Spurs ស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេរ Janssen ក្នុងតម្លៃខ្លួន១២លានផោន

ក្លិប Tottenham ត្រូវបានអនុញ្ញាតឲ្យធ្វើការពិភាក្សាជាមួយនឹងខ្សែប្រយុទ្ធ Vincent Janssen របស់ក្លិប AZ Alkmar។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មាននានា។
Spurs-ft16

Janssen គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងដ៏មានទេពកោសល្យបំផុតរបស់ទ្វីបអឺរ៉ុប ក្រោយពីបានរកគ្រាប់បាល់បញ្ចូលទី២៧គ្រាប់ក្នុងការប្រកួត៣៤លើក ក្នុងក្របខ័ណ្ឌ Eredivisie របស់ហូឡង់ កាលពីរដូវកាលមុន។ តម្លៃខ្លួននៃការផ្ទេរមិនទាន់បានឈានដល់ការព្រមព្រៀងនៅឡើយទេរវាងក្លិបទាំងពីរ ប៉ុន្តែ AZ Alkmaar បានអនុញ្ញាតឲ្យខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ ធ្វើការពិភាក្សាជាមួយនឹងក្លិប Spurs ហើយរូបគេបានទៅដល់ទីក្រុងឡងដ៍ កាលពីថ្ងៃអង្គារ។

ក្លិបជាច្រើបាសម្តែងនូវការចាប់អារម្មណ៍ទៅលើ Janssen ដែលបានបង្ហាញខ្លួនជាអន្តរជាតិ៥លើករួចជាស្រេចសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ប៉ុន្តែ ក្រុមរបស់លោក Mauricio Pochettino បានក្លាយជាក្រុមដំបូងគេដែលរូបគេបានពិភាក្សានៅរដូវក្តៅនេះ។

AZ Alkmaar ត្រូវបានគេជឿជាក់ថា ចង់បានតម្លៃខ្លួនប្រមាណជា១២លានផោន (ស្មើនឹង១៧,៤លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេរបស់ពួកគេ ហើយនេះជាតម្លៃខ្លួនដែលហាក់មិនអាចរារាំងក្លិប Spurs បានឡើយ បើទោះបីការចរចាផ្សេងៗកំពុងតែដំណើរការជុំវិញការបង់ប្រាក់បន្ថែមទាក់ទងនឹងការបង្ហាញពីទម្រង់លេងក៏ដោយ។

Tottenham សង្ឃឹមថា អាចបន្ថែមខ្សែប្រយុទ្ធដើម្បីជួយដល់ Harry Kane ដែលបានលេងរាល់ការប្រកួតទាំង៣៨លើកនៃការប្រកួតក្របខ័ណ្ឌ Premier League របស់ក្រុមខ្លួនកាលពីរដូវកាលមុន។ Kane ដែលបានឈ្នះស្បែកជើងមាសជាមួយនឹងការរកបាន២៥គ្រាប់នោះ ហាក់មិនអាចបាត់បង់កៅអីក្នុងក្រុមជម្រើសដំបូងឡើយ ប៉ុន្តែ ការរកបានខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ទៀត នឹងផ្តល់ឲ្យលោក Pochettino នូវជម្រើសដ៏ល្អក្នុងយុទ្ធនាការនានា៕
ប្រភពព័ត៌មាន៖ The Guardian