កូន​ Jack Ma គ្មាន​ភាព​កក់​ក្ដៅ ១០ ឆ្នាំ​​ព្រោះ​​ឪពុក​ម្ដាយ​វក់​​នឹង​ការងារ

មនុស្ស​ភាគ​ច្រើន​ស្គាល់លោក​​ Jack Ma ​ជា​​​មហាសេដ្ឋី​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​ទំនិញ​ Alibaba។ មុន​នឹង​មាន​ថ្ងៃ​នេះ​លោក​បាន​ស៊ូ​ជម្នះ​ឧបសគ្គ​ជា​ច្រើន ហើយ​ដោយ​សារ​រវល់​​វក់​ការងារ​ពេក​ធ្វើ​ឲ្យ​​លោក​ភ្លេច​គិត​ពី​កូន​ប្រុស​ ដែល​មិន​ទទួល​បាន​ភាព​កក់​ក្ដៅ​ពី​ឪពុក​ម្ដាយ។

 

កូន​ Jack Ma គ្មាន​ភាព​កក់​ក្ដៅ ១០ ឆ្នាំ​​ព្រោះ​​ឪពុក​ម្ដាយ​វក់​​នឹង​ការងារ

 

​​​​​​​​អ្នក​ស្រី​ Zhang Ying ដែល​ជា​ភរិយា​របស់​លោក​ Jack Ma ធ្លាប់​បាន​លើក​ឡើង​ពីពេល​មួយ​ដែល​ប្ដី​ប្រពន្ធ​​អ្នក​ស្រី ​បាន​ពលីកម្ម​កូន​ប្រុសដែល​កើត​នៅ​ឆ្នាំ​ ១៩៩២។ ដោយ​គិត​គូ​ផល​ប្រយោជន៍​ក្រុមហ៊ុន​ជា​ធំ​ អ្នក​ស្រី​ Zhang និង​ស្វាមី​បាន​បញ្ជូន​​កូន​របស់​ខ្លួន​​ទៅ​មណ្ឌល​មើល​ថែ​ក្មេង​ចំនួន​ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ដោយ​ជួប​មុខ​កូន​តែ​ថ្ងៃ​ចុង​សប្ដាហ៍​ប៉ុណ្ណោះ។

 

នៅ​ឆ្នាំ​ ២០០២​ ពេល​ដែល​អ្នក​ស្រី​ Zhang កាន់​តំណែង​ជា​​អ្នក​ចាត់ការ​ទូទៅ​នៅ​​​ទីស្នាក់ការ​ក្រុមហ៊ុន​ Alibaba ក្នុង​ប្រទេស​ចិន កូន​ដែល​មាន​អាយុ​ ១០​ ឆ្នាំ​របស់​អ្នក​ស្រី​បាន​ញៀន​នឹង​ការ​លេង​ហ្គេម​អនឡាញ​​ ​ដោយ​ចំណាយ​ពេល​ជា​ច្រើន​​នៅ​ហាង​អ៊ីនធឺណិត​កាហ្វេ។ កូន​ប្រុស​​នេះ​និយាយ​​​ថា​ ​ការ​​ទៅ​ផ្ទះ​គ្មាន​ន័យ​អី​នោះ​ទេ បើ​ឪពុក​ម្ដាយ​មិន​នៅ​ផង​នោះ។

 

កូន​ Jack Ma គ្មាន​ភាព​កក់​ក្ដៅ ១០ ឆ្នាំ​​ព្រោះ​​ឪពុក​ម្ដាយ​វក់​​នឹង​ការងារ

Ma Yuankun កូន​ប្រុស​របស់​ Jack Ma

 

​​​​​​​​​ដោយ​មាន​ចិត្ត​ព្រួយ​បារម្ភ​ពី​កូន​ Jack Ma បាន​ឲ្យ​ប្រពន្ធ​​របស់​ខ្លួន​​លា​ចេញ​ពី​តំណែង​ចាត់​ការ​ទូទៅ​ ដើម្បី​ធ្វើ​ជា​មេផ្ទះ​ពេញ​ម៉ោង​វិញ។ Jack Ma បាន​និយាយ​ទៅ​កាន់​ភរិយា​ខ្លួន​ថា៖ “ក្រុម​គ្រួសារ​របស់​យើង​ត្រូវ​ការ​​​អូន​​ច្រើន​ជាង​ ក្រុមហ៊ុន​ត្រូវ​ការ​​អូន ហើយ​ដែល​​ត្រូវ​ជ្រើសរើស​​រវាង​លុយ​ និង​ កូន​ប្រុស។

 

​​ដំបូង​អ្នក​ស្រី​ Zhang មិន​ពេញ​ចិត្ត​នឹង​ការ​ស្នើ​សុំ​នេះ​ដោយ​យល់​ថា​លោក​ Jack Ma ចាត់​ទុក​គាត់​ដូច​ជា​កូន​អុក​ ពេល​រៀប​ការ​ដំបូង​អ្នក​ស្រី​បាន​ត្រៀម​ចិត្ត​ធ្វើ​ជា​មេ​ផ្ទះ​រួច​ហើយ​ ប៉ុន្តែ​ក្រោយ​មក​ក៏​ត្រូវ​អូសទាញ​ចូល​ក្រុមហ៊ុន​ Alibaba ហើយ​ពេល​ក្រុមហ៊ុន​ជោគជ័យ​ហើយ​បែរ​ជា​ចង់​​ឲ្យ​អ្នក​ស្រី​ត្រឡប់​ធ្វើ​ជា​មេផ្ទះ​វិញ។ យ៉ាង​ណា​ក្ដី​ចុង​ក្រោយ​អ្នក​ស្រី​នៅ​តែ​សម្រេច​ជ្រើស​យក​តួនាទី​ជា​មេផ្ទះ​ ដើម្បី​បំពេញ​ភាព​កក់​ក្ដៅ​ឲ្យ​​កូន​ប្រុស​របស់​ខ្លួន​វិញ។

 

លោក​ Jack Ma ស្ងប់​ស្ញែង​នឹង​ការ​លះបង់​របស់​ភរិយា​ ហើយ​បាន​ផ្ដល់​នូវ​ភាព​ជោគជ័យ​របស់​ខ្លួន​ទាំង​ក្រុមហ៊ុន​ និង​ គ្រួសារ​ទៅ​កាន់​អ្នក​ស្រី​ Zhang។ បច្ចុប្បន្ន​នេះ​លោក​ Jack Ma ជា​មហាសេដ្ឋី​មាន​ជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ប្រទេស​ចិន​ ដោយ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ២៣,១ ​ពាន់​លាន​ដុល្លារ៕​​​​​​


​​

​​​​​​​ចុច​អាន៖ ពី​ក្នុង​ផ្ទះ​តម្លៃ​ ៧​ លាន​ដុល្លារ​របស់​សេដ្ឋីវ័យក្មេង Mark Zuckerberg

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ wantchinatimes