អធិការ​នគរបាល​ក្រុង​កំពត ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​៤​នាក់​

អធិការ​នគរបាល​ក្រុង​កំពត ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​៤​នាក់​



កំពត ​៖ អធិការ​នគរបាល​ក្រុង​កំពត សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ត្រើយ​កោះ ​បាន​ធ្វើ​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​៤​នាក់ នៅ​ចំណុច​ផ្ទះ​សាន់ រ៉ូ​ហ្សា ស្ថិត​ក្នុង​ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្តកំពត នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦។​

​លោក​វរសេនីយ៍​ទោ ងិន វ៉ែត អធិការ​នគរបាល​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា ក្នុង​សកម្មភាព​បង្ក្រាប​ជន​ប្រើ​ប្រាស់​ថ្នាំញៀននេះ  សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ រួមមាន ទី​១-​ឈ្មោះ សាន់ រ៉ូ​ហ្សា ភេ​ទ​ប្រុស អាយុ​២៨​ឆ្នាំ​, ទី​២-​ឈ្មោះ ស៊ឹម រ៉ូយ៉ាល់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៣-​ឈ្មោះ សួន ដា​នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៤-​ឈ្មោះ យ៉ាស់ យ៉ាវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ។ ជនសង្ស័យ​ទាំង​៤​នាក់ រស់​នៅ​ក្នុង​ភូមិ-សង្កាត់​ខាងលើ។​ ចំពោះវត្ថុ​តាង​ ដែល​សមត្ថកិច្ច​រឹប​អូស​បាន​រួមមាន ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ១​កញ្ចប់​តូច​ ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ឧបករណ៍​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