បំពុល​ឆ្កែ​លួច​យក​ម៉ូតូ​ និង​លុយ​រាប់​លាន ទៅ​ដោយ​សុវត្ថិភាព​

បំពុល​ឆ្កែ​លួច​យក​ម៉ូតូ​ និង​លុយ​រាប់​លាន ទៅ​ដោយ​សុវត្ថិភាព​



បាត់ដំបង ៖ លុយកាក់​រាប់​លាន​រៀល រួម​ជាមួយ​នឹង​ម៉ូតូ​មួយ​គ្រឿង ត្រូវ​បាន​ក្រុម​ជន​មិន​ស្គាល់​មុខ​ចូល​លួច​យក​បាន​ដោយ​សុវត្ថិភាព នៅ​ពេល​ដែល​ម៉ូតូ​នេះ ​ម្ចាស់​បាន​ទុក​ក្បែរ​គ្រែ​ខាងក្រោម​ផ្ទះ ហើយ​ដេកលក់​ដូច​ងាប់ ខណៈ​ដែល​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​បំពុល​សត្វ​ឆ្កែ​មួយ​ក្បាល​ឲ្យ​ងាប់​ស្ដូកស្ដឹង។

ហេតុការណ៍​នេះ​គឺ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​យប់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​កោះ​ថ្កូវ ឃុំ​គារ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង គឺ​នៅត្រង់​ផ្ទះ​ជនរងគ្រោះ​ដែល​មាន​ឈ្មោះ និ​ត ម៉ាប់ ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ។

តាម​ការ​រៀបរាប់​ពី​ម្ចាស់ផ្ទះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ព្រលប់​មុន​ពេល​កើតហេតុ​គឺ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា ធុន​សេ​១០០ ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ​ ហើយ​បាន​យក​មក​បញ្ឈរ​ក្បែរ​​​គ្រែ​ដែល​ខ្លួន​ធ្លាប់​ដេក​រាល់​យប់ នៅ​ខាង​ក្រោម​ផ្ទះ​ ហើយក៏​ភ្លេច​​​ដក​កូនសោ​ចេញ​ពី​ម៉ូតូ។

លុះ​នៅ​ពេល​រំលង​អធ្រាត្រ ពេល​ដែល​ខ្លួន​ភ្ញាក់​ពី​ដំណេក ក៏​ស្រាប់តែ​មានការ​ស្លន់ស្លោ​ ដោយសារតែ​ម៉ូតូ​ដែល​ខ្លួន​ដាក់​ក្បែរ​កន្លែងដេក​នោះ ​បាន​បាត់​ទៅ​ហើយ ម្យ៉ាងទៀត​ឆ្កែ​មួយ​ក្បាល​ដែល​ខ្លួន​ចិញ្ចឹម​ក៏​ត្រូវ​ងាប់​ដែរ ដែល​ទំនងជា​មានការ​ដាក់​ចំណី​បំពុល​វា ​ពី​សំណាក់​ក្រុម​ចោរ​ទាំងនេះ។

បន្ទាប់ពី​សមត្ថកិច្ច​បាន​ចុះទៅ​ត្រួតពិនិត្យ​ដល់​ទី​កន្លែង​កើត​ហេតុ ព្រមទាំង​បាន​ធ្វើការ​សន្និដ្ឋាន​ថា ឆ្កែ​មួយ​ក្បាល​ដែល​ងាប់ ពិតជា​មាន​អាការៈ​ពុល​ចំណី​មែន ប៉ុន្តែ​សមត្ថកិច្ច​មិន​អស់ចិត្ត​ត្រង់​ចំណុច​ដែល​ម្ចាស់​បាន​លើក​ឡើង​ថា លុយ​នៅ​ក្នុង​កែបម៉ូតូ​ដែល​បាន​បាត់បង់​ទៅ​ជា​មួយ​នឹង​ម៉ូតូ​នោះ គឺ​មាន​ចំនួន ៥​លាន ៨​សែន​រៀល ឯណោះ ដែល​បញ្ហា​នេះ​គឺ​ក៏​មាន​ប្រភព​ជាច្រើន​បាន​លើក​ឡើង​ជា​សំណួរ​ថា បើ​មាន​លុយ​ច្រើន​ម្លឹងៗ​ហេតុអ្វី​បានជា​យក​មក​ទុក​នៅ​ក្នុង​កែបម៉ូតូ ដោយ​មិនបាន​ដក​សោ​ម៉ូតូ​ទុក​ទៀត​វា​គឺជា​ការ​ធ្វេសប្រហែស​យ៉ាង​ខ្លាំង​ជាទីបំផុត ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​ទាំងពីរ​ស្ថាប័ន​កំពុង​តាម​ស្រាវជ្រាវ​លើ​បញ្ហា​នេះ៕
បំពុល​ឆ្កែ​លួច​យក​ម៉ូតូ​ និង​លុយ​រាប់​លាន ទៅ​ដោយ​សុវត្ថិភាព​