គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ថា​បក្ស​ប្រឆាំង​​និង​សង្គម​ស៊ីវិល​អប់រំ​ពលរដ្ឋ​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី រិះគន់​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា បាន​អប់រំ​ពលរដ្ឋ​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល​ដើម្បី​ផល​ប្រយោជន៍។

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ច្រាន​ចោល​ការ​រិះគន់​នេះ ដោយ​សំអាង​ថា ពលរដ្ឋ​ត្រូវ​ទទួល​បាន​ចំណេះ​ដឹង​ពិតប្រាកដ និង​មាន​សិទ្ធិ​ពេញលេញ​ទាមទារ​អ្វី​ជា​តម្រូវការ និង​បំពេញ​ចន្លោះ​ខ្វះខាត​របស់​រដ្ឋាភិបាល។

ទាំង​មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​អះអាង​ថា ការ​តវ៉ា ការ​ទាមទារ​របស់​ពលរដ្ឋ​គឺ​ជា​សិទ្ធិ​សេរីភាព ដែល​រដ្ឋាភិបាល​មាន​ភារកិច្ច​ធានា​ឲ្យ​បាន ពោល​គឺ​មិន​ត្រូវ​បន្ទច់​បង្អាក់​ការ​អនុវត្ត​សិទ្ធិ​នេះ​ឡើយ។

ការ​លើក​ឡើង​នេះ​ឆ្លើយ​តប​នឹង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ដែល​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ ថ្ងៃ​ទី​៨ ខែ​មិថុនា ថា រដ្ឋាភិបាល​តែង​អប់រំ​ពលរដ្ឋ ជា​ពិសេស​យុវជន​ឲ្យ​គោរព​តាម​ច្បាប់​ទម្លាប់ ដែល​ផ្ទុយគ្នា​ពី​បក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន។

លោក​ថា រដ្ឋាភិបាល​ត្រូវ​ធានា​រក្សា​សុវត្ថិភាព និង​ស្ថិរភាព​សង្គម ពោល​គឺ​មិន​បណ្ដោយ​ឲ្យ​មនុស្ស​មួយ​ក្រុម​តូច​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​មនុស្ស​ភាគ​ច្រើន ដោយសារ​តែ​ការ​បង្ក​អសន្តិសុខ​សង្គម​ឡើយ៖ «ខាង​ផ្នែក​ប្រឆាំង ខាង​ផ្នែក​សង្គម​ស៊ីវិល​ខ្លះ​ដែល​គាត់​ទទួល​មាន​និន្នាការ​ប្រឆាំង​គាត់ បណ្ដុះ​​ធ្វើ​ម៉េច​ឲ្យ​មាន​ចលាចល​ឲ្យ​ងើប​ឡើង​ប្រឆាំង​រដ្ឋាភិបាល​​​​​ ពីព្រោះ​ធម្មតា​ឥឡូវ​នយោបាយ​នៅ​ក្នុង​តំបន់​ក៏ដោយ​នៅ​ក្នុង​ពិភព​លោក​នេះ ពេល​ខ្លះ ប្រទេស​ខ្លះ​គេ​មិន​ចង់​ឲ្យ​យើង​ហ្នឹង​រីក​ចម្រើន​ទេ​អូន គេ​ចង់​ឲ្យ​យើង​ហ្នឹង​ត្រឡប់​ធ្លាក់​ចុះ​ទៅ​វិញ ពីព្រោះ​ពេល​ណា​យើង​មាន​បញ្ហា​ប្រទេស​គេ​ទៅ​មុខ។ យើង​មាន​បញ្ហា​អសន្តិសុខ​គេ​ពួក​នោះ​គេ​ខ្សឹប​ប្រាប់​អ្នក​វិនិយោគ ប្រាប់​អ្នក​ទេសចរ​​​កុំ​មក​កម្ពុជា កម្ពុជា​មាន​បញ្ហា មក​ប្រទេស​ខ្ញុំ​វិញ​ ហ្នឹង​វា​ទាញ​គ្នា​ទៅ​វិញ​ទៅ​មក។ អ៊ីចឹង​សំខាន់​បំផុត​យើង​ទាំង​អស់​គ្នា ទាំង​ប្រជាពលរដ្ឋ​ ទាំង​អ្នក​សារព័ត៌មាន​ ទាំង​និស្សិត ទាំង​សហជីព​អី​ហ្នឹង ត្រូវ​រួមគ្នា​ជា​ពលរដ្ឋ​ល្អ​គោរព​ច្បាប់​ទាំង​អស់​គ្នា»

