មន្ត្រី​ជំនាញ បន្ត​ជួសជុល​ និង​ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រ ទោះបី​ជា​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​

មន្ត្រី​ជំនាញ បន្ត​ជួសជុល​ និង​ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រ ទោះបី​ជា​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​



ភ្នំពេញ ​៖ បើ​ទោះ​បី​ជា​ពេលនេះ ភ្លៀង​រដូវវស្សា បាន​បន្ត​ធ្លាក់​ជោកជាំ​នៅ​តាម​បណ្ដា​ស្រុក-ខេត្ត នៅ​ក្របខណ្ឌ​ទូទាំង​ប្រទេស​យ៉ាងណាក៏ដោយ ​ក៏​សកម្មភាព​ជួសជុល និង​ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រ​របស់​មន្ត្រី​ជំនាញ នៅ​តាម​បណ្ដា​ខេត្ត​នៅតែ​បន្ត ធ្វើ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ផ្គត់ផ្គង់ និង​រក្សា​ទឹក​ទុក​ជូន​កសិករ​។​

យោង​តាម​ផេ​ក​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ បាន​និង​កំពុង​ធ្វើ​សកម្មភាព​ជួសជុល ​និង​ថែទាំ ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​ការពារ​ទឹកជំនន់ ទន្លេ​កំពង់​ត្របែក មាន​ទីតាំង​លាតសន្ធឹង​លើ​ស្រុក​កំពង់ត្របែក ព្រះស្ដេច និង​ស្រុក​បាភ្នំ ក្នុង​ខេត្តព្រៃវែង។ ប្រព័ន្ធ​ធារាសាស្ត្រ​នេះ ក្រៅពី​ដើរ​តួនាទី​ការពារ​ទឹកជំនន់​ពី​ទន្លេ​កំពង់ត្របែក ដែល​តែងតែ​យាយី​ដល់​ភូមិឋាន ពិសេស​ដំណាំ​កសិកម្ម​របស់​បងប្អូន​ប្រជាកសិករ​នៅក្នុង​ស្រុក​ទាំង​០៣ ខាងលើ ប្រព័ន្ធ​ធារា​សាស្ត្រ​ទំនប់​ការពារ​ទឹកជំនន់​ទន្លេ​កំពង់ត្របែក ក៏​មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា ចំនួន ៩.០០០ ហិកតា និង​ស្រូវប្រាំង ចំនួន ៦.០០០ ហិកតា ផង​ដែរ។

ដោយ​មាន​ភ្លៀង​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ និង​ការបែងចែក​ទឹក​ដល់​ដីស្រែ​របស់​បងប្អូន​ប្រជាកសិករ​តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​នានា​នោះ​ ​បាន​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការអនុវត្ត​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​នៅក្នុង​ខេត្តកំពង់ចាម ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ល្អ​ប្រសើរ។

តាម​តួលេខ​ក្រៅផ្លូវការ គិត​មក​ត្រឹម​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ ការអនុវត្ត​ការងារ​បង្កបង្កើនផល​ស្រូវ​វស្សា​នៅ​ទូទាំង​ខេត្តកំពង់ចាម សម្រេច​បាន​ប្រមាណ ១១.០០០ ហិកតា លើ​ផែនការ ៨៦.៥៤០ ហិកតា។ សកម្មភាព​ជួសជុល និង​ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រ​រំលេច ស្ថិត​នៅ​ក្នុង​ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់។ ប្រព័ន្ធ​ធារាសាស្ត្រ​រំលេច មានលទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃ​ដីស្រែ​ស្រូវ​នៅ​រដូវវស្សា ចំនួន ៧០០ ហិកតា និង​ប្រាំង ចំនួន ២០០ ហិកតា​។ ​សកម្មភាព​ជួសជុល និង​ថែទាំ​ប្រឡាយ​បឹង​ថ្កូវ ស្ថិត​នៅ​ក្នុង​ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង។ ប្រឡាយ​បឹង​ថ្កូវ ប្រវែង ៧.១០០ ម៉ែត្រ មាន​ប្រភព​ទឹក​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​បវេល និង​មានលទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា ចំនួន ១.២​០​០ ហិកតា និង​ស្រូវប្រាំង ចំនួន ៣០០ ហិកតា​ ចំណែក​អាងទឹក​ទំនប់ ៧៧ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត។ អាងទឹក​នេះ អាច​ស្តុក​ទឹកបាន​ប្រមាណ ៥០ ម៉ឺន​ម៉ែត្រត្រីគុណ និង​មានលទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា ចំនួន ១៦០ ហិកតា ស្រូវប្រាំង ចំនួន ៣៥ ហិកតា និង​ដំណាំ​រួមផ្សំ ចំនួន ៥ ហិកតា។​ បច្ចុប្បន្ន អាងទឹក​ទំនប់ ៧៧ មាន​ទឹក​ពេញ​បរិបូរណ៍ ដែល​អាច​បំពេញ​តម្រូវការ​ក្នុង​ការ​ស្រោចស្រព​ដំណាំ​កសិកម្ម​របស់​បងប្អូន​ប្រជាកសិករ​នៅ​តំបន់​នោះ​បាន​យ៉ាង​ល្អ​ប្រសើរ។​

ដោយឡែក ​ក្រសួង​បញ្ជាក់​ថា បើ​ទោះ​បីជា​នៅ​ដើមរដូវ​វស្សា​នេះ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ហើយ​ប្រព័ន្ធ​ធារាសាស្ត្រ​សំខាន់ៗ​​ ​មាន​ទឹក​ពេញ​បរិបូរណ៍​ក៏ដោយ ប៉ុន្តែ​ការអនុវត្ត​ការងារ​បង្កបង្កើន​ស្រូវវស្សា​របស់​បងប្អូន​ប្រជាកសិករ​នៅក្នុង​ខេត្តស្ទឹងត្រែង ហាក់​មាន​សភាព​យឺតយ៉ាវ​នៅឡើយ។តាម​តួលេខ​ក្រៅ​ផ្លូវ​ការ គិត​មក​ត្រឹម​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ ការ​អនុវត្ត​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​នៅ​ទូទាំង​ខេត្តស្ទឹងត្រែង សម្រេច​បាន​ប្រមាណ ៤៩០ ហិកតា លើ​ផែនការ ២៧.៧០០ ហិក​តា៕

មន្ត្រី​ជំនាញ បន្ត​ជួសជុល​ និង​ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រ ទោះបី​ជា​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​

មន្ត្រី​ជំនាញ បន្ត​ជួសជុល​ និង​ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រ ទោះបី​ជា​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​

មន្ត្រី​ជំនាញ បន្ត​ជួសជុល​ និង​ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រ ទោះបី​ជា​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​

មន្ត្រី​ជំនាញ បន្ត​ជួសជុល​ និង​ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រ ទោះបី​ជា​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​