ភ្នំពេញ​នឹង​មាន​​សង្កាត់​ថ្មី៩ ​ភូមិ​ថ្មី​៤៤ ទៀត

កាល​ពី​រសៀល​ថ្ងៃ​ទី៧ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃ ស្ដី​ពី​ការ​បង្កើត ភូមិ៤៤ និង​សង្កាត់៩ បន្ថែម​ក្នុង​រាជធានី​ភ្នំពេញ។

 

ភ្នំពេញ​នឹង​មាន​​សង្កាត់​ថ្មី៩ ​ភូមិ​ថ្មី​៤៤ ទៀត

 

តាម Facebook របស់​ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ការ​ស្នើ​បង្កើត​សង្កាត់ និង​ភូមិ​បន្ថែម​នេះ ក្នុង​គោល​បំណង​ពង្រឹង​ប្រសិទ្ធភាព​ការ​គ្រប់គ្រង និង​ការ​ផ្ដល់​សេវា​សាធារណៈ​នានា ជូន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​ខណ្ឌ សង្កាត់ ភូមិ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ឆ្លើយ​តប​បាន​ល្អ​ប្រសើរ​ទៅ​សំណូម​ពរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ជា​ពិសេស​កំណើន​ប្រជាជន​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

 

កាល​ពី​ចុង​ឆ្នាំ​២០១៣ កន្លង​ទៅ អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែ​ធ្នូ ឆ្នាំ២០១៣ បាន​សម្រេច​បន្ថែម​ខណ្ឌ​ចំនួន៣ លើ​ខណ្ឌ​ដែល​មាន​ស្រាប់៩ ដើម្បី​ងាយ​ស្រួល​ផ្ដល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​។ សព្វថ្ងៃ​នៅ​ភ្នំពេញ មាន​ខណ្ឌ១២ សង្កាត់ ៩៦ និង​ភូមិ​ចំនួន ៩០៩៕

 

ភ្នំពេញ​នឹង​មាន​​សង្កាត់​ថ្មី៩ ​ភូមិ​ថ្មី​៤៤ ទៀត
អត្ថបទ៖ គង់ វិសាល