វាយប្រហារ​បំផ្ទុះ​រថយន្ត​នៅ​តួ​ក​គី​ស្លាប់​យ៉ាងតិច​5​នាក់

មនុស្ស​៥​នាក់​ស្លាប់ និង​៥១​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​៨ មិថុនា ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ​ប្រឆាំង​ទីតាំង​ប៉ូលិស​មួយ​កន្លែង​នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី ដែល​មាន​ជនជាតិ​ឃើ​ត​ភាគច្រើន ។ ការ​វាយប្រហារ​នេះ​កើត​មាន​បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​មួយ​ប្រឆាំង​ប៉ូលិស​នៅ​ក្រុង​អីុស្តង់​ប៊ុល ។

ការ​វាយប្រហារ​ទាំង​២​នេះ​កើត​មាន​ខណៈ​តួ​ក​គី​នា​ឆ្នាំ​នេះ​រង​ការ​វាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់​ទាក់ទិន​នឹង​ពួក​ជី​ហា​ដ ព្រមទាំង​ការ​ផ្ទុះ​ជម្លោះ​ឡើង​វិញ​ជាមួយ​ពួក​ឃើ​ត បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​សរុប​ជា​ច្រើន​សិប​នាក់ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ផ្នែក​ទេសចរណ៍​ជា​ផ្នែក​គន្លឹះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស ។

ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​តួ​ក​គី ANATOLIE បញ្ជាក់​ថា មនុស្ស​៥​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​២​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​ផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ នៅ​មុខ​ទីតាំង​ប៉ូលិស​ក្រុង MIDYAT ខេត្ត MARDIN ។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​កម្ទេច​ផ្នែក​ខាង​មុខ​នៃ​អគារ​កម្ពស់​ច្រើន​ជាន់​មួយ ។ យោង​តាម​រូបភាព​ទាំងឡាយ​ផ្សាយ ដោយ​បណ្តា​ទូរទស្សន៍​តួ​ក​គី​គេ​ឃើញ​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​ហុយ​ឡើង​លើ ។

នៅ​ទីក្រុង​អីុ​ស្តង់​ប៊ុល នាយក​រដ្ឋមន្ត្រី​តួ​ក​គី​លោក BINALI YILDIRIM ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា នោះ​ជា​ស្នាដៃ​របស់​អង្គការ​ភេរវកម្ម PKK (​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន)។ ក៏​ប៉ុន្តែ​ក្រោយមក​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី លោក​អុ​ី​ប្រា​ហ៊ី​ម កាលី​ន ថ្លែង​នៅ​រដ្ឋធានី​អង់កា​រ៉ា​ថា វា​ជា​ការ​ប្រញាប់ប្រញាល់ពេក​ក្នុង​ការ​កំណត់​ពួក​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ ដោយ​លោក​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ប្រមូល​រាល់​ភស្តុ​តាង​ជា​មុន​សិន ។

ការ​វាយប្រហារ​នេះ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ក៏​ប៉ុន្តែ​ក្រុម PKK និង​បណ្តា​ក្រុម​សម្ព័ន្ធមិត្ត​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ប្រព្រឹត្ត​ការ​វាយ​ប្រហារ​បែប​នេះ​ជា​ច្រើន​ប្រឆាំង​កងកម្លាំង​សន្តិសុខ​នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី ៕