មេធាវី​បក្សប្រឆាំង នឹង​ពិភាក្សាគ្នា​ដើម្បី​ស្នើ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ បកស្រាយ​ពី​អភ័យឯកសិទ្ធិ​ និពន្ធដោយ : ម៉ៅ សុផា       June-08-2016, 10:19 pm         192

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេធាវី​បក្សប្រឆាំង នឹង​ពិភាក្សាគ្នា​ដើម្បី​ស្នើ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ បកស្រាយ​ពី​អភ័យឯកសិទ្ធិ​​ភ្នំពេញ​៖ ក្នុង​រយៈពេល​ចុងក្រោយ​នេះ តំណាងរាស្ត្រ​បក្សប្រឆាំង​មួយចំនួន រួមទាំង​សម​ជិ​ក​ព្រឹទ្ធសភា​ផង កំពុងតែ​ប្រឈមមុខ​នឹង​តុលាការ​។ ក្រុម​មេធាវី​បក្សប្រឆាំង អះអាងថា វិធានការ​របស់​តុលាការ រំលោភ​រដ្ឋធម្មនុញ្ញ ដូច្នេះ​ពួកគេ គ្រោង​ស្នើ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ បកស្រាយ​ពី​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​។​

​បន្ទាប់ពី​តុលាការ មាន​ចំណាត់ការ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី កន្លងមក ភាគី​ជាច្រើន បាន​​ប្រទូស្តប្រទាំងដាក់គ្នា ក្នុងការ​បកស្រាយ​ពី​មាត្រា​៨០ និង​១០៤ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ពី​អភ័យឯកសិទ្ធិ​របស់​ស​មា​ជិ​ក​រដ្ឋសភា​និងសមាជិក​ព្រឹទ្ធសភា​។ ភាគី​រដ្ឋាភិបាល អះអាងថា ការអនុវត្ត​ច្បាប់​របស់​តុលាការ ទៅលើ​តំណាងរាស្ត្រ​បក្ស​ប្រ​ឆាំង និង​សមាជិក​ព្រឹទ្ធសភា គឺ​សមស្រប​នឹង​រដ្ឋធម្មនុញ្ញ​។ រីឯ​ភាគី​បក្សប្រឆាំង រួមទាំង​អ្នកវិភាគ​និង​អ្នកច្បាប់​ខ្លះ បែរជា​យល់ថា តុលាការ កំពុង​បំពាន​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​ទៅវិញ​។

​ដោយឡែក ក្រុម​មេធាវី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ស្នើ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​បកស្រាយ​ពី​អភ័យឯកសិទ្ធិ​នេះ​។ មាត្រា ១៣៦ នៃ​រដ្ឋធម្មនុញ្ញ ចែងថា​៖«​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សមត្ថ​កិច្ចធានា​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ​»​។​

​លោក ជូ​ង ជូ​ងី មេធាវី​មួយរូប​របស់​បក្សប្រឆាំង បាន​លើកឡើងថា មូលហេតុ​ដែល​សហ​មេធា​វី ចង់​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​ពី​អភ័យឯកសិទ្ធិ ដោយសារតែ ការអះអាង​ពី​ស្ថាប័ន​មួយចំនួន មាន​ភាពខុសគ្នា ហើយ​មិន​យល់​ស្របគ្នា​ត្រង់ចំណុច​នេះ​។ ប៉ុន្តែ លោក មិនទាន់​អាច​បញ្ជាក់​បានទេ ថា​ក្រុម​មេធាវី​នឹង​រៀបចំ​ឯកសារ ដើម្បី​ស្នើ​ទៅកាន់​ក្រុម​ប្រឹក្សាធម្មនុញ្ញ​នៅពេលណា​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ជូ​ង ជូ​ងី បាន​បន្តថា ក្រុម​របស់លោក ត្រូវ​ជជែក​គ្នា​ឲ្យ​បានច្បាស់លាស់​ជាមុនសិន មុននឹង​សម្រេច​ក្នុង​ការស្នើ​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ​។ លោក​មេធាវី​រូបនេះ បានបញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​មិនទាន់​អាច​ជម្រាប​ពី​បញ្ហា​ហ្នឹង​បានទេ គឺ​លុះត្រាតែ​ក្រុម​ខ្ញុំ​ពិភាក្សាគ្នា​ឲ្យ​បាន​ល្អិតល្អន់ តទៅទៀត​។ [……] តែ​យើង​អាច អាច​នឹង​ស្នើ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​»​។ 

​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ ត្រូវ​បានចែង​ក្នុង​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ថា​៖«​តំណាងរាស្ត្រ មាន​អភ័យឯកសិទ្ធិសភា​។ តំណាងរាស្ត្រ​រូប​ណាក៏ដោយ មិនអាច​ត្រូវបាន​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន ដោយហេតុ​ពី​បាន​សំដែង​យោបល់ ឬ​បញ្ចេញមតិ ក្នុងការ​បំពេញ​មុខងា​រ​របស់ខ្លួន​សោះឡើយ​។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ​ការឃុំខ្លួន សមាជិក​ណាមួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើទៅកើត លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​»​។​

​ដោយឡែក អភ័យឯកសិទ្ធិ​របស់​សមាជិក​ព្រឹទ្ធសភា មាន​លក្ខណ​ដូចនឹង​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ ដែរ​។ មាត្រា ១០៤ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា​៖«​សមាជិក​ព្រឹទ្ធសភា មាន​អភ័យឯកសិទ្ធិសភា​។ សមាជិក​ព្រឹទ្ធសភា​រូប​ណាក៏ដោយ មិនអាច​ត្រូវបាន​ចោទប្រកាន់​ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន ដោយហេតុ​ពី​បាន​សំដែង​យោបល់ ឬ​បញ្ចេញមតិ​ក្នុងការ​បំពេញ​មុខងារ​របស់ខ្លួន​សោះឡើយ​។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ​ការឃុំខ្លួន​សមាជិក​ណាមួយ នៃ​ព្រឹទ្ធសភា នឹង​អាច​ធ្វើទៅកើត​លុះត្រាតែ​មានការ​យល់ព្រម​ពី​ព្រឹទ្ធសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​ព្រឹទ្ធសភា វៀរលែងតែ​ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​»​។​

​សូមបញ្ជាក់ថា នាពេល​បច្ចុប្បន្ននេះ តំណាងរាស្ត្រ​បក្សប្រឆាំង ដែល​កំពុង​ប្រឈមមុខ​នឹង​តុលាការ រួមមាន ឯកឧត្តម សម រង្ស៊ី​, ឯកឧត្តម កឹម សុខា​, លោក អ៊ុំ សំអាន រួមទាំង​លោក ហុង សុខ​ហួ សមាជិក​ព្រឹទ្ធសភា​បក្ស​សម រង្ស៊ី ផងដែរ​៕