លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ត្បូងឃ្មុំ កំពុង​គំរាមកំហែង​លើ​មន្ត្រីក្រោមឱវាទ​

លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូងឃ្មុំ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​អាង​មាន​ម្ដាយធម៌​ឈ្មោះ កែវ សុធា​រី អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​ធម្មការ ជា​បង្អែក​រឹងមាំ​នោះ ត្រូវបាន​គេ​ដឹងថា​កំពុង​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង​។ ការដែល​លោក ហាក់ ហុន ភ័យ​ស្លន់ស្លោ​ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​ត្រូវបាន​ទម្លាយ​ជា​សាធារណៈ​នោះ បាន​កើតឡើង​ក្រោយពេល​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ចាត់​បញ្ជូន​លោក សេង សុ​មុនី រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សហការី​ពីររូប​ទៀត​ទៅ​ស៊ើបអង្កេត​ក្នុង​មន្ទីរ​ធម្មការ​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃស្អែក​នេះ គឺ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​។

ប្រភពពី​មន្ត្រីរាជការ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូងឃ្មុំ​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា​ដោយសារ​ភ័យ​ស្លន់ស្លោ​ខ្លាំងពេក​ទើប​លោក ហាក់ ហុន បាន​កោះប្រជុំ​ផ្ទៃក្នុង​បុគ្គលិក​ទាំងអស់ ហើយ​គំរាម​ឲ្យ​បុគ្គលិក​និយាយ​តែ​រឿង​ល្អៗ​ពី​សកម្មភាព​របស់ខ្លួន​ចំពោះមុខ​លោក សេង សុ​មុនី រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​។ ក៏ប៉ុន្តែ​មន្ត្រី​មួយចំនួន​មិន​ញញើត​នឹង​ការ​គំរាម​របស់លោក ហាក់ ហុន ហើយ​ពួកគេ​ត្រៀម​និយាយ​ការពិត​នៅ​ចំពោះមុខ​លោក សេង សុ​មុនី និង​សហការី​ពីររូប​ទៀត​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​។ សូម្បីតែ​រឿង​លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូងឃ្មុំ ល្បីល្បាញ​ខាង​ញៀន​ល្បែង​កន្ទុយលេខ ក៏​នឹងត្រូវ​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ផងដែរ ព្រោះ​មកពី​ចាញ់ល្បែង​កន្ទុយលេខ​នោះ​ហើយ ទើប​លោក ហាក់ ហុន ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។​

​គួរ​រំលឹក​ដែរ​ថា​រឿងអាស្រូវ​ពុករលួយ​របស់លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​បន្តបន្ទាប់ ហើយ​សារព័ត៌មាន​និង​គេហទំព័រ​នានា ក៏បាន​ចុះផ្សាយ​ជា​សាធារណៈ​ផងដែរ ដើម្បី​ឲ្យ​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ បាន​ដឹងឮ​និង​ចាត់ការ​តាម​ស្ថានភាព​ជាក់ស្ដែង​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ហាក់ ហុន ត្រូវ​មន្ត្រីក្រោមឱវាទ​លាតត្រដាង​នោះ មានដូចជា​ករណី​យកលុយ​ពី​បេក្ខជន​ក្នុង​ម្នាក់​២៥០០​ដុល្លារ ដើម្បី​រត់ការ​ប្រឡង​យក​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ក្រសួង​ធម្មការ ហើយ​ក្នុងនោះ​បេក្ខជន​១២​នាក់​ប្រឡង​ជាប់​។ ជាងនេះទៅទៀត​លោក ហាក់ ហុន​បាន​បំប៉ោង​ថ្លៃ​ជួល​ផ្ទះ ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​ថ្លៃ​ជួសជុល​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​ឃុបឃិត​ជាមួយ​បក្ខពួក​មួយ​ក្ដាប់​តូច​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះ​លោក សេង សុ​មុនី រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា គួរ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​ដើម្បី​ចៀសវាង​ជឿ​លើ​សំដី​ភូតភរ​របស់លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូងឃ្មុំ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​៕

១១០លោក ហាក់ ហុន ​ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