មេ​សហជីព​ទេសចរណ៍​ម្នាក់​និង​បក្ខពួក​ ត្រូវ​បាន​នាយក​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​ប្តឹង​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាដំបូង​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ និយោជិត​វិស័យ​ទេសចរណ៍​ និង​សេវាកម្ម​កម្ពុជា​(CTSWF)​ម្នាក់​ គឺ​លោក​ ម៉​ម​ រិ​ទ្ធី​ និង​បក្ខពួក​ ត្រូវ​បាន​នាយក​សណ្ឋាគារ​ Victoria​ Angkor​ Resort​ &​ Spa​ ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ ឋិត​នៅ​ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ដាក់​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ ដោយ​ប្តឹង​ចោទប្រកាន់​ពី​បទ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៦​ នៅ​មុខ​បរិវេណ​សណ្ឋាគារ​ ក្នុង​ហេតុការណ៍​កូដកម្ម​-​បាតុកម្ម​ដែល​ផ្ទុះ​ចេញពី​វិវាទ​ការងារ​រវាង​ភាគី​និយោជក​ និង​ភាគី​បុគ្គលិក​ និយោជិត​សណ្ឋាគារ​ ។​

​លោក​ ម៉​ម​ រិ​ទ្ធី​ ដែល​ល្បីឈ្មោះ​ជា​ជន​មិន​ខ្លាចញញើត​នឹង​ការ​ប្តឹងផ្តល់​ ឬ​ចាប់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​នោះ​ គឺជា​បុរស​មាន​សម្ព័ន្ធភាព​ជាមួយ​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​(CLC)​ ។​

​និយោជិត​សណ្ឋាគារ​ Victoria​ Angkor​ Resort​ &​ Spa​ ម្នាក់​បាន​និយាយ​ឲ្យ​ដឹង​ថា​ វិវាទ​ការងារ​បាន​កើត​មាន​ឡើង​រវាង​ភាគី​និយោជក​ និង​ភាគី​បុគ្គលិក​ និយោជិត​សណ្ឋាគារ​ Victoria​ Angkor​ Resort​ &​ Spa​ ដឹកនាំ​ដោយ​លោក​ ម៉​ម​ រិ​ទ្ធី​ នៅ​ពីក្រោយ​ខ្នង​ ចាប់តាំងពី​អំឡុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ រហូត​ដោះស្រាយ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ផង​ និង​មាន​សំណុំរឿង​ដល់​ស្ថាប័ន​តុលាការ​ផង​ ។​ កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​រហូត​ដល់​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៦​ ភាគី​បុគ្គលិក​ និយោជិត​សណ្ឋាគារ​មួយ​ចំនួន​តូច​ ធ្លាប់​បាន​ធ្វើ​កូដកម្ម​-​បាតុកម្ម​ប្រឆាំង​នឹង​អ្នកគ្រប់គ្រង​សណ្ឋាគារ​រួច​ម្តង​មក​ហើយ​ បន្ទាប់​ពី​ភាគី​និយោជក​សណ្ឋាគារ​បាន​ប្តឹង​ជំទាស់​នឹង​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ និង​ក៏​ត្រូវ​បាន​សាលាដំបូង​ខេត្តសៀមរាប​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​បង្គាប់​ឲ្យ​ភាគី​កូដ​ករ​-​បាតុករ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​-​បាតុកម្ម​ ។​ ក្រោយមក​ នៅ​ក្នុង​សេចក្តី​បង្គាប់​លេខ​០៤២/១៦​ ចុះ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦​ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ត្រូវ​បាន​ខាង​ភាគី​និយោជក​សណ្ឋាគារ​បង្ហាញ​នូវ​ជំហរ​ចូលរួម​អនុវត្តន៍​បើក​ផ្តល់​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូន​បុគ្គលិក​ និយោជិត​ តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ តែ​ត្រូវ​ខាង​ភាគី​បុគ្គលិក​ និយោជិត​មួយ​ចំនួន​ដឹកនាំ​ដោយ​លោក​ ម៉​ម​ រិ​ទ្ធី​ ប្តឹង​ជំទាស់​ រួច​ហើយ​ប្រើប្រាស់​សិទ្ធិ​ធ្វើ​កូដកម្ម​-​បាតុកម្ម​ប្រឆាំង​នឹង​ភាគី​និយោជក​សណ្ឋាគារ​ថែម​ទៀត​ ជា​ហេតុ​ធ្វើ​ឲ្យ​ខាង​ភាគី​និយោជក​សម្រេច​ប្តឹង​ទៅ​ស្ថាប័ន​តុលាការ​ដោះស្រាយ​ជា​សមត្ថកិច្ច​ចុង​ក្រោយ​តែ​ម្តង​ ។​

​មិន​ទាន់​ដឹង​ថា​ តើ​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តសៀមរាប​នឹង​ចាត់ការ​យ៉ាងណា​ទៅ​លើ​អំពើ​របស់​លោក​ ម៉​ម​ រិ​ទ្ធី​ ឬ​ក៏​ខ្លបខ្លាច​នឹង​ចរិត​ក្អេងក្អាង​របស់​លោក​ ម៉​ម​ រិ​ទ្ធី​ នៅឡើយ​ទេ​ ៕​

មេ​សហជីព​ទេសចរណ៍​ម្នាក់​និង​បក្ខពួក​ ត្រូវ​បាន​នាយក​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​ប្តឹង​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​

Related