​ខែឧសភា គយ ប្រមូល​ចំណូល​បាន​ជាង ១៤៦ លាន​ដុល្លារ​ ​

ភ្នំពេញ​:
ខែឧសភា ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ពន្ធគយ បាន​ជាង ១៤៦ លាន​ដុល្លារ មាន​កំណើន​ប្រមាណ ១០ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៥​។​

​ជាមួយគ្នា​នោះដែរ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានប្រកាស​ឱ្យដឹង​ផងដែរ​ថា រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៦ ការប្រមូល​ពន្ធ និង​អាករ បាន​ប្រមាណ ៧៦៣ លាន​ដុល្លារ មានការ​កើនឡើង​ជាង ២២ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៥​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៅក្នុង​កិច្ចប្រជុំ​បូកសរុប ការងារ​គយ និង​រដ្ឋាករ ប្រចាំ​ខែឧសភា ឆ្នាំ​២០១៦ កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក​គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​មានប្រសាសន៍ថា ចំណូល​៥​ខែ ដើមឆ្នាំ​២០១៦ នេះ សម្រេចបាន​ប្រមាណ​ជា ៤៦ ភាគរយ នៃ​ផែនការ​ចំណូល ដែល​បានកំណត់ ក្នុង​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០១៦​។

​លទ្ធផល​ល្អ នៃ​ការប្រមូល​ពន្ធ និង​អាករ​ចូល​ថវិកាជាតិ ដែល​សម្រេចបាន​កាន់តែ​ប្រសើរឡើង ជា​លំដាប់​នេះ គឺ​ដោយសារ​ការអនុវត្ត ដោយ​ខ្ជាប់​ខ្ចួ​ន​នូវ ផែនការ សកម្មភាព​ការងារ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បាន​រៀបចំឡើង ដោយ​ឈរលើ មូលដ្ឋាន​យុទ្ធសាស្ត្រ កៀរគរ​ចំណូល រយៈពេល​មធ្យម ២០១៤-២០១៨ របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​កំណែទម្រង់ និង​ទំនើបកម្ម​រដ្ឋបាល​គយ​កម្ពុជា ២០១៤-២០១៨៕N​/S