ចិន និង​អា​មេ​រិ​ក​ឯកភាព​គ្នា​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ដែក​លើសលប់

ប្រទេស​ចិន ៖ ចិន​បាន​សន្យា​កាលពី​ថ្ងៃ​ទី​៧ មិថុនា​ថា នឹង​ទប់ស្កាត់​លើ​ទិន្នផល​ដែក​ដែល​មាន​ចំនួន​លើសលប់ និង​ធ្វើការ​ជាមួយ​សហ​-​រដ្ឋ​អា​មេ​រិ​ក ដើម្បី​បង្កើត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង ប៉ុន្តែ​មិន​ទាន់​មាន​តម្រុយ​ពី​ដំណើរការ​លើ​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅឡើយ ។

ការ​សន្យា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​ចិន និង​អា​មេ​រិ​កបាន​ចូលរួម​កិច្ចប្រជុំ​សន្ទនា​ស្តី​ពី​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​ប្រចាំឆ្នាំ ក្នុង​រយៈពេល​២​ថ្ងៃ ។

ជាមួយ​គ្នា​នេះ ទីក្រុង​ប៉េ​កាំ​ង​បាន​យល់ព្រម​លើ​ការ​គ្រប់គ្រង​ផលិតកម្ម​ដែក​ដែល​ផ្គត់ផ្គង់​លើស​កម្រិត ដើម្បី​ចៀសវាង​ការ​ធ្លាក់​ថ្លៃប្រកួតប្រជែង​ប្រាក់​យន់ និង​ទប់ស្កាត់​សហ​គ្រាស​ដែល​មិន​បាន​ទទួល​ប្រាក់​ចំណេញ​សោះ ។ ក្នុង​នោះ​ភាគី​ទាំង​សងខាង​បាន​ស្វាគមន៍​ការ​វិនិយោគ​ពី​ប្រទេស​ផ្សេង​ផង​ដែរ ។

« ចិន​ក៏​បាន​ទទូច​លើ​ការ​កែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន ក្នុង​ការ​បើក​វិស័យ​ហិរញ្ញវត្ថុ នៅ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ផង​ដែរ » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គលេខា​ធិ​ការ​រតនាគារ​អា​មេ​រិ​ក លោក Jack Lew ។

អនុរដ្ឋមន្ត្រី​ការ​បរទេស លោក Zheng Zeguang បាន​ថ្លែង​ថា ៖ « ភាគី​ទាំង​សងខាង នឹង​បោះ​ជំហាន​លើ​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ព្រមទាំង​ធ្វើ​សម​យុទ្ធ​​យោធា​បន្ថែម ហើយ​ពួក​គេ​ក៏​បាន​ពិចារណា​លើ​ការ​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង​ផង​ដែរ » ។

ប៉ុន្តែ​ពួក​គេ​បាន​ជំទាស់​លើ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៃ​ឧបទ្វីប​កូរ៉េ ។ អា​មេ​រិ​ក​ចង់​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុ​ង​យ៉ាង ខណៈ​ដែល​ចិន​នៅ​តែ​ទទូច​លើ​ការ​ពិភាក្សា​ឡើង​វិញ និង​ជំទាស់​ជា​ដាច់ខាត​លើ​ការ​ដាក់​ច្បាប់​ប្រឆាំង​នឹង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​នៅ​កូរ៉េ​ខាងត្បូង ។

ប្រទេស​ទាំង​ពីរ ក៏​បាន​ពិភាក្សា​លើ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ បើ​ទោះបីជា​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កែប្រែ​ច្បាប់ ខ្យល់អាកាស និង​ផ្ទៃ​ទឹក​ឲ្យ​កាន់តែ​ប្រសើរ​ក្តី ។
ក្រុមប្រឹក្សារដ្ឋ លោក Yang Jiechi បាន​ប្រាប់​អគ្គលេខាធិការ​អា​មេ​រិ​ក លោក John Kerry ថា ៖ « ចិន​មាន​សិទ្ធិ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន ហើយ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូលរួម​ដោះស្រាយ​ជា​អន្តរជាតិ​លើ​ជម្លោះ​នេះ​ឡើយ​។ ចិន​សង្ឃឹមថា អា​មេ​រិ​ក​នឹង​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន ក្នុង​ការ​មិន​ចូលរួម​លើ​ជម្លោះ​ពាក់ព័ន្ធ ហើយ​ដើរតួ​ជា​អ្នករក្សា​សុវត្ថិភាព និង​ស្ថិរភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង » ។

លោក John Kerry បាន​អំពាវនាវ​ឱ្យ​អ្នក​ទាមទារ​ទាំងអស់ ធ្វើ​យ៉ាងណា​ចៀសវាង «​សកម្មភាព​ជា​ឯកតោភាគី ដែល​អាច​ត្រូវ​បាន​ចាត់​ទុក​ដោយ​នរណា​ម្នាក់​ផ្សេង​ទៀត​ដើម្បី​ឱ្យ​មានការ​បង្កហេតុ​» ។

លោក Ashley Townshend  អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​សិក្សា​អា​មេ​រិ​ក​នៃ​សាកលវិទ្យាល័យ​ស៊ី​ដ​នី បាន​ថ្លែង​ថា​៖« កិច្ច​សន្ទនា​នៅ​ឆ្នាំ​នេះ​មាន​សភាព​ខ្សោយ ដោយសារ​តែ​រដ្ឋាភិបាល លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជិត​ដល់​អាណត្តិ ហើយ​ការ​ខ្វែងគំនិត​គ្នា​កាន់តែ​កើន​ឡើង » ។

ប៉ុន្តែ​លោក John Kerry បានឱ្យ​ដឹង​ថា ៖ «  កិច្ច​សន្ទនា គឺជា​ការ​បង្ហាញ​ពី​លទ្ធផល​ល្អ​បំផុត ដែល​លោក​បាន​ចូលរួម​កន្លង​មក ។ លោក​គិត​ថា វា​ជា​ការងារ​ដែល​ល្អ​ក្នុង​ការ​ជួយ​ដល់​ការ​ផលិត​របស់​ប្រទេស G20 និង​ជា​ការងារ​មួយ​ដែល​ល្អ​ប្រសើរ ខណៈ​ដែល​ប្រធានាធិបតី​ទាំង​ពីរ​របស់​យើង​បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​រយៈពេល​ពីរ​បី​ខែ » ។

លោក Zhu Guangyao អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ៖ « ចំនួន​នៃ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ដែល​បាន​ធ្វើ​លើក​នេះ គឺជា​ចំនួន​ដ៏​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំ​នេះ» ៕