Man United មានសេរីភាពក្នុងការប្រមាញ់ទិញ Pogba ក្រោយពី Man City ដកការចាប់អារម្មណ៍

ក្លិប Manchester City បានបើកចំហទ្វារសម្រាប់ក្លិប Manchester United ក្នុងការធ្វើការប្រមាញ់ទិញខ្សែបម្រើ Paul Pogba ក្រោយពីពួកគេបានសម្រេចចិត្តមិនបន្តការចាប់អារម្មណ៍ទៅលើខ្សែបម្រើអន្តរជាតិបារាំងរូបនេះ ក្នុងនាមកីឡាករមានសក្តានុពលក្នុងការទិញចូលសម្រាប់រដូវកាលទីមួយរបស់លោក Pep Guardiola ក្នុងនាមជាគ្រូបង្វឹក។
Manchester-ft16

បច្ចុប្បន្ន Man United កំពុងតែពិចារណាថា គួរតែបង្វែរការចាប់អារម្មណ៍ក្នុងការនាំយក Pogba វិលទៅកាន់កីឡដ្ឋាន Old Trafford វិញជាមួយនឹងសំណើរដេញថ្លៃជាផ្លូវការសម្រាប់ Juventus ឬយ៉ាងណា។ លោក Jose Mourinho អ្នកចាត់ការទូទៅថ្មីរបស់ក្លិប Man United គឺជាអ្នកដែលបានកោតសរសើរទៅលើ Pogba ជាយូរមកហើយ ដោយកាលពីមុនលោកបានព្យាយាមចុះហត្ថលេខាជាមួយនឹងកីឡាកររូបនេះសម្រាប់ Chelsea កាលពីឆ្នាំមុន ហើយឈ្មោះរបស់ Pogba បានក្លាយជាប្រធានបទសំខាន់អំឡុងកិច្ចពិភាក្សារបស់លោកជាមួយនឹងលោក Ed Woodward អនុប្រធានក្លិប Man United។

លោក Mourinho ទើបតែបានបំពេញការទិញចូលកីឡាករជាលើកទីមួយរបស់លោកកាលពីថ្ងៃពុធ នៅពេលដែលខ្សែការពារអន្តរជាតិកូតឌីវ័រ Eric Bailly បានផ្ទេរក្នុងតម្លៃខ្លួន៣០លានផោន (ស្មើនឹង៤៣,៥លានផោន) ពីក្លិប Villarreal ហើយខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានរំពឹងទុកថា នឹងបំពេញការផ្ទេរដោយគ្មានតម្លៃខ្លួនទៅកាន់កីឡដ្ឋាន Old Trafford ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត៕
ប្រភពព័ត៌មាន៖ The Guardian