Schalke 04 លុប​ចោល​កិច្ចសន្យា​ជាមួយ​កីឡាករ​បូ​តេ​ង

ក្លិប Schalke04 ក្នុង​ក្របខ័ណ្ឌ Bundesliga អា​ល្លឺ​ម៉​ង់ បាន​លុប​ចោល​កិច្ចសន្យា​ជាមួយ​កីឡាករ​ខេ​វី​ន ព្រី​ន បូ​តេ​ង ខ្សែបម្រើ​ជនជាតិ​ហ្គា​ណា ក្រោយ​ពី​មិន​បាន​ប្រើ​ឱ្យ​ជួយ​ក្លិប​តាំងពី​ចុងរដូវ​កាល​មុន និង​មាន​តម្រុយ​ថា កីឡាករ​រូប​នេះ​អាច​វិល​ទៅ​លេង​ឱ្យ​ក្លិប​AC Milan វិញ ។

ការ​ចាក​ចេញពី​ក្លិប​Schalke04 ធ្វើ​ឱ្យ​បូ​តេ​ង​មាន​ឯករាជ្យ​នឹង​វិល​ទៅ​លេង​ឱ្យ​ក្លិប AC Milan ជា​ថ្មី​ទៀត​នៅ​ក្នុង​ខែមករា​ខាង​មុខ​។ រយៈពេល​២​ខែ​កន្លង​មក សាមីខ្លួន​បាន​ហាត់​សមជា​មួយ AC Milan រួម​ទាំង​ចូល​លេង​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​ក្លិប​ម្ដង​រួច​មក​ហើយ​។ ការ​លុប​ចោល​កិច្ចសន្យា​របស់​ក្លិប​Schalke 04 លើ​កីឡាករ​បូ​តេ​ង​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨ ធ្នូ កន្លង​មក ៕