បទល្មើស​បំផ្លាញ​ព្រៃ​សហគមន៍​នៅ​ស្រុក​រុក្ខ​គិរី កំពុង​កើតឡើង​យ៉ាង​រាលដាល​ដោយ​គ្មាន​ការទប់ស្កាត់​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី បាន​ឲ្យ​ដឹងថា បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​កើតឡើង​យ៉ាង​រាលដាល ប៉ុន្តែ​លោក ពេជ្រ ម៉ាឡៃ មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ឃុំ​ស្តុក​ប្រវឹក បាន​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ព្រៃឈើ​សហគមន៍​ព្រៃ​ត្រឡាច ឃុំ​ស្តុក​ប្រវឹក នឹងត្រូវ​រលាយ​ហិនហោច​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ចៀស​មិន​ផុត​ឡើយ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្តុក​ប្រវឹក បាន​ឲ្យ​ដឹងថា មន្ត្រី​មានអំណាច​ក្នុង​មូលដ្ឋាន​មួយចំនួន​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ សង់​លំនៅដ្ឋាន​និង​ដាំដំឡូង​មី​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅពេល​ប្រជាពលរដ្ឋ​ទន្ទ្រាន​ដីព្រៃ​បន្តិចបន្តួច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ភ្លាមៗ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ ក៏ប៉ុន្តែ​នៅពេល​មន្ត្រី​មានអំណាច​និង​អ្នកមាន​លុយ​បំពាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍ បែរជា​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​សម្ងំ​ស្ងាត់ឈឹង​។ ប្រជាពលរដ្ឋ​បានលើកឡើង​ចំៗ​ថា មន្ត្រី​យោធា​ស្រុក​រុក្ខ​គិរី និង​មេភូមិ​ស្រះ​ថត បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ និង​សាង​សង់ផ្ទះ​លើដី​នោះ​ប្រមាណ​២​ខែ​មកហើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង ចាត់វិធានការ​ទៅលើ​អ្នកមាន​លុយ អ្នកមានអំណាច ដែល​ទន្ទ្រាន​កាន់កាប់​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច​ក្នុង​ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ជាបន្ទាន់​។ ដោយហេតុថា រហូតមកដល់​ពេលនេះ​លោក ពេជ្រ ម៉ាឡៃ អភិបាលស្រុក​រុក្ខ​គិរី និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​នេះ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​យ៉ាង​កំរោល​នោះឡើយ​។ អ្នកធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​ក្នុង​ឃុំ​ស្តុក​ប្រវឹក រួមមាន​មន្ត្រី​យោធា មន្ត្រីនគរបាល និង​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​រុក្ខ​គិរី​ជាដើម ហើយ​សកម្មភាព​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ដីព្រៃ​សហគមន៍​ព្រៃ​ត្រឡាច​ទំហំ​១៣៣២​ហិកតា កំពុង​ប្រឈម​នឹង​ការទន្ទ្រាន​កាន់កាប់​ខុសច្បាប់​ឥតឈប់ឈរ​៕

that-0178លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង afa5fe95-1350-4b8f-a3c5-da19c19dd0e9ព្រៃសហគមន៍ព្រៃត្រឡាច ដែលកំពុងរងការទន្ទ្រានកាន់កាប់