ក្រោយ​ពី​សួរនាំ​ចោរ​គាស់​​ផ្ទះ​ ប៉ូលិស​ឈាន​ទៅ​ចាប់ខ្លួន​អ្នក​ទទួល​ផល​ចោរកម្ម​ម្នាក់​ និង​បក្ខពួក​ម្នាក់ទៀត​

ក្រោយ​ពី​សួរនាំ​ចោរ​គាស់​​ផ្ទះ​ ប៉ូលិស​ឈាន​ទៅ​ចាប់ខ្លួន​អ្នក​ទទួល​ផល​ចោរកម្ម​ម្នាក់​ និង​បក្ខពួក​ម្នាក់ទៀត​



ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ តាម​ចាប់ខ្លួន​ដល់​លំនៅឋាន​ បន្ទាប់ពី​​​​​​ក្រុម​ជន​ល្មើស ​ជា​​​ចោរ​គាស់​ផ្ទះ​ ​ឆ្លើយ​ថា ​ខ្លួន​បាន​យក​ម៉ូតូ​ ដែល​លួច​បាន​ ​​ទៅ​លក់​ក្រោម​រូបភាព​ដាក់​បញ្ចាំ ​នៅ​ហាង​កុង​ស៊ី​បញ្ចាំ​អត់​ច្បាប់​មួយ​កន្លែង​ នៅ​សហគមន៍​សែន​សុខ​ទី​១ ក្នុង​សង្កាត់​ឃ្មួញ កាលពី​ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០១៦។

ប៉ូលិស​និយាយ​ថា ជនជាប់ចោទ​២​នាក់​ចុង​ក្រោយនេះ ម្នាក់​ឈ្មោះ អ៊ួ​ច សុចិត្រ​ធា​រី ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ ​ជា​ម្ចាស់​ហាង​បញ្ចាំ​ខាង​លើ​ មាន​ទីតាំង​ក្នុង​ភូមិ​សែន​សុខ​ទី​១​ សង្កាត់​ឃ្មួញ​ ជាប់ចោទ​ពី​បទ​ទទួល​ផល​ចោរកម្ម​ និង​ម្នាក់ទៀត​ឈ្មោះ​សេក ថុល ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប ចោទ​ពី​បទ​ផ្សំគំនិត​គ្នា។

សូម​រំលឹក​ថា​ កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ជាប់ចោទ​ពី​បទ​ចោរកម្ម ​និង​លក់​ថ្នាំញៀន​ នៅ​សង្កាត់​ឃ្មួញ ​ក្រោយ​ពេល​ប៉ូលិស​សួរនាំ​បក្ខ​ពួកគេ​ម្នាក់​ ឈ្មោះ​សម្បត្តិ ជា អាយុ​២៤​ឆ្នាំ​ ក៏​បាន​សារភាព​ថា ពួកគេ​ធ្លាប់​លក់​ថ្នំាញៀន​ និង​គាស់​ផ្ទះ​គេ​លួច​បាន​ម៉ូតូ​មួយ​គ្រឿង ហើយ​បាន​ប្រាប់​ថា ម៉ូតូ​ដែល​គេ​លួច​បាន​ដោយ​គាស់​ផ្ទះ​នោះ ​បាន​យក​ទៅ​លក់​ឲ្យ​គេ ​ក្រោម​រូបភាព​ដាក់​បញ្ចាំ​កុង​ស៊ី​មួយ នៅ​ម្តុំ​ផ្សារ​សែន​សុខ សង្កាត់​ឃ្មួញ​។ ក្រោយ​ទទួល​បាន​ចម្លើយ​នេះ​រួច ទើប​ប៉ូលិស​នាំ​ខ្លួន​ឈ្មោះ សម្បត្តិ ជា មក​ចង្អុល​បង្ហាញ​ទីតាំង​ហាង​កុង​ស៊ី​រក​ស៊ីដាក់​បញ្ចាំ​ម៉ូតូ​នោះ ហើយក៏​ឃាត់ខ្លួន​ម្ចាស់​ហាង​បាន​ម្នាក់​ជា​ប្រពន្ធ ឯ​ប្តី​រត់​គេច​ខ្លួន​ទាន់​ពេល។ ទោះ​យ៉ាង​ណា​សមត្ថកិច្ច បាន​រឹបអូស​ម៉ូតូ​​​ចំនួន​១៧​គ្រឿង​ ដែល​នៅ​ក្នុង​ផ្ទះ​ហាង​បញ្ចាំ​អត់​ច្បាប់​នោះ ​ហើយ​នៅ​ពេល​ចុះ​បង្ក្រាប​​ ក៏​មាន​​​លោ​ក ប៉ឹល កុសល អភិបាលខណ្ឌ និង​តំណាង​ខាង​មន្ត្រី​តុលាការ​ផង​ដែរ​ មក​ចូលរួម​មើល​ការ​ឆែកឆេរ​ក្នុង​ហាង​នោះ។

