ឌុច​ថា​ខ្លួន​ធ្វើ​តាម​បញ្ជា​ឲ្យ​«កម្ទេច​គុក​ទួលស្លែង‍»​ព្រោះ​«ភ័យ​ខ្លាច‍»​ការ​បោស​សំអាត​ផ្ទៃ​ក្នុង

ក្នុងសក្ខីកម្មរបស់ខ្លួន នាថ្ងៃទីពីរនេះ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅឌុច បានអះអាងថា ខ្លួនទទួលបញ្ជាពី នួន ជា ឲ្យ«កម្ទេច គុកទួលស្លែង» និងសម្លាប់អ្នកជាប់ឃុំនៅទីនោះទាំងអស់នៅក្នុងនោះ មុនពេលដែល កងទព័វៀតណាមចូលមកដល់នាចុងឆ្នាំ១៩៧៦។

ឌុច​ថា​ខ្លួន​ធ្វើ​តាម​បញ្ជា​ឲ្យ​«កម្ទេច​គុក​ទួលស្លែង‍»​ព្រោះ​«ភ័យ​ខ្លាច‍»​ការ​បោស​សំអាត​ផ្ទៃ​ក្នុង

ភ្នំពេញ — កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស-២១ ឬ គុកទួលស្លែងក្នុងរបបខ្មែរក្រហម បានអះអាងបន្ថែមនាថ្ងៃពុធនេះថា នួន ជា បងធំទីពីរនៃរបបខ្មៅងងឹតនេះបានបញ្ជាឲ្យខ្លួនកម្ទេចមន្ទីរស-២១នាចុងឆ្នាំ១៩៧៦ ក្រោយពេលដែលធ្វើការបោសសម្អាតផ្ទៃក្នុងរបស់របបអាវខ្មៅមួយនេះ។ ឆ្លើយចំពោះមុខចៅក្រមនិងអង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម ឌុចអះអាងថា ខ្លួនឯងនិងក្រុមគ្រួសារក៏មានការ«ភ័យខ្លាចយ៉ាងខ្លាំង» ចំពោះការបោសសម្អាតផ្ទៃក្នុងផងដែរ។

ក្នុងសក្ខីកម្មរបស់ខ្លួន នាថ្ងៃទីពីរនេះ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅឌុច បានអះអាងថា ខ្លួនទទួលបញ្ជាពី នួន ជា ឲ្យ«កម្ទេច គុកទួលស្លែង» និងសម្លាប់អ្នកជាប់ឃុំនៅទីនោះទាំងអស់នៅក្នុងនោះ មុនពេលដែល កងទព័វៀតណាមចូលមកដល់នាចុងឆ្នាំ១៩៧៦។

ឆ្លើយតបទៅនឹងសំណួររបស់ព្រះរាជអាជ្ញាអន្តរជាតិចំពោះ ជោគវាសនាគ្រួសារនិងកូនៗរបស់ ជនដែលបញ្ជូនមកកាន់គុកដ៏ខ្មៅងងឹតរបស់ខ្លួនយ៉ាងណានោះ ឌុចឬ កាំង ហ្កេកអ៊ាវបានបញ្ជាក់ដដែលៗថា លោកធ្វើតាមបញ្ជារបស់អង្គការ និងការចាត់តាំងរបស់បងធំទីពីរ នួន ជា ក្នុងការកម្ទេចខ្មាំងទាំងគ្រួសារ។ យ៉ាងណាក៏ដោយ ឌុច ថ្លែងថា ការងារចុងក្រោយរបស់លោកក្នុងការបោសសម្អាតផ្ទៃក្នុងរបស់របបកម្ពុជាប្រជាធិបតេយ្យ គឺសម្អាតមន្ទីរស-២១ និងអ្នកទោសទាំងអស់។

ក្នុងសម្លៀកបំពាក់អាវពណ៌សនិងកោរសក់ផងនោះ ឌុចបានថ្លែងក្នុងតុលាការនាថ្ងៃពុធនេះ យ៉ាងដូច្នេះថា៖

«តាមការណែនាំរបស់ពូនួនឲ្យកម្ទេចចោលទាំងអស់មុនយួនចូល ហើយពេលណឹងខ្ញុំសុំទុកតែ៤នាក់គត់»។

ថ្ងៃពុធនេះ គឺជាសក្ខីកម្មថ្ងៃទីពីរក្នុងចំណោម៩ថ្ងៃរបស់ទណ្ឌិត កាំង ហ្កេកអ៊ាវ ពាក់ព័ន្ធមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុង ក្នុងសំណុំរឿង០០២ វគ្គ០២ ប្រធានបទទី៤។ ឌុចធ្លាប់ផ្តល់សក្ខីកម្មប្រឆាំងនឹង នួន ជា និង ខៀវ សំផន ក្នុងតុលាការកាត់ទោសខ្មែរក្រហមម្តងរួមមកហើយនាឆ្នាំ ២០១២ ក្នុងសំណុំរឿង០០២ វគ្គ១។