មន្ត្រី​បក្ស​ប្រឆាំង​លោក អេង ឆៃអ៊ាង លើក​ឡើង​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​កើត​ចេញ​ពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម៖ «ហើយ​ការ​ធ្វើ​បាតុកម្ម ការ​ទាមទារ​របស់​ពួកគាត់​ហ្នឹង​វា​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែង​ច្បាស់​ពី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​វា​អត់​ចាំ​បាច់​ថា ការ​ទាមទារ​ហ្នឹង​ត្រូវ​សុំ​ច្បាប់​អាជ្ញាធរ​ទេ​ មាន​តែ​អាជ្ញាធរ​ទេ​ដែល​បង្កើត​ទម្លាប់​បែប​កុម្មុយនិស្ត ដើម្បី​កៀបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ»

ករណី​នេះ​ដែរ​អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​អង្គការ​ការពារ​សិទ្ធិមនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​បំពេញ​ការងារ​អប់រំ​ពលរដ្ឋ​ឲ្យ​ស្គាល់​ពី​សិទ្ធិ ពី​សេរីភាព​របស់​ពួកគេ ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក​ថា ការ​តវ៉ា ការ​ទាមទារ​របស់​ពលរដ្ឋ​កើត​ចេញ​ពី​ការយល់​ដឹង​របស់​ពួកគេ នៅ​ពេល​ដែល​សិទ្ធិ​ទាំង​នោះ​ត្រូវ​គេ​រំលោភ​បំពាន។

លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ធានា​ការពារ​សិទ្ធិ​ពលរដ្ឋ ហើយ​រដ្ឋាភិបាល​អាច​បង្អាក់​ការ​តវ៉ា​នោះ​បាន ល្គឹក​ណា​តែ​មាន​ហេតុផល​គ្រប់គ្រាន់​ពី​កម្រិត​នៃ​ផល​ប៉ះពាល់​ដោយ​ការ​តវ៉ា​នោះ​ទៅ​ដល់​សង្គម​ជាតិ ដោយ​មិនមែន​គ្រាន់​ជា​លេស​មិន​សម​ហេតុផល​នោះ​ឡើយ៖ «បើ​សិន​ជា​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​តប ឬ​មិន​ទាន់​ឲ្យ​គេ​ធ្វើ​បាតុកម្ម​ទាមទារ​ដោយ​សន្តិវិធី​អ្វី​ម្យ៉ាង​ហ្នឹង លុះ​ត្រា​តែ​អាជ្ញាធរ​រដ្ឋ​ហ្នឹង​គាត់​មាន​ភស្តុតាង​ពិត​ប្រាកដ​ថា តើ​ព្រះ​រាជាណាចក្រ​​​​កម្ពុជា នៅ​ក្នុង​ភាព​គំរាម​កំហែង​បែប​ណា ត្រូវ​មាន​ភស្តុតាង​ច្បាស់​លាស់​ទើប​ប្រើប្រាស់​ជា​កម្មវត្ថុ​ក្នុង​ការ​បញ្ឈប់​ការ​ទាមទារ​ស្រប​ច្បាប់​របស់​ពលរដ្ឋ​បាន»

រដ្ឋ​ធម្មនុញ្ញ​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ទាំង ២​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។ ចំណែក​មាត្រា​៣៧ ចែង​ថា សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។

ការ​វាយប្រហារ​ខ្លាំងៗ​រិះគន់​ទៅ​លើ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​របស់​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា របស់​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ខ្លាំងៗ​ថា នឹង​ចាត់​វិធានការ​ចាំបាច់​នានា ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​មាន​សកម្មភាព​បំផ្លាញ​សន្តិភាព​ដែល​លោក​ខំ​កសាង​បាន​មក​ដោយ​លំបាក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។