ស៊ុប​ព្រុយ​ត្រី​ឆ្លាម អាហារ​បំផ្លាញ​សុខភាព

ជនជាតិចិនមានជំនឿថា ព្រុយត្រីឆ្លាមអាចជួយសមត្ថភាពភេទរបស់បុរស ធ្វើឲ្យស្បែ្កកស្អាត បង្កើនធាតុឈី ឬ ថាមពល ការពារជំងឺបេះដូង និង បន្ថយជាតិកូលេស្តេរ៉ូល។ សៀវភៅឱសថបុរាណចិន បានសរសេរថា ព្រុយត្រីឆ្លាមជួយឲ្យក្មេងជាងវ័យ ទទួលទានឆ្ងាញ់ បង្កើនឈាម និង ជួយបង្កើនកម្លាំង ជួយក្រលៀន សួត ឆ្អឹង និងផ្នែកជាច្រើនទៀតនៃរាងកាយ។

មិនដឹងថា ចិនបុរាណពិសោធយ៉ាងណានោះ ឬ ក៏ចេះតែថាៗទៅនោះទេ អ្នកវិទ្យាសាស្ត្រសម័យនេះ បានរកឃើញថា ជាតិវីតាមីន ក្នុងស៊ុបព្រុយត្រីឆ្លាម មានតិចជាងក្នុងស៊ុបបន្លែធម្មតាទៅទៀត ដោយស៊ុបព្រុយត្រីឆ្លាម ស្ទើរតែគ្មានជាតិវីតាមីន A តែម្ដង។ តែស៊ុបព្រុយត្រីឆ្លាម មានជាតិ ដែក ស័ង្កសី និង ផូស្វ័រ ច្រើនជាងស៊ុបបន្លែធម្មតា បន្តិចបន្តួច។ អ្នកខ្លះនិយាយថា ស៊ុបព្រុយត្រីឆ្លាម បង្ការជំងឺមហារីក តែភស្តុតាងវិទ្យាសាស្ត្របង្ហាញថា ព្រុយត្រីឆ្លាម គ្មានគុណប្រយោជន៍ឱសថព្យាបាលជំងឺមហារីកបន្តិចនោះទេ។

ផ្ទុយទៅវិញ ពួកអ្នកអភិរក្សសត្វ WildAid បានឲ្យដឹងថា ទទួលទានស៊ុបព្រុយត្រីឆ្លាមច្រើនពេក អាចធ្វើឲ្យមនុស្សអារ គ្មានកូន។ គេបានទទួលស្គាល់ជាទូទៅថា ត្រីធំៗ ដូចជាត្រីឆ្លាម ធូណា និង ត្រីដាវ មានជាតិបារត (methylmercury) ខ្ពស់បំផុត ធៀបនឹងត្រីឯទៀត តែដោយស៊ុបព្រុយត្រីឆ្លាម គេច្រើនតែទទួលទានតែម្ដងម្កាល ក្នុងពិធីសំខាន់ៗ ដូច្នេះ ផលប៉ះពាល់របស់ស៊ុបនេះទៅលើសុខភាពទំនងជាអាចផាត់ចោលបាន។ ទោះជាយ៉ាងណាក្ដី សម្រាប់អ្នកដែលមានផ្ទៃពោះ អ្នកដែលបំបៅកូន និង កុមារតូចៗ ភ្នាក់ងារចំណីអាហារនិងឱសថ FDA/EPA បានហាមប្រាមមិនឲ្យពួកគេទទួលទានត្រីដែលសំបូរជាតិបារតនោះទេ។

ចំណាំៈ ស៊ុបព្រុយត្រីឆ្លាម អាចធ្វើអោយបុរសអារ អត់កូន ស្ត្រីមានផ្ទៃពោះ ហាមទទួលទានស៊ុបព្រុយត្រីឆ្លាម!

ប្រភព៖ iknow

  • ស៊ុប​ព្រុយ​ត្រី​ឆ្លាម អាហារ​បំផ្លាញ​សុខភាព已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:សុខភាព
Tags: