ប្រេង​គេច​ព​ន្ឋ​ពី​ថៃ​កំពុង​សម្រុកចូល​តាម​ច្រករបៀង​ជប់​គគីរ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ត្រឹមតែ​ឆ្លើយ​ដាក់​គ្នា​រឿង​ប្រេង​គេច​ព​ន្ឋ​ពី​ថៃ​ចូល​តាម​ច្រករបៀង​ជប់​គគីរ ស្ថិត​ក្នុងភូមិ​ចាន់​ក្រហម​សែន​ជ័យ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុង​មួយ​ខែ​ៗ​ប្រេង​ប្រមាណ​ពី​២៥​ទៅ​២៧​ស៊ីទែន​ទេ បាន​ត្រូវ​ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង​ខាងលើ ហើយ​សកម្មភាព​នេះ​បាន​កើតឡើង​រយៈ​ពេល​៥​ខែ​មក​ហើយ ដោយ​សមត្ថកិច្ច​មិន​ចាត់វិធានការ​សង្ស័យ​បាន​លុយ​ពី​ឈ្មួញ ។

នៅ​ពេល​សួរ​ទាក់ទង​ទៅ​នឹង​ព័ត៌មាន​ខាងលើ អភិបាលខេត្ត​ឧត្តរមានជ័យ លោក ស ថា​វី បាន​ឲ្យ​ទៅ​សួរ​ខាង​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រករបៀង​ជប់​គគីរ ។

ចំណែក​លោក ប៉ែន ស្រស់ មន្ត្រី​គយ​ចល័ត​បាន​និយាយ​ថា ខាង​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​មិន​បានដឹង​ពី​បញ្ហា​នេះ​ទេ ដោយ​បន្ត​ឲ្យ​ទៅ​សួរ​លោក ខាន់ ផល្លា អនុប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តឧត្តរមានជ័យ ។ រីឯ​លោក ខាន់ ផល្លា​ថា ប្រេងសាំង​ដែល​នាំ​ចូល​តាម​ច្រករបៀង​ជប់​គគីរ​នោះ មិនដឹង​ថា​នាំ​ចូល​ស្របច្បាប់ ឬ​យ៉ាងណា​នោះ​ទេ ៕