ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​សកម្ម ខាង​ចែកចាយ​គ្រឿងញៀន​នៅ​ទី​ជនបទ​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​សកម្ម ខាង​ចែកចាយ​គ្រឿងញៀន​នៅ​ទី​ជនបទ​



សៀមរាប ៖ ជនសង្ស័យ​ម្នាក់​ដែល​សកម្ម​ខាង​ចែកចាយ​គ្រឿងញៀន​ នៅ​ទី​ជនបទ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចារ​ឈូក​ ធ្វើការ​ចុះ​បង្ក្រាប​ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២០​កញ្ចប់​ ក្នុង​នោះ​មាន​០៣​កញ្ចប់​ធំ​ ទូរស័ព្ទដៃ​០២​គ្រឿង​ និង​ដាវ​០១​ដើម ​រួម​ទាំង​របស់របរ​មួយចំនួនទៀត​។

ករណី​ចុះ​បង្ក្រាប​ថ្នាំញៀន​ខាង​លើនេះ​ ធ្វើឡើង​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃទី​០៨ ​ខែមិថុនា​ ឆ្នាំ​២០១៦ ​រស់នៅ​ភូមិ​ថ្នល់​ឃុំ​ចារ​ឈូក​ ស្រុក​អង្គរជុំ ​ខេត្ត​សៀមរាប​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយពី​បាន​ឃាត់ខ្លួន និង​ដកហូត​នូវ​វត្ថុតាង​រួចមក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ បាន​យក​មក​ធ្វើការ​សាកសួរ​ និង​រៀបចំ​សំណុំរឿង​បញ្ជូន​មកកាន់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។ សមត្ថកិច្ច​បន្ត​ថា ​ជន​សង្ស័យ​ដែល​ឃាត់ខ្លួន​នោះ ​មានឈ្មោះ​ភឿ​ត ទិតៀន ភេទ​ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ ឃុំ​ចារ​ឈូក​ស្រុក​អង្គរជុំ​ខេត្ត​សៀមរាប​។ សមត្ថកិច្ច​បន្ថែម​ថា នៅ​ថ្ងៃទី​០៨​ ខែមិថុនា ​ឆ្នាំ​២០១៦​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