ពូ​ឃ្លាំង រំភើប​ចិត្ត​កូន​ប្រុស​កើត​ចំ​ថ្ងៃ​ទី ០៦ ខែ ០៦ ឆ្នាំ ២០១៦

ភ្នំពេញ: ក្នុងដំណើរជីវិតសាងសុភមង្គលដ៏ស្ងប់ស្ងាត់ជាមួយភរិយាជាអ្នកជំនួញទ្រព្យស្តុក រៀបការផ្អើលទីក្រុងទេសចរណ៍ ខេត្តព្រះសីហនុ កាលពីពាក់កណ្តាលឆ្នាំ ២០១៥ ក៏ដកខ្លួនចេញពីសង្វៀនសិល្បៈចង្វាក់រ៉េបទាក់ទាញយុវវ័យនោះ តារាចម្រៀងដែលគេហៅថាលោក ពូឃ្លាំង ក៏បង្ហាញក្តីរំភើបផ្អើលលើបណ្តាញសង្គមសាទរនឹងកំណើតកូនប្រុស កើតចំថ្ងៃ ខែ និងឆ្នាំ ដែលមានលេខ (៦)។

ពូ​ឃ្លាំង រំភើប​ចិត្ត​កូន​ប្រុស​កើត​ចំ​ថ្ងៃ​ទី ០៦ ខែ ០៦ ឆ្នាំ ២០១៦

តារាចម្រៀងរ៉េបរហស្សនាមលោកពូឃ្លាំង ដែលមុននេះល្បីរៀបការប្រពន្ធនៅទឹកដីខេត្តព្រះសីហនុ ក៏ល្បីមានជំនួបស្នេហ៍នឹងពិធីការិនីចាស់វស្សានៅទ្រនំទូរ-ទស្សន៍ស៊ីធីអិនអ្នកនាង យុគ ចិន្តា នៅលើបណ្តាញហ្វេសប៊ុករបស់លោកនៅថ្ងៃទី ៦ ខែ៦ ឆ្នាំ ២០១៦ ក៏សរសេរសារបង្ហោះថា៖ «ក្រោយពីរង់ចាំអស់រយៈពេលជាង ៩ ខែ ពេលនេះបានឃើញមុខ កូនប្រុសជាទីស្រឡាញ់ហើយ»។

កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមនោះ តារាចម្រៀងរ៉េប ដែលបញ្ចប់អាជីពសិល្បៈ ត្រឹមវេលា បង្កើតចំណងស្នេហ៍ជាមួយភរិយាអ្នកជំនួញនៅក្រុងកំពង់សោម ពូឃ្លាំង ក៏បានបង្ហាញភាពពិសេសនោះទៀតថា៖ «រំភើបរីករាយជាខ្លាំង ដោយសារកូនប្រុសរបស់ខ្ញុំកើតចំថ្ងៃទី ០៦ ខែ ០៦ ឆ្នាំ ២០១៦ ជាថ្ងៃល្អ ហើយមានលោកខែបាំងឆត្រ ទៀតផង»។

លោកបង្ហើបថា ពេលនេះទាំងម្តាយ និងកូនមានសុខភាពល្អជាធម្មតា និងរូបថតកូន មានរូបរាងធាត់ទ្រលុកទ្រលន់ និងមាន មុខមាត់ដូចពូឃ្លាំងជាឪពុក។

តារាចម្រៀងរ៉េប ពូឃ្លាំង បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមថា៖ «ឡូហ្វីកូនប្រុសខ្ញុំកើត ០៦-០៦-២០១៦ ស្រាប់តែថ្ងៃបាំងឆត្រទៀតក៏កើត ជាប្រផ្នូលជូនពរកូនខ្លួនឯង មានសំណាងដែលកើតជាសមាជិកគ្រួសារ»។

តារាចម្រៀងរ៉េបដែលគេហៅថាលោកពូឃ្លាំងបុរសអាណិកជនអាមេរិកពោះម៉ាយក្នុងវ័យ ៣៨ ឆ្នាំ បានដឹកដៃអ្នកជំនួញ មានមុខរបរជាច្រើននៅទឹកដីខេត្តព្រះសីហនុ ដូចជា សម្លៀកបំពាក់ និងគ្រឿងពេជ្រ គ្រឿង ត្បូង និងសណ្ឋាគារ ឈ្មោះស៊ុយ ចន្ធូ មានវ័យ ៣៦ ឆ្នាំ ដែលធ្លាប់ស្គាល់គ្នាតាំងពីនៅតូចៗ ចូលរោងការ ក្រាបផ្ទឹមដ៏ហ៊ឹកហ៊ាក់បាន ប្រារឰឡើង នៅក្នុងសណ្ឋាគារឆ្នេរសុខា ខេត្ដព្រះសីហនុ កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៥។

គួររំឭកដែរថា តារាចម្រៀងរ៉េបដែលគេហៅថាលោកពូឃ្លាំង ក្រោយពីដឹកដៃអ្នកជំនួញក្រុងព្រះសីហនុចូលរោងការក៏បានប្រកាសឲ្យដឹងថា កាលដែលលោកដកខ្លួនចេញពីសិល្បៈនោះ ក៏ព្រោះលោកជាប់ជួយមើលការខុសត្រូវជំនួញប្រពន្ធ និងផ្ទះសំណាក់ដ៏ធំនៅក្រុងព្រះសីហនុ។

ថ្លែងពីហេតុផលដកខ្លួនពីសិល្បៈ ពេលនោះដែរ តារាចម្រៀងរ៉េប ពូឃ្លាំង ក៏បានបញ្ជាក់ថា៖ «អ្វីដែលលោកកាន់តែត្រូវគិតដល់នោះ គឺ ជាការត្រៀមខ្លួនយ៉ាងណា ធ្វើជាប្តី និងត្រៀមធ្វើជាឪពុកកូនឲ្យល្អសម្រាប់អនាគត»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