ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា (នៅ​មាន​ត)

ទម្រង់​ល្ខោន​ប្រុស​ដែល​ល្បីល្បាញ​ជាងគេ​នៅ​ប្រទេស​ឥណ្ឌា មានឈ្មោះ​ថា «​កា​ថា​កាលី​» (KATHAKALI) ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ ចំណែក​នៅ​ប្រទេស​ជប៉ុន​វិញ​ទម្រង់​ល្ខោន​«​កា​ប៊ូ​គី​» ( KABUKI ) ជប៉ុន ក៏​មាន​សុទ្ធតែ​សិល្បករ ប្រុស​ៗ​ជា​អ្នក​រាំ ហើយ​ក៏​មាន​អាយុ​ច្រើន​សតវត្សរ៍​មក​ហើយ​ដែរ ?

ចំពោះ​កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​ដើម​កំណើត​របស់​ល្ខោនខោល​វិញ​នោះ វា​រឹតតែ​ជា​ការ​ស្មុគស្មាញ​ណាស់​ទៅ​ទៀត សម្រាប់​យើង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ ដ្បិត​ប្រទេស​កម្ពុជា ជា​ប្រទេស​បាន​ជួប​នូវ​ផលវិបាក​ដោយសារ​សង្គ្រាម​បំផ្លាញ​ជាតិ ច្រើន​ជំនាន់​រាប់​មិន​អស់ ។ គ្រប់​សង្គ្រាម​ដែល​បាន​កើតឡើង​សុទ្ធតែ​បាន​បំផ្លាញ​វប្បធម៌​ជាតិ តាម​រយៈ​ការ​បំផ្លាញ​ឯកសារ បំផ្លាញ​បេតិកភណ្ឌ លួច​យក​សម្បត្តិ​វប្បធម៌​ជាតិ​កម្ពុជា និង​មានការ​កាប់សម្លាប់​សិល្បករ ដែល​ជា​ឯកសារ​រស់​របស់​ជាតិខ្មែរ​ជាដើម ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី ក៏​នៅ​មាន​ចំណុច​ពិសេស​ខ្លះ ដែល​ធ្វើ​ឱ្យ​យើង​អ្ន្​ក​ស្រាវជ្រាវ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​... នោះ​គឺ​ល្ខោនខោល សម្តែង​បាន​តែ​រឿង​រាមកេរ្តិ៍​មួយ​គត់ ។ ឆ្លង​តាម​ចំណាប់អារម្មណ៍​លើ​ចំណុច​នេះ ហើយ​ក៏​ដោយ​យោង​ទៅ​លើ​ឯកសារ ដែល​សេសសល់​ច្រើន​បង្គួរ ស្តី​ពី​រឿង​រាមកេរ្តិ៍​នៅ​ប្រទេស​កម្ពុជា​នោះ អ្នក​ស្រាវជ្រាវ​សាកល្បង​វិភាគ​ដើម្បី​បំភ្លឺ​ពី​កាលបរិច្ឆេទ​នៃ​ទម្រង់​ល្ខោនខោល​នេះ​ដូច​តទៅ ។

រឿង​រាមកេរ្តិ៍​ជា​រឿង​មួយ​ដែល​មាន​ចំណាស់​ជាងគេ ហើយ​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ប្រទេស​កម្ពុជា ។ បើ​តាម​ឯកសារ​របស់​ព្រះ​តេជគុណ​ប៉ា​ង ខាត់ ក្នុង​សៀវភៅ​ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​ខ្មែរ ព្រះ​អង្គ​បាន​មាន​ពុទ្ធដីកា​ថា ព្រហ្មញ្ញសាសនា ក៏​ដូច​ជា ពុទ្ធសាសនា​ដែរ បាន​ហូរ​ចូល​ដល់​ជ្រោយ​សុវណ្ណ​ភូមិ «​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​» តាំងពី​៣០៩​ឆ្នាំ​មុន គ្រឹ​ស្ត​សករាជ​មក​ម្ល៉េះ ។ ចុះបើ​ព្រហ្មញ្ញសាសនា​ហូរ​ចូល​មក តើ​រឿង​រាមាយណៈ ដែល​ជា​រឿង​ផ្សព្វផ្សាយ​ពី​ឥទ្ធិពល​សាសនា​នេះ​អាច​ហូរ​ចូល​មក​ក្នុង​ពេល​នោះ​ដែរ​ឬទេ ? ឬ​ក៏​ហូរ​ចូល​មក​ក្នុង​ពេល​ដែល​ព្រាហ្មណ៍​កៅ​ណ្ឌិ​ន្យ ចូល​មក​ច្បាំង រួច​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​នាគី «​សោ​មា​» «​ព្រះថោង និង​នាងនាគ » ? ឬ​ក៏​ហូរ​ចូល​មក​ក្រោយ​ពេល​នោះ ប៉ុន្តែ​មុន​សម័យ​អង្គរ ?

