ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិវេលស៍ ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

យុទ្ធនាការ Euro ឆ្នាំ2016 គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំជាលើកដំបូងសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ បើគិតចាប់តាំងពី World Cup ឆ្នាំ១៩៥៨ ប៉ុន្តែ នេះក៏ជាលើកទីមួយហើយដែលពួកគេបានបង្ហាញខ្លួនក្នុងយុទ្ធនាការប្រចាំទ្វីបអឺរ៉ុប។
Wales-ft16

យុទ្ធនាការប្រកួតជម្រុះរបស់ពួកគេ បានបញ្ចប់ដោយពួកគេរងរាជ័យតែមួយលើកគត់ បើទោះបីស្ថិតក្នុងពូល B រួមជាមួយនឹងជើងខ្លាំងបែលហ្ស៊ិក ក៏ដោយ ខណៈដែលពួកគេចាញ់ពិន្ទុក្រុមឈរលេខ១មួយនេះ ត្រឹមតែ២ពិន្ទុប៉ុណ្ណោះ។ ក្រុមជម្រើសជាតិវេលស៍ បានបណ្តោយឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួន៤គ្រាប់ប៉ុណ្ណោះ ដែលជាកំណត់ត្រាមួយដែលឈរនៅតែពីក្រោយក្រុមជម្រើសជាតិអេស្ប៉ាញ អង់គ្លេស និងរូម៉ានី ប៉ុណ្ណោះ។ ក្នុងចំណោមការប្រកួតជម្រុះ១០លើក ក្រុមជម្រើសជាតិវេលស៍ បានកត់ត្រាជ័យជម្នះ៦លើក ស្មើ៣លើក និងចាញ់១លើក។

ពិតណាស់ អាវុធរបស់ពួកគេគឺ Gareth Bale ដែលជាកីឡាករបាល់ទាត់មានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោក និងជាកម្លាំងស្នូលស្ថិតពីក្រោយការឈ្នះកៅអីរបស់វេលស៍សម្រាប់យុទ្ធនាការនេះ។ ពួកគេមិនមែនជាក្រុមពឹងផ្អែកតែលើកីឡាករម្នាក់ឡើយ និងអាចមានការជឿជាក់ដោយសារតែការប្រជុំដោយកីឡាករឆ្នើមៗជាច្រើន ដូចជា Aaron Ramsey និង Ashley Williams ជាដើម។ ក្រុមជម្រើសជាតិវេលស៍ ត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូលរួមជាមួយនឹង អង់គ្លេស ដែលមានន័យថា វានឹងមានការប្រកួតដ៏ស្វិតស្វាញ និងគួរឲ្យចាប់អារម្មណ៍មួយរវាងក្រុមទាំងពីរ។

ក្រុមបាល់ទាត់ជម្រើសជាតិវេសល៍ ស្ថិតក្នុងពូល B រួមជាមួយនឹងក្រុមជើងខ្លាំងអង់គ្លេស រុស្ស៊ី និងស្លូវ៉ាគី ហើយពួកគេនឹងធ្វើការប្រកួតបើកឆាកក្នុងពូលនៃយុទ្ធនាការ Euro ឆ្នាំ២០១៦ ជាមួយនឹងក្រុមជម្រើសជាតិស្លូវ៉ាគី នាថ្ងៃទី១១ ខែមិថុនា នៅកីឡដ្ឋាន Nouveau Stade de Bordeaux ក្នុងទីក្រុង Bordeaux៕