ស្រែកយំគ្រប់គ្នា ! ពេលឃើញ​ក្បួន​​រថយន្ត​​ថៃ​​ចូល​​ដី​​ខ្មែរ​​​

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖ ​សព​​ពលករ​ដែល​​ជួប​ឧប្ប​ទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍លើ​ទឹកដី​ថៃ ​ត្រូវ​​បាន​គេ​​បញ្ជូនមក​​​ដល់​កម្ពុជា​ហើយ​តាម​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​កាលពី​ម៉ោងជាង​​០៧​យប់​​ថ្ងៃ​ទី​០៨ មិថុនា​ ២០១៦ ដែលទិដ្ឋភាព​នេះ ​ពិត​​ជា​​គួរ​ឱ្យ​សោក​សង្វេគ ​និង​​រន្ធត់​ចិត្ត​ណាស់​ ខណៈ​ក្បួន​រថយន្ត​ដឹក​សព​នោះ​ បំពាក់​ទៅ​ដោ​យ​ស៊ឺរ៉ែ​ន​​ភ្លើង​​ភ្លឺ​ចែងចា​ច​ពេញ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ។

​សាក​សព​រង​គ្រោះ​ទាំងអស់​មាន៦​នាក់ ​ក្នុងនោះ​អ្នក​​​ខេត្តសៀមរាប​​៤​នាក់  ១-​ឈ្មោះ​សត់ ​ពៅ​ ភេទ​ប្រុស ​អាយុ​៤៣ឆ្នាំ​ ២-​ឈ្មោះ​សា​ រឿង​សា​ឯម ​ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ៣-ឈ្មោះ​សត់​ ធឿ​ន ​ភេទ​ស្រី ​អាយុ​៣២​ឆ្នាំ​ ៤-ឈ្មោះ​ជ័យ​ ច​ន្នី​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ ៥- ឈ្មោះ​ប៊ុ​ន ​វរៈ​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ មក​ពី​ខេត្តកំពង់ឆ្នាំង​ និង​៦-​ឈ្មោះ​មិន ​សុវណ្ណ​ ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ មក​ពី​ខេត្តកោះកុង​ ។

សព​​ទាំង​៦នាក់ ​គេ​ឃើញ​រថយន្ត​មន្ត្រី​កុងស៊ុល​កម្ពុជា​​ប្រចាំ​ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​ ជូន​ដំណើរ​ហើយ​លើកដាក់​សព​តម្កល់​​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុង​ភូមិ​ក្បាលស្ពាន​២​ សង្កាត់​ប៉ោយ​ប៉ែត ​។ សាច់ញាតិ​សព​មួយ​ចំនួន​​ បាន​ស្រែក​ទ្រ​ហ៊ោ​យំ​អឺងអាប់​ ហើយ​ចំពោះ​សព​ដែល​មាន​សាច់ញាតិ​មក​ដល់​ បាន​រក​ជួល​រថយន្ត​ដឹក​ទៅ​ស្រុក​កំណើត​ ។ ឯ​សព​​មួយ​ចំនួន​ទៀត​ មិន​ទាន់​ឃើញ​សាច់ញាតិ​មក​ដល់​ ត្រូវ​តម្កល់​ក្នុង​វត្ត​ខាងលើ​សិន​ ។

មន្ត្រី​កុងស៊ុល​ប្រាប់​កោះ​ស​ន្តិភាព​ថា ​អ្នក​រង​របួសស្រាល​មានចំនួន​ជាង​១០នាក់ ​និង​ដឹក​ត្រឡប់​តាម​រថយន្ត​ទ្រុង​មក​ឱ្យ​ទីតាំង​ទទួល​ពលករ​ក្នុង​យប់​ដដែល​នេះ ។ ​ដោយឡែក​ អ្នក​របួសធ្ងន់​​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ​នៅឡើយ ។

គួរបញ្ជាក់ថា រថយន្ត​មី​ត​ស៊ុ​យ​ប៊ី​ស៊ី​មួយ​គ្រឿង​របស់​ជនជាតិ​ថៃ​ដែល​ដឹក​ពលករ​ខ្មែរ ដោយសារ​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​និង​ក្រឡាប់​ធ្លាក់ទឹក​ស្លាប់​៦​នាក់ និង​របួសធ្ងន់​ស្រាល​ជាង​២០​នាក់ នៅ​ផ្លូវ​សុ​វ​ណ្ណាស​ន ចំណុច​ក្រុម​២ ឃុំ​ផាក់​ខាក់ ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមិថុនា ។

ប្រភព​ពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​ថា នៅ​ក្នុង​ចំណោម​ពលករ​ខ្មែរ​៦​នាក់​ដែល​ស្លាប​នេះ​មាន​ស្ត្រី​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង  ក្រៅពី​នេះ មាន​ពលករ​របួសធ្ងន់​ស្រាល​២៤​នាក់​ផ្សេង​ទៀត ។ ពលករ​ខ្មែរ​មួយ​ចំនួន​ត្រូវ​រថយន្ត​សង្កត់ជាប់​នៅ​ក្នុង​ទឹក និង​ប្រឹង​លើកដៃ​ឡើង​ឲ្យ​គេ​ជួយ ។ ពេល​នោះ​បើ​ទោះជា​មាន​ក្រុម​សង្គ្រោះ​មក​ពី​ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន មក​ពី​ស្រុក​អារញ្ញ រួម​ជាមួយ​អ្នកស្រុក​បាន​ព្យាយាម​ជួយ​ក៏​ដោយ​ក៏​នៅ​តែ​ជួយ​មិន​បាន ព្រោះ​រថយន្ត​សង្កត់ជាប់ ។