តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តាត្រូវ​គេ​គំរាម​តាម​ហ្វេ​ស​ប៊ុ​ក

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​តារាចម្រៀង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ឆ្លើយ​តប​ទៅ​កាន់ការ​រិះគន់​ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ​ពី​អតីត​ពិធី​ការិនី​នាង​ឯក សុជាតា ហៅ​សា​សា ជុំវិញ​ការ​រឿងរ៉ាវ​របស់​តារា​សម្តែង​នាង​ដេ​នី ខ្វាន់ កាលពី​ពេល​កន្លង​មក ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ចាត់​ទុក​ពាក្យ​សម្តី​របស់​សា​សា​ថា អ​សីលធម៌ និង​មាន​ភាព​គ្រោតគ្រាត​ខ្លាំង​មក​លើ​រូប​នាង ។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ចូលរួម​រិះគន់​នាង​ដេ​នី ខ្វាន់ ដែល​ស្លៀកពាក់​សិច​ស៊ី ហួសហេតុ​នាំ​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ ។ បន្ទាប់​ពី​អ្នក​នាង​ពេ​ជ្ជ​តា​ចូលរួម​ជា​យោបល់​នោះ​មក នាង​ឯក សុជាតា ហៅ​សា​សា បាន​រិះគន់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ថា «​មនុស្ស​ល្អ​មិន​រមាស់​រឿង​គេ​ទេ គេ​ស៊ី​បាយ​ផ្ទះ​គេ គេ​មិន​សុំ​បាយ​អ្នក​ស៊ី​ឡើយ ល្មម​ៗ​បាន​ហើយ​មើល​សម័យ​ផង បើ​ធ្វើ​មិន​បាន​ល្អ​ដូច​គេ កុំ​ច្រណែន​គេ សិស្ស​ច្បង​អី ធ្វើ​អ្វីខ្លះ​ហើយ​ដល់​សង្គម » ។ ពាក្យ​ចំអក​នេះ​ធ្វើ​ឲ្យ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ចេញ​សារ​ឆ្លើយ​តប​ទៅ​វិញ ខណៈ​ពេល​រឿងរ៉ាវ​នេះ​មាន​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផ្សេង​ទៀត​ក៏​ចូល​ដៀមដាម និង​ប្រមាថ​លើ​អ្នក​នាង​ពេ​ជ្ជ​តា​ដែរ ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​សរសេរ​ថា «​ជម្រាបសួរ​ពុក​ម៉ែ បងប្អូន ពូ​មីង និង​មិត្ត​ទាំង​ជិត​ឆ្ងាយ​ជាទី​គោរព អស់​រយៈពេល​ចំនួន​៣​យប់​ហើយ​ដែល​នាង​ខ្ញុំ​មិន​បាន​សម្រាក​គ្រប់គ្រាន់​ទេ ដោយសារ​មាន​អ្នក​រំខាន ។ នាង​ខ្ញុំ​សូម​ជំរាប​ថា បន្ទាប់​ពី​នាង​ខ្ញុំ​បាន​បង្ហោះ​សារ​មួយ​តាម​ហ្វេ​ស​ប៊ុ​ក និង Page របស់​នាង​ខ្ញុំ​ដែល​មាន​ខ្លឹមសារ​ថា «​សុភាសិត​មួយ​បាន​ពោល​ថា​ធ្វើ​អំណោយ​ផ្ចាញ់​មនុស្ស​ចិត្ត​កំណាញ់ បង្កើត​ក្តី​ស្រលាញ់​ផ្ចាញ់​នឹង​ក្តី​ស្អប់ និយាយ​ត្រង់​ធ្វើ​ត្រង់​ផ្ចាញ់​មនុស្ស​កុហក ផ្ចាញ់​មនុស្ស​អាក្រក់​ដោយ​អំពើ​ល្អ » ។ ការ​នៅ​ស្ងៀម​ខ្លះ មិនមែន​បាន​ន័យ​ថា​យើង​ខ្លាច ឬ​ចុះចាញ់​នោះ​ទេ ប៉ុន្តែ​ព្រោះតែ​រឿង​ទាំងនោះ​វា​គ្មាន​តម្លៃ​ស្មើនឹង​កិ​តិ្ត​យស​របស់​យើង ។

