តារាឆ្នើមរបស់ជប៉ុន ហុងដា នឹងមកដល់កម្ពុជា នៅថ្ងៃនេះ

តារាបាល់ទាត់ដ៏ឆ្នើមនៃក្រុមជម្រើសជាតិជប៉ុន Keisuke Honda ឬហៅកាត់ថា ហុងដា ដែលកំពុងលេងនៅក្លិបអាជីព AC Milan របស់អ៊ីតាលីនោះ នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយនេះជាលើកទី២ហើយដែលរូបគេមកកាន់កម្ពុជា។

japanplay

បើតាមប្រភពពីមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ឲ្យដឹងថា ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ កម្ពស់១,៨២ម៉ែត្រ ហុងដា នឹងធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកម៉ោង១១ ថ្ងៃព្រហស្បតិ៍នេះ ដោយចេញតាមច្រក VIP។

ប្រភពដដែលបានឲ្យដឹងទៀតថា ហុងដា នឹងធ្វើដំណើរមកជួបឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅម៉ោង៣រសៀល ហើយបន្ទាប់មករូមគេត្រូវធ្វើដំណើរទៅកាន់ទីលាន ក្នុងវិទ្យាល័យឥន្ទ្រទេវី នៅម៉ោង៤ ដែលជាទីកន្លែង ហុងដា ត្រូវចែករំលែកបទពិសោធលើជំនាញនៃការលេងបាល់ដល់ក្មេងៗប្រមាណ៥០នាក់ ដោយបានរៀបចំដោយនាយកវិទ្យាល័យឥន្ទ្រទេវី ក្រោមការស្នើសុំរបស់សហព័ន្ធ ខណៈការចែករំលែងបទពិសោធនេះ អាចធ្វើរហូតដល់ម៉ោង៦ល្ងាចថ្ងៃដដែលនោះ៕