សូមបញ្ជាក់ផងដែរថា កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស-២១ឬទួលស្លែងក្នុងរបបខ្មែរក្រហមត្រូវតុលាការកាត់ទោសខ្មែរក្រហម ឬ ECCC ដាក់ទោសអស់មួយជីវិត នាគុកខេត្តកណ្តាលចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។

នៅក្នុងសវនាការ នាថ្ងៃពុធនេះ ឌុច ដែលសព្វថ្ងៃមានវ័យ៧៤ឆ្នាំ ក៏បានបង្ហាញពីភាព«ភ័យខ្លាច» របស់ខ្លួននៅពេលដែល ក្បាលម៉ាស៊ីនដឹកនាំខ្មែរក្រហម ចាប់ផ្តើមធ្វើការបោសសម្អាតផ្ទៃក្នុងនោះ។ ឌុចដែលធ្លាប់ធ្វើទារុណកម្មនិងសម្លាប់ មនុស្សផ្តាច់ពូជ យ៉ាងហោចណាស់១២.០០០នាក់ ក្នុងគុកទួលស្លែង បានបង្ហាញថា ខ្លួនគឺទទួលការបញ្ជារបស់បក្សកុម្មុយនិស្តកម្ពុជា និងដោយផ្ទាល់ពី នួន ជា។

ឌុច រៀបរាប់ប្រាប់សវនាការថា៖

«ដល់ចុងបញ្ចប់នេះ ដែលពូនួន កាត់ឲ្យខ្ញុំកម្ទេចមនុស្សចេញឲ្យអស់ពីស-២១នេះ គឺខ្ញុំទន់ជើងទន់ដៃ លេងធ្វើការអីកើត។ ឈឺដេកនៅនឹងកន្លែង។ ថ្ងៃដែលយួនចូលមកដល់ហ្នឹង គឺខ្ញុំឈឺ។ ហ្នឹងគឺវាភ័យអញ្ចឹង ហើយបើប្រពន្ធខ្ញុំវិញ គាត់ថា៖ ឲ្យតែឃើញអង្គការហៅខ្ញុំទៅធ្វើការ គាត់បុកពោះ ដល់ឃើញខ្ញុំជិះម៉ូតូមកវិញ បានគាត់ស្វាង។ គាត់ថា៖ បុកពោះឡើងអស់ហើយព្រលឹង គាត់ថា៖ ដល់ពេលហើយអញ។ ដូច្នេះការសម្រិតសម្រាំង នៅពេលនោះគឺប៉ះពាល់អារម្មណ៍មនុស្សមិនតិចទេ គឺច្រើនរួមទាំងខ្ញុំនឹងប្រពន្ធខ្ញុំផង»។

យ៉ាងណាក៏ដោយឌុចអះអាងថា ខ្លួនគឺជាបង្គោលតែមួយគត់សម្រាប់ការរស់រានរបស់ក្រុមគ្រួសារ ហើយប្រសិនបើឌុចមិនធ្វើតាមការបញ្ជាពីបក្សកុម្មុយនិស្តកម្ពុជា និងដោយផ្ទាល់ពីនួន ជានោះទេ គ្រួសាររបស់ខ្លួនក៏មានជោគវាសនាដូចអ្នកដ៏ទៀត ចំពោះការកម្ទេចចុងក្រោយរបស់ពួកខ្មែរក្រហម។

លោក ជុំ ម៉ី អតីតអ្នកទោសក្នុងគុកទួលស្លែង ដែលធ្លាប់ធ្វើជាសាក្សីប្រឆំាងនឹងឌុចក្នុងពេលកន្លងមកនោះ បានប្រាប់ VOA នាថ្ងៃពុធនេះថា លោកជឿជាក់ចំពោះការណ៍ដែលឌុចភ័យខ្លាចនិងធ្វើតាមបញ្ជាថ្នាក់ដឹកនាំកំពូលនៃបក្សកុម្មុយនិស្តកម្ពុជា។

បើទោះជាមានមន្ទិលចំពោះសក្ខីកម្មឌុចយ៉ាងណាក៏ដោយ លោក ជុំ ម៉ី បានបញ្ជាក់ថា៖

«ខ្ញុំជឿ! ជឿថា នួន ជា បញ្ជាពីខាងលើឲ្យឌុចធ្វើ អានេះគាត់ធ្វើ ធ្វើតាមបញ្ជាមកពីលើដែរហ្នឹងបាទ។ បើគាត់មិនធ្វើ! គឺដូចជា ហ៊ឹម ហ៊ុយ អញ្ចឹងណាក្មួយ។ ហ៊ឹម ហ៊ុយ ហ្នឹងឌុច វាបញ្ជាឲ្យសម្លាប់គេ តែហ៊ឹម ហ៊ុយ វាថាមិនហ៊ានសម្លាប់។ តែបើ ហ៊ឹម ហ៊ុយ ហ្នឹងមិនហ៊ានសម្លាប់ ឌុច ហ្នឹងមិនសម្លាប់ ហ៊ឹម ហ៊ុយ ហើយ ព្រោះឌុចហ្នឹង កាន់កៃកាំភ្លើងទៅហើយ សួរថាមិត្តឯង ដាច់ខាតឬមិនដាច់ខាត។ តែ ហ៊ឹម ហ៊ុយ ថាមិនដាច់ខាត ឌុចហ្នឹងបាញ់ ប៉ូង បាទ! ទម្លាក់ក្នុងរណ្តៅហ្នឹង»។

ទោះជាយ៉ាងនេះក៏ដោយ នួន ជា បងធំទីពីរនៃរបបអាវខ្មៅនេះ ធ្លាប់បានទាត់ចោលនិងមិនទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មក្នុងគុកទួលស្លែងរួមទាំង ការបញ្ជាឲ្យធ្វើទារុណកម្មនិងសម្លាប់ អ្នកទោសនៅទីនោះ។ ក៏ប៉ុន្តែការទាត់ចោលមិនទទួលខុសត្រូវរបស់ នួន ជា ត្រូវ កាំង ហ្កេកអ៊ាវ ហៅឌុចថា «វាមិនមានន័យ»។

គេសង្កេតឃើញថា មិនមានវត្តមានរបស់បងធំទីពីរ នួន ជា ចូលស្តាប់ក្នុងសវនាការប៉ុន្មានថ្ងៃចុងក្រោយនេះ នោះទេ។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម ឬ ECCC បានប្រាប់ VOA នាថ្ងៃពុធនេះថានួន ជា បានបោះបង់សិទ្ធិមិនចូលអង្គុយ ស្តាប់ក្នុងសវនាការដោយអះអាងពីសុខភាពមិនល្អ។ យ៉ាងណាក៏ដោយលោក នេត្រ ភក្ត្រា ថា នួន ជា គឺនៅតាមដានសវនាការ ក្នុងបន្ទប់សោតទស្សន៍របស់សាលាក្តីខ្មែរក្រហម។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖

«បើទោះបីជាគាត់មិនស្ថិតនៅក្នុងបន្ទាប់ នៅក្នុងសាលសវនាការខាងលើ ជួបហ្នឹងសាក្សីឌុចក៏ដោយ ក៏គាត់អាចស្តាប់ បន្តការស្តាប់ ការផ្តល់សក្ខីកម្មរបស់ឌុច តាមសោតទស្សន៍ ដែលនៅក្នុងបន្ទប់ឃុំខ្លួននៅខាងក្រោមហ្នឹងបាន។ ហើយបើគាត់ចង់មានការថ្លែង ឬអីយ៉ាងម៉េច គឺគាត់អាចជូនដំណឹងតាមរយៈមេធាវីគាត់មកកាន់អង្គជំនុំជម្រះបាន បាទ!»។

មន្ត្រីសាលាក្តីខ្មែរក្រហមដដែលរូបនេះ បានបញ្ជាក់ផងដែរថា ក្រុមមេធាវីនៃជនរងគ្រោះនឹងអាចធ្វើការសាកសួរ ឌុច ឬ កាំង ហ្កេកអ៊ាវ ក្នុងសវនាការបន្តទៀត នាថ្ងៃខាងមុខចំពោះប្រធានបទទី៤ ដែលពាក់ព័ន្ធមន្ទីរសន្តិសុខ នឹងការបោសសម្អាតផ្ទៃក្នុង។

របបខ្មែរក្រហមត្រូវបានគេស្តីបន្ទោសថា បានកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ សាលាក្តីកូនកាត់មួយនេះ ទើបតែ កាត់ទោសបានជនជាប់ចោទម្នាក់គឺដែលជាប្រធានគុកទួលស្លែងគឺ កាំង ហ្កេកអ៊ាវ ហៅឌុច តែជនជាប់ចោទដទៃទៀតបានស្លាប់ មុនការកាត់ទោស ហើយសព្វថ្ងៃនៅសល់តែមេដឹកនាំរបបនេះ តែពីររូបតែប៉ុណ្ណោះ ដែលប្រឈមនឹងការកាត់ទោស គឺ នួន ជា អតីតបងធំទី២ និង ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម ដែលស្ថិតក្នុងសំណុំរឿង០០២៕

ប្រភពៈ VOA