លោក បាន គី​មូ​ន បារម្ភ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​រប​ស់​រដ្ឋាភិបាល​លើ​មន្ត្រី​គណបក្សជំទាស់ និង​មន្ត្រី​សិទ្ធិមនុស្ស​នៅ​កម្ពុជា

នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦ នេះ យោងតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃ​អង្គារ កន្លងមក​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ឆ្លងឆ្លើយ​តាម​ទូរស័ព្ទ​ជាមួយ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​បញ្ហានយោបាយ​នៅ​ប្រទេស​កម្ពុជា​។​

​យោងតាម​ប្រភពព័ត៌មាន​ខាងលើនេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​ថ្លែងថា លោក​ព្រួយបារម្ភ​ចំពោះ​ការចាប់ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និង​តំណាងរាស្ត្រ​គណបក្សជំទាស់​។  ក្នុងនាម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​សង្កត់ធ្ងន់ថា លោក​សូម​អំពាវនាវ ឲ្យ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណ​ប្ស​ប្រជាជ​កម្ពុជា បន្ត​វប្បធម៌​សន្ទនា ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើតមានឡើង​ក្នុងសង្គម​កម្ពុជា​។

លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​សម្តែង​ក្តីសង្ឃឹម​របស់លោក​ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធានា​ឲ្យ​មាន​ការគោរព​យ៉ាង​ពេញលេញ នូវ​សិទ្ធិមនុស្ស​ទាំងឡាយ​រាប់ទាំង​សេរីភាព​នៃ​ការសម្តែង​មតិ សេរីភាព​ក្នុងការ​បង្កើត​សមាគម និង​សេរីភាព​ក្នុងការ​ជួបប្រជុំ​ជាដើម​។

ជុំវិញ​បញ្ហា​ខាងលើនេះ​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បាន​សម្តែង​កង្វល់ អំពី​របាយការណ៍​នៃ​ការបំភិតបំភ័យ ការយាយី និង​ការចាប់ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ បុគ្គលិក និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សមាជិក​គណបក្សជំទាស់​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។​

ទន្ទឹមនឹង​ការសម្តែង​ក្តី​ព្រួយបារម្ភ​ចំពោះ​ស្ថាន​ការ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ពី​សំណាក់​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្មីៗ​នេះ​ក៏បាន​បញ្ជាក់ដែរថា​គណ​បក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល នឹង​បន្ត​ការតស៊ូ​ដោយ​អហិង្សា និង​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ជំរុញ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពប្រក្រតី​ឡើងវិញ​៕

UN-Secretary-General-Ban-Ki-moon