ក្រសួង​វប្បធម៌​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រកាន់​យក​ឥរិយាបថ​ថ្លៃថ្នូរ​ពេល​ជជែក​រឿង​ល្ខោនខោល

មន្ត្រី​ក្រសួង​វប្បធម៌ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត (Internet) ប្រកាន់​យក​ឥរិយាបថ​ថ្លៃថ្នូរ និង​ពិចារណា​ឲ្យ​គ្រប់​ជ្រុងជ្រោយ ពេល​ជជែក​ពិភាក្សា​គ្នា​ពី​គម្រោង​ដាក់​ល្ខោន​ពាក់​របាំង​មុខ​ថៃ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី។ អ្នក​សម្ដែង​ល្ខោនខោល​កម្ពុជា សម្ដែង​ការ​អន់​ចិត្ត ពេល​ប្រជាពលរដ្ឋ​កម្ពុជា មិន​បាន​ជួយ​គាំទ្រ​ល្ខោនខោល ហើយ​វាយ​ប្រហារ​វប្បធម៌​ប្រទេស​ជិត​ខាង។

ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ការ​បង្ហោះ​ឌឺដង និង​បន្ទាប​តម្លៃ​ល្ខោន ខូន (Khon) របស់​ប្រទេស​ថៃ ជា​ការ​និយម​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កម្ពុជា មួយ​ចំនួន បន្ទាប់​ពី​ក្រសួង​វប្បធម៌​នៃ​ប្រទេស​ថៃ គ្រោង​ដាក់​ល្ខោន​ខូន ដែល​មាន​ទម្រង់​ស្រដៀង​ទៅ​នឹង​ល្ខោន​ខោល ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី។

​ក៏ប៉ុន្តែ អ្នកនាំពាក្យ​នៃ​ក្រសួង​វប្បធម៌​កម្ពុជា លោក ថៃ នរៈសត្យា អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បង្ហាញ​ភាព​ថ្លៃថ្នូរ តាម​ការ​ប្រតិកម្ម​ប្រកប​ដោយ​ឥរិយាបថ​ពិចារណា​គ្រប់​ជ្រុងជ្រោយ។ លោក​បន្ត​ថា ការ​ប្រតិកម្ម​ជ្រុល​ពេក​លើស​ពី​អ្វី​ដែល​បាន​កើត​ឡើង នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ល្អក់កករ។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ពិនិត្យ​និង​សិក្សា​ច្បាប់​ជាតិ និង​អន្តរជាតិ ស្ដីពី​ការ​ដាក់​បញ្ចូល​សម្បត្តិ​វប្បធម៌ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី៖ «»។

លោក​បន្ថែម​ទៀត​ថា ការ​ដាក់​បញ្ចូល​ល្ខោន​ខូន របស់​ថៃ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នឹង​មិន​ប៉ះពាល់​ដល់​កម្ពុជា នោះ​ទេ។ លោក​ថា កម្ពុជា មិន​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​បរទេស​កេង​ចំណេញ​ផល​ប្រយោជន៍​ពី​សម្បត្តិ​វប្បធម៌​កម្ពុជា នោះ​ទេ ជាក់ស្ដែង​ដូចជា​ករណី​ប៉ុនប៉ង​កសាង​ប្រាសាទ​អង្គរវត្ត​សិប្បនិមិត្ត​ពី​សំណាក់​ឥណ្ឌា និង​ការ​ព្យាយាម​កសាង​ប្រាសាទ​ព្រះវិហារ ពី​ថ្ម​ស៊ីម៉ង់ ពី​សំណាក់​ថៃ៖ «»។

កាសែត ឌឹ ណេសិន (The Nation) របស់​ថៃ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​មិថុនា នៅ​លើ​ទំព័រ​មុខ​ថា ការ​ព្យាយាម​ដាក់​ល្ខោន​ពាក់​របាំង​មុខ​របស់​ប្រទេស​កម្ពុជា និង​ថៃ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នឹង​មិន​បង្ក​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ទេ។

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ត្រូវ​បាន​កាសែត ឌឹ ណេសិន ស្រង់​សម្ដី​បន្ទាប់​ពី​ប្រជុំ​គណៈរដ្ឋមន្ត្រី​ស្ដី​ពី​ការ​បង្ហាញ​កំហឹង​របស់​ប្រជាជន​កម្ពុជា ចំពោះ​គម្រោង​ដាក់​ល្ខោន​ខូន ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ថា ល្ខោន​ខូន និង​ល្ខោន​ខោល មិន​ដូច​គ្នា​ទាំង​ស្រុង​នោះ​ទេ តែ​ល្ខោន​ទាំង​ពីរ​មាន​ឫសគល់​ដូច​គ្នា។

តួ​ឯក​ម្នាក់​នៃ​ល្ខោនខោល គឺ​លោក ទេស សាខន វ័យ ២៣​ឆ្នាំ ដែល​រូប​គាត់​កំពុង​សម្ដែង​ល្ខោនខោល ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក ចែក​រំលែក​ត​គ្នា អន់​ចិត្ត​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ជ្រួល​បង្ហោះ​បន្តុះបង្អាប់​សិល្បៈ​អ្នក​ដទៃ ហើយ​លើក​តម្កើង​របស់​ខ្លួន​ឯង៖ «ដល់​ពេល​បរទេស​ដាក់​ចូល ទើប​មាន​អារម្មណ៍​នាំ​គ្នា​ស្នេហា...»

​នាដក​រូប​នេះ​បញ្ជាក់​ទៀត​ថា កន្លង​មក​អ្នក​រាំ​ល្ខោន​មិន​ដែល​ត្រូវ​បាន​សាធារណជន​ជួយ​គាំទ្រ បើ​ទោះជា​ពួកគេ​អង្វរករ​ប៉ុណ្ណា​ក៏ដោយ៖ «អ្នក​រាំ​ខ្លះ រត់​ទៅ​ធ្វើ​ប៉ូលិស​អស់​ហើយ។ ...ខ្ញុំ​បើ​ពឹង​តែ​លើ​រាំ​ល្ខោន​នេះ មិន​អាច​រស់​បាន​ទេ»

​កាសែត ឌឹ ណេសិន ផ្សាយ​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ដន ប្រាមាដវិណៃ (Don Pramudwinai) ថា កម្ពុជា និង​ថៃ មាន​សិទ្ធិ​រៀង​ខ្លួន​ដើម្បី​ស្នើ​ល្ខោន​ពាក់​របាំង​មុខ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី។ លោក​ថា បញ្ហា​នេះ នឹង​មិន​មែន​ជា​បញ្ហា​ធំដុំ​ទេ ហើយ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ គឺ​រក្សា​នៅ​ដូច​ដើម ហើយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាល​ពី​​ចុង​សប្ដាហ៍​មុន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ស្នើ​ចុះ​ល្ខោន​ខោល ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី តាំង​ពី​ឆ្នាំ​២០០៣។ ក៏ប៉ុន្តែ​ល្ខោនខោល មិន​ទាន់​មាន​គោលការណ៍​ច្បាប់ និង​នីតិវិធី​ចាំបាច់​គ្រប់គ្រាន់​របស់​អង្គការ​យូណេស្កូ (UNESCO)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។