តុលាការ​ឃុំខ្លួន​ឪពុកចុង ដែល​រំលោភ​កូនស្រី​អាយុ​១០​ឆ្នាំ​ជាច្រើនលើក​

តុលាការ​ឃុំខ្លួន​ឪពុកចុង ដែល​រំលោភ​កូនស្រី​អាយុ​១០​ឆ្នាំ​ជាច្រើនលើក​



កណ្ដាល​ ៖ ​ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្ដាល​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មិថុនា ​បាន​សម្រេច​ឃុំខ្លួន​ឪពុកចុង​ម្នាក់ ​ដែល​ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេពសន្ថវៈ​កូនស្រី​អាយុ​១០​ឆ្នាំ​ជា​ច្រើន​លើក។

មន្ត្រី​តុលាការ​ថ្លែង​ថា ឪពុកចុង​រូប​នេះ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស ​ទាក់ទង​នឹង​ជនរងគ្រោះ តាម​មាត្រា​២៤១​នៃ​ក្រមព្រហ្មទណ្ឌ។ បទល្មើស​នេះ​កំណត់​ការ​ផ្ដន្ទាទោស​ពី​៧​ឆ្នាំ​ទៅ​១៥​ឆ្នាំ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណីនេះ​ បាន​កើត​ឡើង​តាំងពី​​ចុងឆ្នាំ​២០១៥ រហូតមកដល់​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​កូនស្រី​រំលោ​ភ​នៅ​ត្រង់​ចំណុច​លើ​ផ្ទះ​ស្នាក់នៅ ក្នុង​បរិវេណ​ឡឥដ្ឋ​យីហោ​ត្បូង​ពេជ្រ ស្ថិត​ក្នុង​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល។​

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ​ឈ្មោះ នួន សឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​កម្មករ​ឡឥដ្ឋ (​ត្រូវជា​ឪពុកចុង​ក្មេងស្រី​រងគ្រោះ​) មាន​ទីលំនៅ​ក្នុងភូមិ​ព្រែកកុយ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​បរិវេណ​ទីតាំង​ឡឥដ្ឋ​ខាង​លើ​នេះ​។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ​មាន​អាយុ​១០​ឆ្នាំ មាន​សតិ​មិន​គ្រប់គ្រាន់ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ជន​សង្ស័យ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​អំឡុង​ឆ្នាំ​២០១៥ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លូក​ស្ទាបអង្អែល​ប្រដាប់​ភេទ​កូនស្រី​ប្ដី​ដើម​ជា​បន្តបន្ទាប់​ចំនួន​៣​លើក គ្រា​ដែល​ស្ត្រី​ជា​ប្រពន្ធ​មិន​នៅផ្ទះ​រវល់​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ។ លុះ​មកដល់​វេលា​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ជនសង្ស័យ​បានឃើញ​កូនស្រី​ចុង ​ដែល​មាន​សតិ​មិន​គ្រប់គ្រាន់ ដោះអាវ​ស្លៀកខោ​ងូតទឹក​ភ្លៀង​លេង​នៅ​ខាង​មុខ​ផ្ទះ ដោយ​សារ​តែ​មិន​មាន​នរណា​ម្នាក់​នៅផ្ទះ​ជនសង្ស័យ ​ក៏បាន​ស្រែកហៅ​កូនស្រី​ឲ្យ​ឡើង​ទៅ​លើ​ផ្ទះ ពេល​ទៅ​ដល់​ជនសង្ស័យ​បាន​ស្រាតខោ​ក្មេងស្រី​រងគ្រោះ​ចេញពី​ខ្លួន។ បន្ទាប់​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លូក​ស្ទាបអង្អែល​ប្រដាប់​ភេទ និង​បាន​យកដៃ​ធ្វើ​សកម្មភាព​ទៅលើ​ប្រដាប់​ភេទ​ក្មេងស្រី​រងគ្រោះ រហូត​នាង​ស្រែកយំ​ទើប​ឈប់។ លុះ​បាន​ប៉ុន្មាន​នាទី​ក្រោយមក​ជនសង្ស័យ​បាន​យក​ប្រដាប់​ភេទ​រប​ស់​ខ្លួន​ធ្វើ​សកម្មភាព​រំលោភ​កូនស្រី រហូត​បានសម្រេច​បំណង​ទើប​ឈប់។​

ក្រោយពី​មាន​ហេតុការណ៍​កើត​ឡើងជា​បន្តបន្ទាប់ ក្មេងស្រី​រងគ្រោះ​មិន​បាន​​និយាយប្រាប់​នរណា​ម្នា​ក់​នោះ​ទេ ទើបតែ​មកដល់​រយៈពេល​ចុងក្រោយ​នេះ​នាង​ធ្លាក់ឈាម​មិន​ឈប់​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​មាន​ការ​សង្ស័យ ក៏​ជជីក​សួរនាំ​រហូត​បែកធ្លាយ​រឿង​នេះ​​ រួច​នាំ​កូនស្រី​ទៅ​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​សមត្ថកិច្ច​នគរបាល​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង៕