មិន​ស្តាយ​តែ​អី ដុត​ផ្ទះ​ខ្លួនឯង​ចោល

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យដឹងថា បុរស​ម្នាក់​បាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ស៊ីវ សុ​ជាតិ អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ជន​ដែល​ដុត​ផ្ទះ​ខ្លួនឯង​នេះ ឈ្មោះ វី សា​ម៉ុ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​មនុស្ស​កើត​ជំងឺឆ្កួតជ្រូក មាន​ប្រពន្ធ​ឈ្មោះ គឹ​ម យឿ​ន អាយុ​៤៨​ឆ្នាំ មានកូន​៤​នាក់ ។ ឈ្មោះ វី សា​ម៉ុ​ន និង​ឈ្មោះ គឹ​ម យឿ​ន នេះ​បាន​បែកបាក់​គ្នា​រយៈពេល​៤​ឆ្នាំ​មក​ហើយ ដោយ​ប្រពន្ធ​ទៅ​រស់នៅ​ឯ​ភូមិ​អូរ​វែង ឃុំ​តា​បែន ស្រុក​ស្វាយចេក ហើយ​នាំ​កូន​តូច​ៗ២​នាក់​ទៅ​រស់នៅ​ជាមួយ​ផង​ដែរ ។

លោក​អធិការ​ក្រុង​បាន​បញ្ជាក់​ថា ផ្ទះ​ដែល​ឆេះ​នេះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​កៅស៊ូ មាន​ទំហំ ៨​ម៉ែត្រ​គុណ​៨​ម៉ែត្រ ឆេះ​អស់​៧០% ៕