ទំនុកចិត្ត​បែក​ខ្ចាយ​នៅ​ក្នុង​សង្គម​កម្ពុជា

អ្នកជំងឺ​ខ្លាច​គ្រូពេទ្យ​ ។ ប្រជាជន​មិន​ហ៊ាន​ពឹងពាក់​តុលាការ​ ។ ប្រជាជន​មិន​ទុកចិត្ត​មន្ត្រី​ ។ មានរឿង​រ៉ាវ​ជា​ច្រើន​ទៀត​បាន​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ​ដោយសារ​តែ​ការ​បាត់បង់​ទំនុកចិត្ត​។

ការ​បាត់បង់​ជំនឿ​ទំនុកចិត្ត​រវាង​មនុស្ស​និង​មនុស្ស រវាង​ប្រជាជន​និង​មន្ត្រី រវាង​អ្នកនយោបាយ​និង​អ្នកនយោបាយ​កំពុង​តែ​ញាំ​ញឺ​សង្គម​កម្ពុជា​ដោយ​ធ្វើ​អោយ​មានការ​ពិបាក​នៅ​ក្នុង​ការ​រស់នៅ​និង​ការ​បំពេញការងារ​។ បើសិនជា​ការ​ទុកចិត្ត​គ្នា​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​សង្គម​មួយ អ្វី​ៗ​នឹង​លែង​ដំណើរការ​បាន​ល្អ​។ តុលាការ​មិន​ត្រូវ​បាន​ចាត់ទុកជា​ទីកន្លែង​ដែល​ប្រជាជន​នាំ​គ្នា​ទៅ​ស្វែងរក​យុ​ត្តិ​ជាមួយនឹង​ការ​ទុកចិត្ត​មួយ​រយ​ភាគរយ​។

អ្នកនយោបាយ​មិន​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​ភ័យ​ខ្លាច​នៃ​ការ​ធ្វើបាប​គាបសង្កត់​និង​ការ​សងសឹក​។ ដូច្នេះ ពួក​គេ​ក៏​មិន​អាច​មានការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​និង​រួម​គ្នា​ដើម្បី​បម្រើ​ប្រទេស​ជាតិ​អោយ​កាន់តែ​លូតលាស់​។​អ្នក​ធ្វើ​ដំណើរ​ខ្លះ​មិន​ទុកចិត្ត​ដល់​ប៉ូលិស​ចរាចរណ៍​ដែល​បំពេញការងារ​តាម​ដងផ្លូវ​។ អ្នកជំងឺ​នាំ​គ្នារ​ត់ទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស ដោយសារ​តែ​មិន​ទុកចិត្ត​ទៅ​លើ​សេវាកម្ម​សុខភាព​នៅ​ក្នុង​ប្រទេស​។​ការ​មិន​ទុកចិត្ត​គ្នា​នេះ​កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង​។

វា​ចាំបាច់​ណាស់​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​កសាង​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយ​:​ការ​ប្រតិបត្តិ​ការងារ​រៀង​ៗ​ខ្លួន​ដើម្បី​បម្រើ​ប្រជា​ជន​កម្ពុជា​។ អ្នកនយោបាយ​មិន​ត្រូវ​មានគំនិត​គុំ​គួ​ន​ហើយ​ប្រកួតប្រជែង​គ្នា​ដោយ​យុត្តិធម៌​។ ចំណែក​គ្រូពេទ្យ​ត្រូវ​ប្រកាន់​ខ្ពាប់​គោល​ការណ៍​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ធំ​។ តុលាការ​ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​មនុស្ស​គ្រប់​គ្នា​។

ការ​បំពេញ​តួនាទី​និង​ការ​ប្រតិបត្តិ​ខ្លួន​របស់​មនុស្ស​ម្នាក់​ៗ​តាម​ការ​ទទួលខុសត្រូវ​និង​ប្រកបដោយ​សីលធម៌​នឹង​អាច​ជួយ​ដល់​ការ​លើកកម្ពស់​ការ​ទុកចិត្ត​គ្នា​នៅ​ក្នុង​សង្គម​កម្ពុជា​។ បើសិនជា​មនុស្ស​គ្រប់​គ្នា​បំពេញការងារ​តាម​ការ​ទទួលខុសត្រូវ​និង​ប្រកបដោយ​សីលធម៌​ក្នុង​គោលដៅ​រួម​ដើម្បី​កម្ពុ​ជាមួយ​ដែ​ប្រសើរ​ជាង​នេះ ពេល​នោះ​មនុស្ស​នឹង​មានការ​ទុកចិត្ត​គ្នា​នៅ​ក្នុង​សង្គម​កាន់តែ​ខ្លាំង​។

នៅ​ពេល​ដែល​សង្គម​មួយ​មានការ​ទុកចិត្ត​គ្នា​ខ្ពស់ មនុស្ស​ម្នា​នឹង​អាច​រស់នៅ​ជាមួយ​គ្នា​កាន់តែ​សុខ​ដុ​ម្យ​និង​កាន់តែ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​សុភមង្គល​ទាំងអស់​គ្នា​។