ប្រទេស​កម្ពុជា​និង​ថៃ​មិន​ចុះសម្រុង​គ្នា​លើ​ការចុះបញ្ជី​ល្ខោនខោល​នៅ​យូ​នី​ស្កូ​ និពន្ធដោយ : VOA       June-09-2016, 8:19 am         316

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រទេស​កម្ពុជា​និង​ថៃ​មិន​ចុះសម្រុង​គ្នា​លើ​ការចុះបញ្ជី​ល្ខោនខោល​នៅ​យូ​នី​ស្កូ​​ការសម្របសម្រួល​មួយ​ដើម្បី​ដោះស្រាយ​ជម្លោះ​ខាង​វប្បធម៌ ដែល​បាន​កើតមានឡើង​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​រវាង​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា​នៅ​ជិតខាង​គ្នា បាន​ត្រូវ​ស្នើឱ្យ​មាន​ឡើង​ដោយ​មន្ត្រី​ម្នាក់​នៃ​អង្គការ UNESCO​។​

​ជម្លោះ​នេះ​ដែល​បាន​ជំរុញឱ្យមាន​គំនិត​ជាតិនិយម​យ៉ាង​ក្លៀវក្លា នៅក្នុង​បណ្តាញ​សង្គម​នៅក្នុង​ប្រទេស​ទាំងពីរ​ទាក់ទិន​នឹង​របាំ​បូរាណ​មួយ​មាន​សម្តែង​នៅក្នុង​ប្រទេស​ទាំងពីរ​នេះ ដែល​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ប្រទេស​នីមួយៗ ចង់​ចុះបញ្ជី​ជាមួយ​អង្គការ​ខាង​ការសិក្សាអប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អ​.​ស​.​ប​.  ជា​បេតិកភណ្ឌ​វប្បធម៌ អ​រូបិយ របស់​ពួកគេ​រៀងៗ​ខ្លួន​។​

​ប្រទេស​កម្ពុជា​ហាក់ដូចជា​មានប្រៀប​ពីព្រោះ​ប្រទេស​ថៃ មិនមែនជា​រដ្ឋ​មួយ​ក្នុង​បណ្តា​រដ្ឋ​ទាំង ១៦៧ ដែល​បានផ្តល់​សច្ចា​នុ​ម័ត​ដល់​អនុសញ្ញា​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​។ អ្នកស្រី Duong Bich Hanh ប្រធាន​អង្គភាព​វប្បធម៌​នៅក្នុង​ការិយាល័យ UNESCO នា​ក្រុង​បាងកក​បាន​និយាយប្រាប់​វី​អូ​អេ​ថា​៖

«​ប្រទេស​ថៃ​មិនទាន់​ផ្តល់​សច្ចា​នុ​ម័ត​ដល់​អនុសញ្ញា​នេះ​នៅឡើយ​ទេ ដូច្នេះ​ការបញ្ចូល​ក្នុង​បញ្ជី​មិន​ទំនងជា​នឹងមាន​ធ្វើ​ក្នុងពេល​ឆាប់ៗ​នេះ​ទេ​។ ចំណែកឯ​ប្រទេស​កម្ពុជា​វិញ​មាន​ល្ខោន​ព្រះរាជ​ទ្រព្យ​របស់​ពួកគេ​ដាក់បញ្ចូល​ក្នុង​បញ្ជី​កាលពី​ឆ្នាំ​២០០៨ រួចស្រេច​ហើយ​»​។​

​បើតាម​មន្ត្រី​អង្គការ UNESCO រូបនេះ អាចមាន​ការសម្របសម្រួល​ដោយ​ពួក​ប្រទេស​ដែល​ស្វះស្វែង​ឱ្យមាន​ការដាក់​ពាក្យសុំ​រួមគ្នា​។ ពួក​មន្ត្រី​រដ្ឋាភិបាល​ថៃ​កំពុង​ស្វះស្វែង​បន្ថយ​ការខឹង​សម្បារ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ជិតខាង ហើយ​ហាក់ដូចជា​បើកចំហ​ដល់​ការស្នើ​សម្របសម្រួល​របស់​អង្គការ UNESCO​។​

​លោក Wissanu Kreau-ngam ឧបនាយករដ្ឋមន្ត្រី​ថៃ​បាន​និយាយថា គេ​ក៏​ស្វាគមន៍​ប្រទេស​កម្ពុជា​ឱ្យ​ចុះបញ្ជី​ល្ខោនខោល​នៅ​អង្គការ UNESCO ជា​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​ផងដែរ​។​

​ប៉ុន្តែ​រដ្ឋាភិបាលយោធា​ថៃ​មាន​ផែនការ​ជំរុញឱ្យមាន​កា​រ​ចុះបញ្ជី​នៅ​អង្គការ UNESCO ដោយ​ខ្លួនឯង ដោយសារតែ​អង្គការ​នេះ​មិន​កំណត់ថា​ប្រទេស​ចំនួន​ប៉ុន្មាន​អាច​ចុះបញ្ជី​បេតិកភណ្ឌ​ស្រដៀង​គ្នា​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Weera Rojpojanarat រដ្ឋមន្ត្រីក្រសួង​វប្បធម៌​នៃ​ប្រទេស​ថៃ​។​

​ពួក​មន្ត្រី​ថៃ​បាន​កត់សម្គាល់ថា ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ​ក៏​អះអាង​ទាមទារ​ដូចគ្នា​លើ​សិល្បៈ​អាយ៉ង ក្នុងខណៈ​ពេលដែល​ប្រទេស អា​ហ្ស​ង់​ទីន និង​ប្រទេស​អ៊ុយ​រូ​ហ្គា​យ បាន​ចុះបញ្ជី​របាំ Tango ក្នុង​បញ្ជី​អង្គការ UNESCO ដូចគ្នា​។ ប្រទេស​កូរ៉េ​ទាំងពីរ​ក៏បាន​ចុះបញ្ជី​ជ្រក់​គីម​ជី​ថា​ជា​សម្បត្តិ​វប្បធម៌​របស់​ពួកគេ​ផងដែរ​។​

​ប៉ុន្តែ​ប្រជារាស្ត្រ​ខ្មែរ​បាន​សម្តែង​ការភ្ញាក់ផ្អើល​តាម​បណ្តាញ​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​អំពី​ផែនការ​របស់​ប្រទេស​ថៃ​ក្នុងការ​ចុះបញ្ជី​ល្ខោនខោល​ដោយ​អះអាងថា វា​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​ខ្មែរ ហើយ​របាំ​នៅ​ថៃ​ទើប​កើត​ក្រោយ​និង​ចម្លង​តាម​ប៉ុណ្ណោះ​។​

​ក្រសួង​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​បាន​ផ្សាយ​តាម​បណ្តាញ​សង្គម ដោយ​ខិតខំ​ធ្វើឱ្យ​ស្ងប់ស្ងាត់ ដោយ​និយាយថា ការតវ៉ា​និង​ការស្នើសុំ​របស់​ថៃ​«​អាចធ្វើ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​»​។​

​សូម្បី​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក៏បាន​លូកដៃ​ចូលក្នុង​ជម្លោះ​នេះដែរ ដោយ​សរសេរ​សារ​តាម​ទំព័រ​បណ្តាញ​សង្គម Facebook​ថា រដ្ឋាភិបាល​កម្ពុជា​មិនមែន​មិន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​នោះទេ​៕