លោក នុត ពុធ​ដា​រ៉ា ចុះ​ពិនិត្យ​គម្រោង​ជួសជុល​ផ្លូវ​បេតុង និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភូមិ​តា​ឡី សង្កាត់​ដង្កោ

លោក នុត ពុធ​ដា​រ៉ា ចុះ​ពិនិត្យ​គម្រោង​ជួសជុល​ផ្លូវ​បេតុង និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភូមិ​តា​ឡី សង្កាត់​ដង្កោ



ភ្នំពេញ​ ៖ ​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដង្កោ​បាន​ដឹកនាំ​មន្ត្រីរាជការ​សាលា​ខណ្ឌ សង្កាត់ ចុះ​ពិនិត្យ​គម្រោង​ជួសជុល​ផ្លូវ​បេតុង ១​ខ្សែ ប្រវែង ២៣០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ តភ្ជាប់​ពី​ផ្លូវ​២១៧ ចូល​ក្នុង​ភូមិ​តា​ឡី និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភូមិ​តា​ឡី សង្កាត់​ដង្កោ រាជ​ធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ លោក​អភិបាល ក៏បាន​ផ្តាំ​ផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​អាជីវកម្ម​នា​នា​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ សូម​មេត្តាជួយ​ថែរក្សា​ផ្លូវ​នេះ​ឲ្យ​បាន​ល្អ​ទាំងអស់​គ្នា ចៀសវាង​ការដាក់​តាំងរបស់​លក់​ដូរ ឬ​ចត​យានជំនិះ នៅលើ​ចំណី​ផ្លូវ ដែល​នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍ និង​បាត់បង់​សណ្តាប់​ធ្នាប់​ផង​ដែរ។

ជា​មួយ​គ្នា​នេះ​លោក​អភិបាល​ក៏បាន​លើកឡើង​អំពី​ការ​អភិវឌ្ឍ​រីកចម្រើន ជីវភាព​ប្រជាពលរដ្ឋ​ធូរធារ អាច​ប្រកបមុខរបរ​ទទួលទាន​នានា ព្រមទាំង​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ពាំនាំ​ការ​យក​ចិត្ត​ទុកដាក់រ​ប​ស់លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ចំពោះ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការងារ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ផងដែរ។

បងប្អូន​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​អំណរ​សាទរ និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ដែល​តែងតែ​គិតគូរ និង​យកចិត្តទុកដាក់​ដល់​ការលំបាក​របស់​ពួកគាត់​នៅក្នុង​មូលដ្ឋាន ព្រមទាំង​ទទួលយក​នូវ​អនុសាសន៍​របស់​លោក​អភិបាល ដើម្បី​រក្សាបាន​នូវ​សោ​ភណ្ឌ​ភាព ព្រមទាំង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ទាំងអស់គ្នា៕