ពិធីប្រកាស​ទទួលស្គាល់​ប្រធាន​សមាគម​ អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​

ពិធីប្រកាស​ទទួលស្គាល់​ប្រធាន​សមាគម​ អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​



កំពង់ស្ពឺ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​​០៨​ ខែមិថុនា ឆ្នាំ​២០១៦​​ លោក​ឧត្ដមសេនីយ៍​ឯក យឿ​ង សុខុន មេ​បញ្ជាការ​យោធភូមិភាគ​៣ តំណាង​ដ៏​ខ្ពស់​របស់​នាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​អគ្គលេខាធិការ​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​សមាគម អតីត​យុទ្ធជន​កម្ពុជា​ លោក វ៉ី សំណាង គណៈ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ រួម​ទាំង​មន្ត្រីរាជការ​មន្ទីរ​ជុំវិញ​ខេត្ត​បាន​ចូលរួម​នា​ឱកាស​នោះ។

ប្រធាន​សមាគម​​​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​លោក​ឧត្ដមសេនីយ៍​ទោ ឈឹម ប៊ុនធឿន ដែល​ត្រូវ​បាន​ផ្លាស់​ទៅកាន់​ជា​បញ្ជា​ការ​រង​យោធភូមិភាគ​៣ ហើយ​បាន​ផ្ទេរ​ឲ្យ​មក​លោក​ឧត្ដមសេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ​កង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​តែងតាំង ជា​ប្រធាន​សមាគម​​ អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ ដោយឡែក​លោក វ៉ី សំណាង ក៏​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​កិត្តិយស​សមាគម អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​ផង​ដែរ។

លោក​ឧត្ដមសេនីយ៍​ឯក យឿ​ង សុខុន បាន​មាន​ប្រសាសន៍​ថា តួនាទី​នេះ​ពិត​ជា​មាន​សារៈសំខាន់ ដែល​ត្រូវ​បង្កើត​ឡើង​ដើម្បី​បំពេញ​បេសកកម្ម​ជួយ​បម្រើ​ការងារ​សមាគម​​ អតីត​យុទ្ធជន​កម្ពុជា នៅ​ទូទាំង​ប្រទេស ជាពិសេស​បាន​បង្ហាញ​ការ​យកចិត្តទុកដាក់​ចំពោះ​យុទ្ធ​មិត្ត​ជា​អតីត​យុទ្ធជន ដែល​បាន​តស៊ូ​នៅ​ក្នុង​សម​ភូមិ​ដ៏​អង់អាច​ក្លាហាន បណ្ដាល​ឲ្យ​របួស ពិការ រហូត​បាត់​បង់ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ និង​ប្រជាពលរដ្ឋ​ឲ្យ​មាន​សុខ​សន្តិភាព​មកដល់​សព្វថ្ងៃ។

លោក​ឧត្ដមសេនីយ៍​ឯក​បាន​បញ្ជាក់​ថា ជា​ការ​ឆ្លើយតប​នូវ​គុណបំណាច់​ និង​ផ្ដល់​ជំនឿ​ទំនុក​ចិត្ត រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​បង្កើត​ឡើង​សមាគម​​អតីត​យុទ្ធជន​កម្ពុជា ក្នុង​គោលបំណង​ទ្រទ្រង់ ទាំង​ផ្នែក​ជីវភាព ជំរំ​ជម្រក​ស្នាក់នៅ ប្រាក់​បៀរ​វត្ត ដល់​យុទ្ធ​មិត្ត​ដែល​បាន​បាត់បង់​កាយ​សប្ប​ទា ទាំងអស់។ លោក វ៉ី​សំណាង អភិបាលខេត្ត​និង​ជា​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​ខេត្ត បាន​លើក​ឡើង​ថា ​ក្នុងនាម​លោក​ជា​ប្រធាន​កិត្តិយស​និង​ខិតខំ​បន្ត​ការ​ប្រមូលផ្ដុំ​ចលនា​កៀរគរ​រក​ចំណូល មក​ជួយ​គាំទ្រ​សមាគម​​ឲ្យ​មាន​ភាព​រលូន ធ្វើ​ឲ្យ​សមាគម​​​រីកចម្រើន​ឲ្យ​បងប្អូន​ទទួល​បាន​ប្រាក់​សហសង្គ្រោះ​ទាន់​ពេលវេលា។ ឆ្លើយតប​ទៅ​នឹង​ភារកិច្ច​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន ប្រធាន​សមាគម​ អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​ បាន​លើកឡើង​ដោយ​ប្តេជ្ញា​ចិត្ត​ថា បន្ត​ដឹកនាំ​សមាគម​​​ដោយ​ស្មារតី​ទទួលខុសត្រូវ អនុវត្ត​តាម​លក្ខន្តិកៈ​របស់​សមាគម ខិតខំ​ពង្រឹង​ការ​អភិវឌ្ឍ​​សមាគម​​ឲ្យ​មានការ​រីកចម្រើន និង​ដំណើរការ​មាន​ភាព​ប្រសើរ។

លោក​ប្រធាន​សមាគម​​ថ្មី​បាន​បន្ត​ថា លោក​នឹង​ខិតខំ​កៀរគរ​រក ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា ដើម្បី​ទ្រទ្រង់​មូលនិធិ​សមាគម ហើយ​ខិតខំ​ដោះស្រាយ​ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ជូន​អតីត​គ្រួសារ​យុទ្ធជន​ឲ្យ​បាន​ទាន់​ពេលវេលា ចូល​រួមចំណែក​ជួយ​ប្រជាពលរដ្ឋ ជាពិសេស​គ្រួសារ​អតីត​យុទ្ធជន​ក្នុង​ស្មារតី​មនុស្សធម៌​ឲ្យ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា៕
ពិធីប្រកាស​ទទួលស្គាល់​ប្រធាន​សមាគម​ អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​

ពិធីប្រកាស​ទទួលស្គាល់​ប្រធាន​សមាគម​ អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​

ពិធីប្រកាស​ទទួលស្គាល់​ប្រធាន​សមាគម​ អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​