ក្រោយ​សួរនាំ​រឿង​ទទួល​បញ្ចាំ​ម៉ូតូ​ចោរ​ស្ត្រី​ឈ្មោះ អ៊ួ​ច សុចិត្រ​ធា​រី ជា​ម្ចាស់​ហាង​កុង​ស៊ី​នេះ ​បាន​ប្រាប់​ថា គាត់​ទើប​តែ​បើក​រកស៊ី​បាន​រយៈ​ពេល​ប្រហែល​៤​ខែ មិន​ទាន់​បាន​សុំច្បាប់​អាជីវកម្ម​នៅ​ឡើយ​ទេ​។ ពាក់ព័ន្ធ​រឿង​ទទួល​បញ្ចាំ​ម៉ូតូ​ចោរ​នេះ ស្ត្រី​រូប​នេះ​បាន​និយាយ​ថា គ្មាន​អ្នកណា​ចង់​ទិញ​ម៉ូតូ​ចោរ​ទេ តែ​មកពី​នាង​មិនបាន​ដឹង​ថា ​វា​ជា​ម៉ូតូ​ចោរ ហើយ​នាង​ក៏​មិន​ហ៊ាន​ទទួល​ដែរ ​តែ​ដោយសារ​មាន​ឈ្មោះ​សេក ថុល អ្នកភូមិ​នៅ​ទីនេះ​ដែរ​ បាន​ចេញមុខ​មក​ធានា​ខុសត្រូវ​ជំនួស​ ទើប​ហ៊ាន​ទទួល​បញ្ចាំ។ ភ្លាម​នោះ​ប៉ូលិស​បាន​ឈាន​ទៅ​តាម​ចាប់ខ្លួន​ឈ្មោះ សេក ថុល ជា​អ្នកធានា​ម្នាក់ទៀត​ដែល​ប៉ូលិស​ចោទ​ថា ជា​អ្នក​ផ្សំគំនិត​គ្នា​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​ករណី​ចោរកម្ម​នេះ​។

លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ​បាន​មានប្រសាសន៍​ថា ​ក្នុង​ចំណោម​ម៉ូតូ​១៧​គ្រឿង​នោះ​យើង​រក​ឃើញ​តែ​១​គ្រឿង​ទេ ​ដែល​ពាក់ព័ន្ធ​ទទួល​ផល​ចោរកម្ម តែ​១៦​គ្រឿង​ទៀត​មិនទាន់​ដឹង​នៅ​ឡើយ​ទេ​ ព្រោះ​មិន​មាន​អ្នក​ប្តឹង​ផ្តល់​ចោទប្រកាន់​។ ចំណែក​ជន​ទាំង​៦​នាក់​ត្រូវ​បាន​ជាប់​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ និង​កសាង​សំណុំរឿង​ត្រៀម​បញ្ជូន​ទៅ​តុលាការ វិនិច្ឆ័យ​ទោស​តាមច្បាប់​៕

ក្រោយ​ពី​សួរនាំ​ចោរ​គាស់​​ផ្ទះ​ ប៉ូលិស​ឈាន​ទៅ​ចាប់ខ្លួន​អ្នក​ទទួល​ផល​ចោរកម្ម​ម្នាក់​ និង​បក្ខពួក​ម្នាក់ទៀត​

ក្រោយ​ពី​សួរនាំ​ចោរ​គាស់​​ផ្ទះ​ ប៉ូលិស​ឈាន​ទៅ​ចាប់ខ្លួន​អ្នក​ទទួល​ផល​ចោរកម្ម​ម្នាក់​ និង​បក្ខពួក​ម្នាក់ទៀត​