សូម​បញ្ជាក់​ថា សារ​នេះ​នាង​ខ្ញុំ​បង្ហោះ​ឡើង​ក្រោយ​ពី​មាន​ពាក្យ​សម្តី​វាយប្រហារ​នាង​ខ្ញុំ​ពី​អ្នក​នាង​សា​សា តាម Account របស់​នាង​ឈ្មោះ Ek Socheata​។ នាង​បាន​ប្រើ​ពាក្យ​មាក់ងាយ អ​សីលធម៌ និង​គ្រោតគ្រាត​ណាស់​មក​លើ​នាង​ខ្ញុំ​មិន​គួរ​ឱ្យ​អត់ឱន ។ ពិតជា​មិន​ត្រឹមត្រូវ​ទេ ដែល​នាង​មក​បំពាន​សិទ្ធិ​នាង​ខ្ញុំ​ដោយ​គ្មាន​ហេតុផល​បែប​នេះ ។ ប៉ុន្តែ​ពេល​នោះ​ក៏​មាន​មហាជន​ជា​ច្រើន​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត និង​មិន​គាំទ្រ​នូវ​សម្តី ចរិត និង​អំពើ​នាង​ដែរ ។ មតិ​តែ​មួយ​របស់​ពួក​គាត់​គឺ «​នាង​គ្មាន​គុណសម្បត្តិ​គ្រប់គ្រាន់​នឹង​មក​រិះគន់ ឬ​វាយ​ម្លៃ​យើង​បាន​ឡើយ​» ។ ពួក​គាត់​បាន​លើក​កម្លាំងចិត្ត​ខ្ញុំ និង​សំណូមពរ​មិន​ឱ្យ​ខ្ញុំ​តបត ។ ដោយ​ធ្លាប់​តស៊ូ​អត់ធន់​បានជា​ច្រើន​រឿង​កន្លង​មក​ហើយ និង​ដោយ​គោរព​តាម​សំណូមពរ​មហាជន ទស្សនិកជន និង​មិត្តសម្លាញ់ រួម​ទាំង​បងប្អូន​នាង​ខ្ញុំ​ផង នាង​ខ្ញុំ​សម្រេចចិត្ត​នៅ​ស្ងៀម ដើម្បី​សន្តិភាព ។ ប៉ុន្តែ​មិន​ដូច​ការ​គិត​របស់ខ្ញុំ និង​មហា​ជន​ទាំងអស់​ទេ គេ​មិន​យល់​បំណង​ល្អ​យើង​ឡើយ តែ​គេ​បែរជា​ប្រកាសសង្គ្រាម​ជាមួយ​យើង​ទៀត ។ ជន​លាក់​មុខ​នេះ​គេ​បង្កើត Account ថ្មី ខ្លះ និង​ចាស់ ហើយ​ប្តូរ​ពីរ បី​ដង​ចេញ​មក​គំរាម​ខ្ញុំ ប៉ុន្តែ​មាន​តែ​២​នាក់​ប៉ុណ្ណោះ​ដែល​ខ្ញុំ​សង្ស័យ​នៅ​ពីក្រោយ​រឿង​នេះ ។ ឥឡូវ​នាង​ខ្ញុំ​កំពុង​បារម្ភ​ពី​សុវត្ថិភាព ហើយ​ចង់​សុំ​យោបល់​ពី​បងប្អូន​ទាំងអស់​ថា​តើ​នាង​ខ្ញុំ​គួរ​ធ្វើ​បែប​ណា ? សូម​បងប្អូន​មេត្តា​ជួយ​ជា​យោបល់​ម្នាក់​បន្តិច​មក ។

នាង​ខ្ញុំ​បាន​ថត​ទុក​នៅ​ពេល​ជន​ទី​១ ដើរតួ​ជា​ស្រី​ចំណាស់​អត់​កូន​ឈ្មោះ Soline Vorn ចូល​មក​គំរាម​ក្នុង Page តែ​ដោយ​គេ block បាត់​ហើយ​ទិន្នន័យ​បាន​តិច ។ ជន​ទី​២ ឈ្មោះ​ក្នុង​Account Viras Dara ដែល​នាង​ចូល​មក​ជេរ ហើយ​គំរាម​ខ្ញុំ នៅ​យប់​ថ្ងៃ​ទី​៥ មិថុនា ២០១៦»៕