សព្វថ្ងៃ​គេ​សង្កេត​ឃើញ​មាន​សំណល់​រឿង​រាមកេរ្តិ៍ «​រាមាយណៈ​» ជា​ច្រើន នៅ​ស្ទើរតែ​គ្រប់​ទម្រង់​នៃ​ទម្រង់​សិល្បៈ​ខ្មែរ​ដូច​ជា​៖
១-​សិល្បៈ​ចម្លាក់
-​រូបចម្លាក់ នៅ​ប្រាសាទ​កោះ​កេរ សាង​ក្នុង​ដើម​សតវត្សរ៍​ទី​១០ «​អន្លើ ខ្លះ​ៗ នៃ​រឿង​រាមកេរ្តិ៍ » ។
-​ប្រាសាទបន្ទាយស្រី កណ្តាល​សតវត្សរ៍​ទី​១០ «​អន្លើ ខ្លះ​ៗ​នៃ​រឿង​រាមកេរ្តិ៍​» ។
-​ប្រាសាទបាពួន ដើម​សតវ​វត្សរ៍​ទី​១១ «​អន្លើ ខ្លះ​ៗ​នៃ​រឿង​រាមកេរ្តិ៍ » ។

-​ប្រាសាទអង្គរវត្ត សាង​ក្នុង​អំឡុង​ឆ្នាំ​១១១៣-១១៥២ ក្នុង​រជ្ជកាល​ព្រះបាទ​សូ​រិ​យាវ​រ្ម័​នទី​២ នៅ​ប្រាសាទ​នេះ រឿង​រាមកេរ្តិ៍ ត្រូវ​គេ​ឆ្លាក់​នៅ​ច្រើន​កន្លែង ខុស​ៗ​គ្នា ដូច​ជា​នៅ​ទ្វារ​ខាងលិច​ជ្រុង​ខាងត្បូង ទ្វារ​ខាងលិច​ជ្រុង​ខាងជើង ជញ្ជាំង​ខាងលិច​ជាដើម ។ ឯ​សាច់​រឿង​រាមកេរ្តិ៍​វិញ គេ​សង្កេត​ឃើញ​មាន​ច្រើន​អន្លើ តាំងពី​ព្រះ​រាម​ទទួល​ជ័យជម្នះ ក្នុង​ការ​ប្រឡង​លើក​ធ្នូ​... រាពណ៍​ចាប់​នាង​សិ​តា ចម្បាំង​រវាង​ព្រះ​រាម និង​សម្ព័ន្ធមិត្ត​ស្វា​ទល់​នឹង​ពួក​រាពណ៍ និង​អសុរ​ឯទៀត​ជា​សម្ព័ន្ធមិត្ត រហូត​ដល់​ឆាក​ស្តី​ពី​នាង​សិ​តា​លុយ​ភ្លើង​ដើម្បី​បញ្ជាក់​ពី​ការ​ស្មោះត្រង់​របស់​នាង​ចំពោះ​ស្វាមី ថ្វី​ដ្បិតតែ​ក្រុង​រាពណ៍​បាន​ចាប់​យក​នាង​ទៅ​នគរ​ក្រុង​ល​ង្លា​អស់​កាល​យូរ​ក៏​ដោយ និង​អន្លើ​ផ្សេង​ពី​នេះ​ច្រើន​ទៀត ។

(​នៅ​មាន​ត​)