ដណ្តើម​មើល​រឿងភាគ​ឥណ្ឌា​ ប្រពន្ធ​ចាក់​1​កាំបិត

ដណ្តើម​មើល​រឿងភាគ​ឥណ្ឌា​ ប្រពន្ធ​ចាក់​1​កាំបិត



រាជធានី​ភ្នំពេញ ៖ ពិតជា​រឿងរ៉ាវ​ដែល​ស្មាន​មិន​ដល់​មួយ ដែល​ប្ដី​-​ប្រពន្ធ​មាន​ជម្លោះ​គ្នា​ដោយសារ​តែ​ដណ្ដើម​គ្នា​មើល​រឿង​ក្នុង​ទូរទស្សន៍​មិន​ចុះសម្រុង​គ្នា ក៏​បាន​ក្លាយជា​ជម្លោះ​ប្រពន្ធ​យក​កាំបិត​ចាក់​ប្ដី​ធ្លុះ​ដើមទ្រូង ។​

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ប្តី​ត្រឡប់​មក​ពី​រត់​ម៉ូតូឌុប​ចង់​មើល​ទូរទស្សន៍​តាមដាន​រឿង​ភាគឥណ្ឌា ចំណែក​ប្រពន្ធ​ចង់​មើល​រឿង​ផ្សេង ក៏​បាន​ឈ្លោះប្រកែក​គ្នា ហើយ​បុរស​ជា​ប្តី​បាន​ទះកំផ្លៀង​ប្រពន្ធ​៣​ដៃ ធ្វើ​ឱ្យ​ប្រពន្ធ​ខឹង​យក​កូនកាំបិត​ចាក់​ប្តី​ចំ​ដើមទ្រូង ហូរ​ឈាម​ស្រោច​ពេញ​ខ្លួនប្រាណ ។

បន្ទាប់​ពី​ចាក់​ប្ដី​ដោយ​កំហឹង​ជ្រុលដៃ ស្ត្រី​ជា​ប្រពន្ធ ក៏​បាន​វេច​បង្វិច​នាំ​កូន​រត់គេច​ខ្លួន ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី៧ ខែមិថុនា ស្ថិត​នៅផ្ទះ​ជួល ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​គេ​និយាយ​ថា អ្នក​ក្រីក្រ​ពិតជា​ចិត្ត​ភ្លើង​មែន ។

បុរស​ជា​ប្តី​ឈ្មោះ ជ្រែង សុភា អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​បន្ទប់​លេខ​៥ កន្លែង​កើតហេតុ ។ ចំណែក​ប្រពន្ធ​បានរ​ត់ទៅ​ជាមួយ​កូនប្រុស​តូច​អាយុ​៥​ឆ្នាំ បន្ទាប់​ពី​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ប្ដី​បាន​ប្រាប់ អោយ​ដឹង​ថា រូប​គាត់​បាន​ទៅ​រត់​ម៉ូតូឌុប តាំងពី​ព្រលឹម​ទល់​ព្រលប់ លុះដល់​ពេល​មក​ផ្ទះ​វិញ ហូប​បាយ​រួច ប្រពន្ធ​គាត់​កំពុង​មើល​ទូរទស្សន៍ ។ គាត់​ក៏​សុំ​មើល​ប៉ុស្តិ៍​ដែល​មាន​លេង​រឿង​ភាគ​ឥណ្ឌា​ដើម្បី​ត​ភាគ តែ​ប្រពន្ធ​មិន​ព្រម​ដូរ​ប៉ុស្តិ៍​អោយ​មើល​ទេ ដោយ​ចង់​មើល​រឿង​ផ្សេង ហើយ​ប្រពន្ធ​បាន​និយាយ​ថា ម៉េច​រឿង​ហ្នឹង​សំខាន់​ណាស់​អី ?

ពេល​នោះ​គាត់​ជា​ប្តី​បាន​បន្ត​ថា ចំណែក​អូន​ឯង​នៅ​តែ​ផ្ទះ​គ្មាន​ធ្វើ​អី ម៉េច​ខ្ញុំ​ខំ​រត់​ម៉ូតូឌុប​តាំងពី​ថ្ងៃ​ដល់​យប់​រក​លុយ​ចូល​ផ្ទះ គ្រាន់តែ​ចង់​មើល​រឿង​ប៉ុណ្ណឹង​មិន​បាន​ឬ? ដោយសារ​តែ​ខឹង​បាន​ស្ទុះ​ហក់​ទៅ​វាយ​២​ទៅ​៣​ដៃ ស្រាប់តែ​ប្រពន្ធ​ស្ទុះ​យក​កាំបិត​ចិតបន្លែ​ចាក់​ចំ​ដើមទ្រូង​ខាងស្តាំ​មួយ​ទំហឹង បណ្តាល​អោយ​បាញ់​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ប្រពន្ធ​ចាក់​ប្តី​ឲ្យ​រង​របួស​ហើយ ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រមែប្រមូល​លុយ​ដែល​មាន​ទាំង​ប៉ុន្មាន និង​យក​កូនប្រុស​តូច​អាយុ​៥​ម្នាក់ រត់​ចេញពីផ្ទះ​ទៅ​បាត់​។ ភ្លាម​ៗ​នោះ បុរស​ជា​ប្តី​ដែល​រង​របួស បាន​ជិះ​ម៉ូតូ​តាម​រកប្រពន្ធ​ទាំង​ហូរ​ឈាម តែ​រក​មិនឃើញ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ទើប​អ្នក​ជិតខាង​ដឹង ក៏​មានការ​ភ្ញាក់ផ្អើល ។

បើ​តាម​អ្នក​ជិតខាង​បានអោយ​ដឹង​ថា បុរស​រង​គ្រោះជា​ប្ដី​ជា​មនុស្ស​ចិត្តល្អ​ហើយ​ស្លូត តាំងពី​មក​នៅ​ទី​នេះ​ជាង​២​ឆ្នាំ​ហើយ ឃើញ​តែ​ប្រពន្ធ​គាត់​រករឿង និង​វាយ​គាត់​រហូត និង​ធ្លាប់​បង្ក​របួស​ចាក់​គ្នា​ចំនួន​៣​ដង​មក​ហើយ តែ​មិន​ធ្ងន់ធ្ងរ​ដូច​លើក​នេះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​អ្នក​ជិតខាង​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ របស់​អង្គភាព ៧១១ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​តែ​ម្នាក់ឯង មិន​ទាន់​មាន​សាច់ញាតិ​មក ជួយ​មើលថែ​ទាំងនោះ​ទេ ៕