ក្រុមហ៊ុន​ចិន​បំផ្ទុះ​ថ្មភ្នំ​ដូន​មាឃ ស្រុក​រតនមណ្ឌល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​យ៉ាង​ពេញបន្ទុក​

ក្រុមហ៊ុន​ចិន​ឈ្មោះ​ស៊ីម៉ងត៍​បាត់ដំបង ដែល​ធ្វើ​អាជីវកម្ម​បំផ្ទុះ​ថ្មភ្នំ​ដូន​មាឃ នៅក្នុង​ភូមិ​ដូន​មាឃ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​និង​សិស្ស​បឋមសិក្សា​ក្នុងភូមិ​ដូន​មាឃ​យ៉ាងខ្លាំង​។ ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដូន​មាឃ បាន​ឲ្យ​ដឹងថា សកម្មភាព​បំផ្ទុះ​ថ្មភ្នំ​នៅក្បែរ​ភូមិ​និង​ក្បែរ​សាលារៀន​បាន​នាំ​ឲ្យ​កើតមាន​សំឡេង​ខ្ទ័រ​យ៉ាងខ្លាំង រំខាន​ដល់​ការរៀនសូត្រ​របស់​សិស្ស​សាលា ហើយ​ដុំថ្ម​ខ្ទាត​ឆ្ងាយ​ពី​ការដ្ឋាន​២០០​ទៅ​៣០០​ម៉ែត្រ ធ្លាក់​លើដំបូល​ផ្ទះ​អ្នកភូមិ​។ ផលប៉ះពាល់​នេះ​អ្នកភូមិ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ជួយ​ដោះស្រាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​មិនមាន​ការឆ្លើយតប​នៅឡើយ​ទេ​។​

ប្រជាពលរដ្ឋ​ភូមិ​ដូន​មាឃ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ស៊ីម៉ងត៍​បាត់ដំបង ជាបន្ទាន់​ដើម្បី​ឲ្យ​ក្រុមហ៊ុន​នោះ​កាត់បន្ថយ​ផលប៉ះពាល់​មកលើ​អ្នកភូមិ និង​សិស្សសាលា​។ ដោយហេតុថា លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​ចិន​ស៊ីម៉ងត៍​បាត់ដំបង ទើប​បណ្ដោយ​ក្រុមហ៊ុន​នេះ​ប្រើ​រំសេវ​បំផ្ទុះ​ថ្មភ្នំ​រំខាន​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​និង​រំខាន​ការរៀនសូត្រ​របស់​សិស្ស​សាលា​ស្រេច​តែ​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​អាជ្ញាធរ​ស្រុក​រតនមណ្ឌល និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង គួរពិនិត្យមើល​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​និង​សិស្សសាលា​ក្នុងភូមិ​ដូន​មាឃ ខ្លះ​ផង​ព្រោះ​អ្នកខ្លះ​ទ្រាំ​តទៅទៀត​លែង​បាន​ក៏​លក់​ន​ដី​លក់​ផ្ទះ​ចាក​ចេញពី​ភូមិ​ជា​បន្តបន្ទាប់​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដូន​មាឃ បាន​ឲ្យ​ដឹងថា អ្នកខ្លះ​រស់នៅក្នុង​ភូមិ​នេះ​តាំងពី​ដូនតា ហើយ​អ្នកខ្លះ​ចូលមក​រស់នៅ​និង​ប្រកប​របរ​រកស៊ី​ក្នុងភូមិ​នេះ​រាប់សិប​ឆ្នាំ​មកហើយ មិនដែល​រង​ទុក្ខលំបាក​ឬ​មាន​ផលប៉ះពាល់​ណាមួយ​នោះទេ​។ ក៏ប៉ុន្តែ​ចាប់តាំងពី​ក្រុមហ៊ុន​ចិន​ឈ្មោះ​ស៊ីម៉ងត៍​បាត់ដំបង មក​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ដូន​មាឃ រយៈពេល​ជាង​១​ឆ្នាំ​កន្លងទៅនេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកភូមិ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ហើយ​អ្នកខ្លះ​លក់​ដី​លក់​ផ្ទះ​ចាក​ចេញពី​ភូមិកំណើត​ជា​បន្តបន្ទាប់ ដោយ​ក្នុង​ដី​១​ហិកតា​លក់បាន​៥០០០​ដុល្លារ​ប៉ុណ្ណោះ​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​នៅពេលនេះ គឺ​នៅពេល​ក្រុមហ៊ុន​ចិន​បំផ្ទុះ​ថ្មភ្នំ​ម្តងៗ​ធ្វើ​ឲ្យ​កូនសិស្ស​ភ័យខ្លាច​នាំគ្នា​រត់ចេញ​ពីសា​លា រហូត​ដល់ពេល​ស្ងប់ស្ងាត់​ទើប​ចូលរៀន​វិញ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​អាជ្ញាធរខេត្ត​បាត់ដំបង និង​ក្រសួង​ពាក់ព័ន្ធ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍​បាត់ដំបង កំពុង​បង្ក​ទុក្ខលំបាក​ដល់​អ្នកភូមិ​ដូន​មាឃ និង​សិស្សសាលា​សព្វបែបយ៉ាង​ទាំង​ការរស់នៅ​និង​ការរៀនសូត្រ​៕

vayofm_3លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល abc-18​    ​