សាក្សី ឌុច អះអាង​ថា នួន ជា បញ្ជា​ឱ្យ​សម្លាប់​មនុស្ស​ទាំង​អស់​នៅ​មន្ទីរ ស-២១

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម បន្ត​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា។ សាក្សី ឌុច អះអាង​ថា ជនជាប់ចោទ នួន ជា បាន​បញ្ជា​ឱ្យ​សម្លាប់​អ្នក​ទោស​នៅ​មន្ទីរ ស-២១ ឬ​គុក​ទួលស្លែង។

ការ​ផ្ដល់​សក្ខីកម្ម​ចូល​ដល់​ថ្ងៃ​ទី​២ សាក្សី ឌុច ថ្លែង​ប្រាប់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​ជន​ជាប់ចោទ នួន ជា ជា​អ្នក​បញ្ជា​លោក​ផ្ទាល់​ឱ្យ​សម្លាប់​អ្នក​ទោស​នៅ​គុក​ទួលស្លែង៖ «ក្នុង​ចន្លោះ​ពី​ថ្ងៃ​១ ដល់​ថ្ងៃ ៣ មករា ពូ នួន (នួន ជា) ហៅ​ខ្ញុំ​ទៅ​ប្រាប់​ឱ្យ​ដក​ទាំង​អស់។ មាន​ន័យ​ថា ទាំង​ក្មេង​ទាំង​ចាស់។ ការ​សម្រិតសម្រាំង​ក្នុង​កិច្ច​ដំណើរ​ការ​ហ្នឹង ខ្ញុំ​បញ្ជា​តាម​ការ​ណែនាំ​របស់​ពូ នួន ឱ្យ​កម្ទេច​ចោល​ឱ្យ​អស់​មុន​ពេល​ដែល​យួន​ចូល ហើយ​ពេល​ហ្នុង​ខ្ញុំ​សុំ​តែ ៤​នាក់​ទេ​ទុក។ ក៏​ប៉ុន្តែ ពេល​សវនាការ​នេះ ស្រាប់​តែ​លេច​ចេញ នង ចាន់ផល មួយ​មក​ធ្វើ​សក្ខីកម្ម​ថា ខ្លួន​ជា​ក្មេង​កំព្រា។ ដូច្នេះ ការ​វិភាគ និង​ការ​សន្និដ្ឋាន​របស់​ខ្ញុំ ខ្ញុំ​បញ្ជា​ច្បាស់ទៅ​ឱ្យ​មិត្ត ហ៊ ធ្វើ។ ដូច្នេះ​ស្រាប់​លេង​ចេញ​ក្មេង​បី​នាក់​នៅ​សល់។ វា​មាន​ការ​ឆក​ល្វែង​អ៊ីចឹង​ក្នុង​ការ​អនុវត្ត។ គ្នា​អ្នក​ខាង​ក្រោម​ក៏​ពិបាក​នឹង​អនុវត្តន៍​ដែរ ហើយ​ខ្ញុំ​សួរ​ថា អស់​ហើយ ឬ​នៅ? គាត់​ថា​អស់​ហើយ»

លោក ឌុច ក៏​បញ្ជាក់​ដែរ​ថា ជនជាប់ចោទ នួន ជា ជា​អ្នក​បញ្ជា​ឱ្យ​ចាប់​ប្រពន្ធ​កម្មាភិបាល​ជាន់​ខ្ពស់​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ក្បត់ ដូច​ជា ប្រពន្ធ វន វ៉េត និង ចេង អន ជា​ដើម។ លោក​ថា គោលការណ៍​ណែនាំ​ឱ្យ​អនុវត្ត​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា កាល​ណា​នរណា​ម្នាក់​ត្រូវ​គេ​ចោទ​ថា ជា​ជន​ក្បត់​បក្ស សមាជិក​គ្រួសារ​របស់​អ្នក​នោះ​ទាំង​អស់ ក៏​ត្រូវ​គេ​សម្លាប់​ដែរ ព្រោះ​តែ​ខ្លាច​មាន​ការ​សងសឹក​ទៅ​ថ្ងៃ​ក្រោយ។ ការ​សម្លាប់​បែប​នេះ គឺ​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ជំនាន់​កម្មាភិបាល​ឈ្មោះ វន វ៉េត និង​លោក​នៅ​កាន់​គុក​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ ហើយ​រហូត​ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ឌុច៖ «កូន និង​ប្រពន្ធ​អ្នក​មាន​ទោស គេ​ចាត់​ទុក​ដូច​ជា​អ្នក​មាន​ទោស​អ៊ីចឹង គឺ​ត្រូវ​តែ​កម្ទេច។ បើ​មិន​មាន​សារសំខាន់​អី​ចាំបាច់​ត្រូវ​សួរ​ចម្លើយ​ទេ គេ​កម្ទេច​ហើយ។ កុំ​ថា​តែ​កូន ថាច់ ជា ដែល​គាត​ជា​ធ្វើ​រដ្ឋមន្ត្រី​របស់ លន់ នល់ សូម្បី​តែ​កូន​បង វន។ តួនាទី​របស់ វន វ៉េត មិន​ស្ទើរ​ទេ ជា​អចិន្ត្រៃយ៍​មជ្ឈិម​បក្ស ហើយ​ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ពេល​ដែល​គេ​ចាប់​បង វន បង វិន ក៏​គេ​ចាប់។ ដូច្នេះ គោលការណ៍​ឱ្យ​តែ​ម៉ែឪ​ក្បត់ កូន​ក៏​គេ​យក​ទៅ។ និយាយ​ឱ្យ​ចំ ឱ្យ​តែ​មេ​គ្រួសារ​ជា​មនុស្ស​ប្រុស​ក្បត់​ហើយ គេ​ចាប់​ហើយ ប្រពន្ធ​ក៏​គេ​យក​ទៅ កូន​ក៏​យក​ទៅ»

សាក្សី ឌុច បញ្ជាក់​បន្ថែម​លើក​សាក្សី​មុនៗ ថា នរណា​ក៏ដោយ ឱ្យ​តែ​ត្រូវ​គេ​ចាប់​ចូល​ទៅ​ក្នុង​មន្ទីរ​ស-២១ គេ​ត្រូវ​សម្លាប់​ទាំង​អស់​មិន​ដែល​ដោះលែង​វិញ​ទេ លើកលែង​តែ​អ្នក​ទោស​ខ្លះ​គេ​ទុក​ប្រើ​បណ្ដោះអាសន្ន​សិន។

លោក​ឱ្យ​ដឹង​ថា ទីតាំង​សម្លាប់​អ្នក​ទោស កាល​ពី​ក្នុង​របប​ខ្មែរក្រហម​នោះ មាន​នៅ​ជើងឯក មន្ទីរពេទ្យ​តាខ្មៅ និង​ជុំវិញ​សាលា​ពញាយ៉ាត ដែល​គេ​យក​ធ្វើ​ជា​មន្ទីរ​ស-២១។ មនុស្ស​ចាស់​ត្រូវ​គេ​សម្លាប់​នៅ​ជុំវិញ​សាលា​ពញាយ៉ាត ឬ​គុក​ទួលស្លែង ពេល​បន្ទាន់​មាន​អ្នក​ទោស​ថ្មី​ចូល។ រី​ឯ​កុមារ គេ​សម្លាប់​នៅ​ជើង​ឯក។ សាក្សី ឌុច នឹង​ត្រូវ​ផ្ដល់​សក្ខីកម្ម​បន្ត​ទៀត នៅ​ថ្ងៃ​​ព្រហស្បតិ៍ ទី​៩ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។