តូ​ទី ត្រៀម​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប Roma 1​ឆ្នាំ​ទៀត

កីឡាករ​ហ្វ្រា​ន​សេ​ស្កូ តូ​ទី ប្រធាន​ក្លិប Roma នៅ​មានការ​អត់ធ្មត់​លេង​ឱ្យ​ក្លិប​បន្ត​ទៀត និង​ជា​ចុង​ក្រោយ​មាន​ដំណឹង​ថា រូបគេ​កំពុង​ត្រៀម​បន្ត​កុងត្រា​ជាមួយ​ក្លិប​រយៈពេល​១​ឆ្នាំ​ទៀត ទោះបីជា​ក្នុង​រដូវ​កាល​នេះ​មាន​បញ្ហា​របួស​ក៏​ដោយ ។ ខ្សែប្រយុទ្ធ​ក្លិប Roma រូប​នេះ​យល់ព្រម​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​១​រដូវ​កាល​ទៀត មាន​ន័យ​ថា​នឹង​ធ្វើ​ឱ្យ​រូបគេ​លេង​ឱ្យ​ក្លិប​រហូត​ដល់​អាយុ​៤០​ឆ្នាំ​។

កិច្ចសន្យា​បច្ចុប្បន្ន​របស់ តូ​ទី បាន​បញ្ចប់​នៅ​ខែមិថុនា ២០១៦ ប៉ុន្តែ​ប្រភព​ព័ត៌មាន «​ដេ​ល​ឡូ​ស្ព័​រ​» បាន​បញ្ជាក់​ថា កីឡាករ​អាយុ​៣៩​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ក្លិប​រួចរាល់​ហើយ​ថា គេ​យល់ព្រម​លេង​បន្ត​នៅ​រដូវ​កាល​ក្រោយ ។ សម្រាប់​រដូវ​កាល​នេះ តូ​ទី ទើប​ចូល​លេង​បាន​៣​លើក និង​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់ ដោយសារ​មាន​បញ្ហា​របួស​ជើង ៕