​រង្វាន់​ថវិកា​ដល់​ជ័យ​លាភី​ក្នុង​កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស