សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ជូនពរ​បងប្អូន​សាសនិក​ឥស្លាម​ក្នុង​ឱកាស​ខែ​រ៉ា​មា​ដាន់​

សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ជូនពរ​បងប្អូន​សាសនិក​ឥស្លាម​ក្នុង​ឱកាស​ខែ​រ៉ា​មា​ដាន់​



ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ខែ​រ៉ា​ម៉ា​ដាន់​ចូល​មក​ដល់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូនពរ​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា និង​បាន​អំពាវនាវ​ចំពោះ​បងប្អូន​សាសនិក​ឥស្លាម​ទាំងអស់​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា​ជាមួយ​នឹង​ប្រជាជន​កម្ពុជា​ទាំងអស់​ដែលមាន​សាសនា​ និង​និន្នាការ​ខុសៗ​គ្នា ដើម្បី​រក្សា​នូវ​សន្តិភាព និង ការ​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​សារ​ទៅកាន់​បងប្អូន​ខ្មែរឥស្លាម​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែ​មិថុនា​ ឆ្នាំ ២០១៦ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ជា​ថ្ងៃទី ២ នៃ​ខែ​រ៉ា​មា​ដាន់ សម្រាប់​អ្នក​កាន់សាសនា​ឥស្លាម​នៅ​ទូទាំង​ពិភពលោក កាលពី​ម្សិលមិញ​(៧ មិថុនា​)​នៅ​ក្នុង​ពិធី​ព្រះពុទ្ធ​សាសនា​ខ្ញុំ​បាន​ជូនពរ​ដល់​បងប្អូន​សាសនិក​ឥស្លាម​នៅ​ថ្ងៃទី​១ ហើយ​នៅ​ក្នុង​ហ្វេ​ស​ប៊ុក​ក៏បាន​ជូនពរ ហើយ នៅ​ខេត្ត​ព្រះសីហនុ​ខ្ញុំ​ក៏បាន​ជូនពរ​ដល់​បងប្អូន​សាសនិក​ឥស្លាម។ សម្រាប់​ថ្ងៃនេះ​ខ្ញុំ​ចង់​មាន​យោបល់​ផ្ទាល់ ទៅកាន់​បងប្អូន​តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ប៊ុក​​ ទៅកាន់​សហគមន៍​ឥស្លាម​នៅ​កម្ពុជា ថ្វី​ត្បិត​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាន់យក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ក៏ប៉ុន្តែ​ការរៀបចំ​ដាក់​ឲ្យ​ដំណើរការ​ការ​គោរព​ចំពោះ​សាសនា​ឥស្លាម ត្រូវ​បាន​រៀបចំ​ទៅតាម​លំដាប់​លំដោយ​ស្រប​ទៅតាម​រចនាសម្ព័ន្ធ​ដែល​បងប្អូន​សាសនិក​ឥស្លាម​ចង់បាន។ ក្នុង​ការ​រីកចម្រើន​របស់​ប្រទេស​ជាតិ​បន្ទាប់ពី​ត្រូវ​បំផ្លិចបំផ្លាញ​ដល់​ឫសគល់​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពល សាសនា​ទាំងអស់​ក្នុង​នោះ​ មាន​សាសនា​ឥស្លាម​ផង​ដែរ​ បាន​រស់រាន​មានជីវិត​ឡើងវិញ​បន្ទាប់ពី​ការ​វាយ​ផ្តួល​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងនាម​រាជរដ្ឋាភិបាល​ខ្ញុំ​សូម​យក​ឱកាស​នេះ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ទាំងអស់​របស់​បងប្អូន​សាសនិក​ឥស្លាម ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ​សាសនិក​ឥស្លាម ដែល​បាន​ចូលរួម​វិភាគទាន​យ៉ាង​ធំ​សម្បើម ទៅដល់​ការកសាង​ជីវភាព​ផ្ទាល់ខ្លួន ការ​កសាង​ប្រទេសជាតិ ការ​កសាង​សហគមន៍​ឥស្លាម ក្នុង​នោះ​រាប់ទាំង​ព្រះវិហារ​ឥស្លាម​ដែលជា​ទី​សម្ភារៈ​បូជា​របស់​បងប្អូន​សាសនិក​ឥស្លាម។ បន្ថែម​លើ​នោះ​ទំនាក់ទំនង​អន្តរជាតិ​របស់​សាសនិក​ឥស្លាម ត្រូវបាន​ពង្រីក​ជា​បន្តបន្ទាប់​ដោយ​ក្នុង​នោះ កម្ពុជា​កំពុងតែ​ស្វះស្វែង​សុំ​ចូល​ជា​អង្គការ​សង្កេតការណ៍​នៃ​អង្គការ​សាសនា​ឥស្លាម​ពិភពលោក​ផង​ដែរ ហើយ​ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូលរួម​សន្និសីទ​នានា​ទាក់ទង​ឥស្លាម។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នា​ពេល​ថ្មី​នេះ ខ្ញុំ​បាន​ថ្លែងអំណរគុណ​ចំពោះ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី រដ្ឋាភិបាល​ម៉ាឡេស៊ី និង ប្រជាជន​ម៉ាឡេស៊ី ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សហគមន៍​ឥស្លាម​នៅ​កម្ពុជា ហើយ​បាន​ស្នើសុំ​ឲ្យ​បន្ត​ការ​ជួយ​បែបនេះ​តទៅទៀត។ ក្នុង​នោះ​ខ្ញុំ​និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ក៏បាន​ឯកភាព​គ្នា​ចេញ​សេចក្តី​ប្រកាស​រួម​ទាក់ទង​ទៅ​នឹង​ហា​ឡា​ល់​ហ្វូ​ត​ ដែល​ជា​មុខ​ជំនួញ​មួយ​ក្នុងចំណោម​មុខ​ជំនួញ​ដែល​ផ្តល់​ឲ្យ​បងប្អូន​ឥស្លាម​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​តាមរយៈ ការ​ចិញ្ចឹម ការ​សំឡេះ​សត្វ​តាមរយៈ​នៃ​ការ​ធ្វើ​ម្ហូបអាហារ​នេះ​សម្រាប់​នាំចេញ​ទៅកាន់​ពិភព ​នៃ​បណ្តា​ប្រទេស​កាន់សាសនា​ឥស្លាម​ពិសេស​ពិភព​អារ៉ាប់។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀត​ថា ២​ឆ្នាំ​កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល​បាន​ចាត់តាំង​ឲ្យ​មាន​ពិធី​ស្រាយ​បួស​ថ្នាក់​ជាតិ ដែល​មាន​រូប​ខ្ញុំ​ផ្ទាល់​ជា​អ្នកចូលរួម ហើយ​នៅ​ថ្ងៃទី ១៤ ខែ មិថុនា ខាងមុខនេះ​ និង​មានការ​រៀបចំ​ពិធី​នេះ​ជាថ្មី​ម្តង​ទៀត។ តាមរយៈ លោក ឧស្មាន់ ហាសាន់ បាន​ឲ្យ​ដឹង​ថា ​មិត្តភក្តិ​បរទេស​ជាច្រើន​ដែល​កាន់សាសនា​ឥស្លាម​និង​ត្រូវ​អញ្ជើញ​មក​ចូលរួម​ជា​កិត្តិ​យស​ក្នុង​ពី​ធី​ស្រាយ​បួស​នៅ​ភ្នំពេញ ដែល​ពួកគេ​ទាំង​នោះ​បាន​ទទួល​ស្គាល់​ថា ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ព្រះរាជាណាចក្រ​មួយ​ដែល​បាន​អនុវត្តន៍​នូវ​សុខដុម​បនិយកម្ម​លើ​បញ្ហា​សាសនា ក្នុង​នោះ​ក៏​មាន​ការ​លើ​កម្ពស់​ចំពោះ​ទៅដល់​វិស័យ​ឥស្លាម​សាសនា​ ដែល​ជា​ផ្នែក​មួយ​នៃ​សាសនា​នៅក្នុង​ប្រទេស​កម្ពុជា ។​

កាលពី​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​ក្នុង​ពិធី​រ៉ា​ម៉ា​ដាន់ ខ្ញុំ​ក៏​ធ្វើការ​សម្រេច និង អនុវត្ត​រួចរាល់​ហើយ​ផងដែរ​ក្នុងការ​ប​ញ្ជូ​ល​គ្រូបង្រៀន​ផ្នែក​សាសនា​ឥស្លាម​ទៅក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ចំនួន ១៥០០ នាក់​នេះ​ជា​ផ្នែក​មួយ​នៃ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​សហគមន៍​មូស្លីម​នៅ​កម្ពុជា ហើយ​សង្ឃឹមថា​ទាំងអស់នេះ​នឹង​បានជា​ផលប្រយោជន៍​សម្រាប់​ទទួល​បាន​នូវ​ការអប់រំ ទទួលបាន​នូវ​ការលើកកម្ពស់​គុណភាព​នៃ​ជីវិត ក៏ដូចជា​ការគោរព​បូជា​ចំពោះ​សាសនា​ឥស្លាម​ផងដែរ ហើយ​អំពាវនាវ​ចំពោះ​បងប្អូន​សាសនិក​ឥស្លាម​ទាំង អស់​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា ជាមួយនិង​ប្រជាជន​កម្ពុជា​ទាំងអស់​ដែលមាន​សាសនា និង និន្នាការ​ខុសគ្នា​ដើម្បី​រក្សា​នូវ​សន្តិភាព និង ការអភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា។ ​ជា​ចុងក្រោយ សម្តេច​តេ​ជោ ហ៊ុន សែន សូម​ជូនពរ​ដល់​បង​ប្អូន​ខ្មែរ​ឥស្លាម​ក្នុងការ​ទទួល​ខែ​រ៉ា​ម៉ា​ដាន់ ដ៏​វិសេសវិសាល ២០១៦/១៤៣៧ មូ​ហាំ​ម៉ាត់​សករាជ។

គួរ​រំលឹកថា ពិធីបុណ្យ​រ៉ា​ម៉ា​ដាន់ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ៦ ខែ មិថុនា។ ខែ​រ៉ា​ម៉ា​ដាន់​មាន​រយៈពេល​ពេញ​មួយ​ខែ ហើយ​ក្នុងអំឡុងពេល បួស​នេះ សាសនិក​ឥស្លាម​ត្រូវ​តម​អាហារ ភេសជ្ជៈ រួម​សង្វាស់​ពី​ព្រឹក​ព្រលឹម រហូតដល់​ថ្ងៃ​លិច​ជិត​១៥​ម៉ោង​ជា​កាតព្វកិច្ច​ទី​៤ នៃ​កាតព្វកិច្ច​ទាំង ៥ នៃ​អ្នក​កាន់សាសនា​ឥស្លាម​ទាំងអស់​លើ​លោក ។ ការ​បួស​នេះ តម្រូវ​ឲ្យ​ជន​មុ​ស្លី​ម​គ្រប់រូប​ឲ្យ​អនុវត្ត​ទាំងចាស់ ប្រុស ស្រី សូម្បីតែ​កុមារ​ក៏​ត្រូវ​រៀន​បួស តាម​លទ្ធភាព​របស់ខ្លួន​ដែរ ។ ដើម្បី​ឲ្យ​ការ​បួស​បាន​ពេញលេញ​នោះ អ្នកបួស​ត្រូវ​តម​ពី​ការ​និយាយ​ស្តី​អាក្រក់ និង​តម​ពី​ការ​ធ្វើអំពើ​មិន​គប្បី តម​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកដទៃ ដោយ​ដាក់ខ្លួន​ស្មើភាព ដោយ​ជៀសវាង​នូវ​ការរើសអើង រឺ​ច្រណែន ឈ្នានីស ចំពោះ​សមាជិក​ក្នុង​សហគមន៍​ខ្លួន ដើម្បី​បង្កើត​បាន​នូវ​បរិយាកាស សហការគ្នា​លើ​ការជំរុញ​ឲ្យ​ប្រព្រឹត្តិ​អំពើ​ល្អ និង ទប់ស្កាត់​អំ​ពើអាក្រក់៕

សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ជូនពរ​បងប្អូន​សាសនិក​ឥស្លាម​ក្នុង​ឱកាស​ខែ​រ៉ា​មា​ដាន់​
សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ជូនពរ​បងប្អូន​សាសនិក​ឥស្លាម​ក្នុង​ឱកាស​ខែ​រ៉ា​មា​ដាន់​