សំណាង​ណាស់ សមត្ថកិច្ច​បង្ក្រាប​ទាន់​ពេល

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​ព្រៃ​ទទឹង សង្កាត់​សួង ក្រុង​សួង ដោយ​ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន​ដូច​ជា អាវុធ​ខ្លី​ប្រើ​ហ្គា​ស​(​បាញ់​គ្រាប់​កាំ​កង់​) គ្រាប់ K54 ចំនួន​៤​គ្រាប់ ឯកសណ្ឋាន​នគរបាល​ជាតិ ឯកសណ្ឋាន​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ពិល​ឆក់​១ ព្រមទាំង​របស់​មួយ​ចំនួន​ទៀត ។ ក្រុម​នេះ​អាច​មាន​ចេតនា​ប៉ង​ធ្វើ​អ្វីមួយ តែ​មិន​ទាន់​នឹង​បាន​ប្រព្រឹត្ត​ផង ត្រូវ​បាន​បង្ក្រាប​ទាន់​ពេលវេលា ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មាន ១-​ឈ្មោះ ម៉ា​ប់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង ២-​ឈ្មោះ ម៉ា​ន់  ស៊ី​រ៉​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

លោកស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា បើ​តាម​ការ​ពិនិត្យ​ពី​ការ​ក្លែង​ឯកសណ្ឋាន​កងកម្លាំង​នគរបាល និង​យុទ្ធ​ពល​ខេមរភូមិន្ទ​នេះប្រាកដ​មាន​ចេតនា​អាច​ប៉ង​ធ្វើ​សកម្មភាព​អំពើ​ទុច្ចរិត​នៅ​កន្លែង​ណាមួយ​ក្នុង​ពេល​ដែល​មានឱកាស​ហុច​ឲ្យ ។ តែ​នេះ​ចាត់ទុកជា​សំណាង​ដែល​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ការ​ ទប់ស្កាត់ និង​បង្ក្រាប​ទាន់​ពេល​វេលា ដោយ​ដកហូត​បាន​អាវុធ​ខ្លី អាច​និយាយ​ថា ប្រសិនបើ​ធ្វើ​សកម្មភាព​នៅ​កន្លែង​មួយ​បាន​សំរេច ក្រុម​នេះ​អាច​ដោះ​សម្លៀក​បំពាក់​ធម្មតា​ចេញ រួច​ពាក់​ឯកសណ្ឋាន​សមត្ថកិច្ច ដោយ​បាន​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ណាមួយ គឺ​មិន​មាន​មជ្ឈដ្ឋាន​ទូទៅ​ចាប់អារម្មណ៍ ហើយ​អាច​គេចខ្លួន​បាន​ដោយ​ស្រួល​ផង​ដែរ ។ សម្រាប់​​សកម្មភាព​កន្លង​មក​នៅ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ ខេត្ត​ត្បូងឃ្មុំ មិនដឹង​ជា​ធ្លាប់​ធ្វើ​អ្វីខ្លះ​បាន​ប៉ុន្មាន​ដងនោះ​ទេ ដូច​ជា​ករណី​ថ្មី​ៗ​នេះ ចោរ​៤​នាក់​បាន​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង និង​លក់​ឈើ នៅ​ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ចោរ​បាន​ប្លន់​អាជីវករ​លក់​មាស​នៅ​ក្រុង​សួង​ពេល​ដែល​ធ្វើ​ដំណើរ​មក​ផ្ទះ និង​ករណី​ប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​ពញាក្រែក កំពុង​តែ​ឲ្យ​ជំនាញ​សមត្ថកិច្ច​ពិនិត្យ​មើល តើ​ជនសង្ស័យ​២​នាក់​នេះ​ពាក់ព័ន្ធ​ដែរ​ឬទេ ?